ស្បែកត្រីទីឡាប់យ៉ាត្រូវបានគេប្រើក្នុងផ្នែកវេជ្ជសាស្ត្រព្យាបាលស្បែកឆេះរលាកភ្លើងយ៉ាងមានប្រសិទ្ធភាព​



គ្រោះថ្នាក់បណ្តាលមកពីករណីរលាកឆេះភ្លើង បានឆក់យកជីវិតមនុស្សប្រមាណជាង ១៨០,០០០នាក់ជារៀងរាល់ឆ្នាំភាគច្រើននៅតាមបណ្ដាប្រទេសដែលមានចំណូលមធ្យមនិងទាប នេះបើតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក។ 

បញ្ហាទាំងអស់នេះបានក្លាយជាកង្វល់មួយសម្រាប់មនុស្សជាតិ បានជំរុញឲ្យមានការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តយកស្បែកត្រីទីឡាប់យ៉ាមកព្យាបាលស្បែកដែលរងរបួសទាំងនោះ។ ឆ្លងតាមការពិសោធន៍ ស្បែកត្រីទីឡាប់យ៉ាគ្មានភ្នាក់ងារចម្លងមីក្រូបាក់តេរីទេ តែវាមានផ្ទុកបរិមាណកូឡាជែនប្រភេទ I (type I collagen) ខ្ពស់ និងមានរចនាសម្ព័ន្ធរូបសាស្រ្តស្រដៀងនឹងរចនាសម្ព័ន្ធស្បែករបស់មនុស្ស។

ក្រុមអ្នកស្រាវជ្រាវជនជាតិប្រេស៊ីល បានធ្វើការសិក្សាពីវិធីសាស្រ្តថ្មីដោយប្រើស្បែកត្រីទីឡាប់យ៉ានេះដើម្បីព្យាបាលការរលាកធ្ងន់ធ្ងរដោយការឆេះ ក៏ដូចជាកាត់បន្ថយការឈឺចាប់ដល់ជនរងគ្រោះមានប្រសិទ្ធិភាព និងតម្លៃទាបជាងការប្រើប្រាស់ឱសថមួយចំនួនទៀត។ 

ត្រីទីឡាប់យ៉ាមានច្រើននៅក្នុងទន្លេប៉ែកខាងលិចប្រទេសប្រទេសប្រេស៊ីល ហើយក៏មានច្រើនផងដែរនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីនៅប្រទេសនេះ ដែលនេះជាលទ្ធភាពមួយសម្រួលដល់ការស្រាវជ្រាវ និងផ្គត់ផ្គង់លើសេវាព្យាបាលស្បែករបួសរលាក។ ក្រុមអ្នកស្រាវជ្រាវនៅ Federal University of Ceara ភាគខាងត្បូងប្រទេសប្រេស៊ីលបានរកឃើញថា ស្បែកត្រីទីឡាប់យ៉ាមានផ្ទុកសំណើម ជាតិកូឡាជែន និងភាពធន់នឹងជំងឺកម្រិតខ្ពស់មួយធៀបនឹងស្បែកមនុស្ស។

ការសិក្សាលើលទ្ធភាពព្យាបាលរបស់ស្បែកត្រីនេះ មិនត្រឹមតែធ្វើឡើងក្នុងប្រទេសប្រេស៊ីលតែមួយទេ នៅប្រទេសចិនក៏បានធ្វើការសិក្សាលើសត្វកណ្តុរមុនពេលសាកល្បងលើមនុស្ស។ ក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ទៀតថា ស្បែកត្រីនេះជួយពន្លឿនល្បឿននៃការជាសះស្បើយត្រឹមរយៈពេល ៣ ទៅ ៤ថ្ងៃនិងជួយកាត់បន្ថយភាពឈឺចាប់បានល្អទៀតផង។ 

យោងតាមការឲ្យដឹងពីមន្ទីរពិសោធន៍វេជ្ជសាស្រ្តថា ស្បែកត្រីដែលបានយកមកព្យាបាលទាំងនោះត្រូវបានគេសម្លាប់មេរោគយ៉ាងត្រឹមត្រូវមុនពេលវេចខ្ចប់ ដាក់ក្លាសេដើម្បីរក្សាសំណើមនិងរក្សាគុណភាពក្នុងការព្យាបាល៕

ដោយ៖ យ៉ាយ៉ា

X
5s