១១ វិធីធ្វើឲ្យចៅហ្វាយពេញចិត្តអ្នក និងជួយឲ្យក្លាយជាបុគ្គលិកពិសេសក្នុងក្រុមហ៊ុន​



មិនមានទេរូបមន្តដែលត្រឹមត្រូវ និងល្អឥតខ្ចោះគ្រប់ស្ថានភាពដែលអាចយកទៅអនុវត្តដើម្បីធ្វើឲ្យចៅហ្វាយរបស់អ្នកស្រលាញ់ចូលចិត្តអ្នក។ វិធីល្អបំផុតដែលអាចឆ្លើយតបលើរឿងនេះ គឺអាស្រ័យលើខ្លួនអ្នកថា តើអ្នកគួរធ្វើអ្វីខ្លះទៅទើបធ្វើឲ្យចៅហ្វាយទន់ចិត្តងាកមកស្រលាញ់ពេញចិត្តអ្នក និងអាចជួយឲ្យអ្នកក្លាយជាបុគ្គលិកពិសេសក្នុងក្រុមហ៊ុនបាន? ១១ វិធីខាងក្រោមនេះ នឹងអាចជួយអ្នកបាន។ 

១.ព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង
អ្នកអាចធ្វើឲ្យចៅហ្វាយនាយរបស់អ្នកចាប់អារម្មណ៍មកលើអ្នកបាន គឺនៅពេលដែលអ្នកមានសមត្ថភាពអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានដោយមិនចាំបាច់រង់ចាំជំនួញពីអ្នកផ្សេងទៀត។ អ្នកគួរធ្វើវាជាប្រចាំ ជាពិសេសពាំនាំគំនិត ឬដំណោះស្រាយល្អៗនៅពេលមានកិច្ចប្រជុំ។

២.បង្ហាញគុណតម្លៃរបស់អ្នកចំពោះក្រុមហ៊ុន
រឿងដំឡើងប្រាក់ខែ និងទាមទារនេះទាមទារនោះមិនចេះចប់ទំនងជាអ្វីដែលចៅហ្វាយរបស់អ្នកមិនចង់ដឹងនោះទេ។ ផ្ទុយមកវិញ អ្នកគួរបង្ហាញគុណសម្បត្តិរបស់អ្នកដែលអាចរួមចំណែកធ្វើឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខបាន និងផ្តល់ប្រយោជន៍ដល់ចៅហ្វាយរបស់អ្នក។

៣. កែប្រែស្ទីលទំនាក់ទំនងឲ្យដូចទៅនឹងស្ទីលទំនាក់របស់ចៅហ្វាយ
ជាថ្មីម្តងទៀត វាជាភារកិច្ចរបស់អ្នកដែលត្រូវធ្វើឲ្យចៅហ្វាយមានភាពងាយស្រួលក្នុងការបំពេញការងារ។  អ្នកគួរស្វែងយល់ឲ្យបានឆាប់ពីវិធីដែលអ្នកគ្រប់គ្រងរបស់អ្នកចូលចិត្តបំផុតដើម្បីទំនាក់ទំនង។ ចៅហ្វាយរបស់អ្នកចូលចិត្តទំនាក់ទំនងតាមអ៊ីមែល? Telegram? Facebook?  សន្ទនាទល់មុខគ្នា? សង្កេតមើលឲ្យបានទៀងទាត់ ហើយសាកល្បងយកស្ទីលទំនាក់ទំនងទាំងនេះមកអនុវត្ត។ 

៤.ស្នើសុំដំបូន្មាន
សាលា Harvard បានលើកឡើងថា ការស្នើសុំដំបូន្មានពីចៅហ្វាយរបស់អ្នកមិនធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សឆោតល្ងង់ម្នាក់ទេ។ ផ្ទុយទៅវិញ វាអាចធ្វើឲ្យអ្នកហាក់ដូចជាមានសមត្ថភាពពេញលេញដើម្បីឆ្លើយតបទៅនឹងបញ្ហាការងារដើម្បីនាំមកនូវដំណោះស្រាយល្អសម្រាប់ផ្តល់ការពេញចិត្តជូនចៅហ្វាយរបស់អ្នក។

៥.ទៅធ្វើការឲ្យបានលឿនជាងគេ
ជារឿងជាក់ស្តែងនៅក្នុងបរិបទកន្លែងធ្វើការ បុគ្គលិកដែលទៅធ្វើការបានលឿនជាងគេតែងទទួលបានចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំ។ សកម្មភាពនេះនឹងធ្វើឲ្យចៅហ្វាយរបស់អ្នក មើលមកអ្នកថា អ្នកជាមនុស្ស មានមនសិការខ្ពស់លើការងារ ហើយអាចបំពេញការងារបានយ៉ាងល្អ ព្រមទាំងអាចនាំសមិទ្ធផលល្អៗដល់ក្រុមហ៊ុនជាងបុគ្គលិកផ្សេងៗទៀតដែលមកយឺត។  

៦.ជួយសម្រួលការងារចៅហ្វាយ
ការរង់ចាំផ្តល់ជំនួញចៅហ្វាយគ្រប់ពេលដែលត្រូវការគឺជាចំណុចសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យចៅហ្វាយរបស់អ្នកស្រលាញ់អ្នក។ ការផ្តល់អាទិភាពដល់ការទំនាក់ទំនងរវាងអ្នក និងចៅហ្វាយ  ការស្វែងរកការផ្តល់យោបល់ទៅវិញទៅមក អ្នកអាចបំពេញតម្រូវការរបស់ចៅហ្វាយដូចការរំពឹងទុក ស្វែងយល់ពីចំណង់ចំណូលចិត្តចៅហ្វាយនាយ ការយល់ដឹងពីវិធីត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជាមួយចៅហ្វាយ ជាដើមសុទ្ធសឹងតែវិធីសាស្រ្តមានប្រសិទ្ធភាពជួយឲ្យចៅហ្វាយងាយស្រួលធ្វើការជាមួយអ្នក។

៧.កំណត់គោលដៅឲ្យបានហួសការរំពឹងទុក
គោលដៅដែលចៅហ្វាយកំណត់មកឲ្យអ្នក អ្នកមិនគួរសម្រេចវាឲ្យបានត្រឹមហ្នឹងនោះឡើយ។ យកល្អ អ្នកគួរពន្លាតវាឲ្យកាន់តែឆ្ងាយជាងនេះបើអាចធ្វើបាន។ ការនាំមកនូវភាពជោគជ័យលើគោលដៅហួសការរំពឹងទុករបស់អ្នកជូនចៅហ្វាយនាយ ចង់ឬមិនចង់ អ្នកនឹងទទួលបានការកោតសរសើរជាក់ជាមិនខាន។

៨.យកចិត្តទុកដាក់ និងម្មត់ចត់លើការងារ
វាមិនចម្លែកទេថ្វីត្បិតអ្នកគ្រប់គ្រងគ្រប់រូបតែងស្រលាញ់ចូលចិត្តបុគ្គលិកដែលយកចិត្តទុកដាក់ និងមានភាពម្មត់ចត់បំផុតលើការងាររបស់ពួកគេ។ នេះមានន័យថា ទោះបីជាការងារនោះតូចក្តីធំក្តី អ្នកមិនគួរមើលស្រាល ឬមើលរំលងវាឡើយ។ ពេលខ្លះភាពចន្លោះប្រហោងបន្តិចបន្តួចដែលអ្នកមិនបានយកចិត្តទុកដាក់ អាចបញ្ជាក់បានថា អ្នកគួរឈរជើងនៅបន្តទៀតឬអត់។

៩.កុំភ្លេចពាក្យ “អរគុណ”
ការសម្តែងភាពអំណរអរគុណចំពោះចៅហ្វាយនាយនូវដំបូន្មាន ឬការរិះគន់ទោះបីជាក្នុងន័យអវិជ្ជមានក៏ដោយ វាអាចធ្វើឲ្យចៅហ្វាយរបស់អ្នកមានអាមរ្មណ៍កក់ក្តៅចំពោះអ្នក។ ពាក្យនេះវាមិនពិបាកនឹងនិយាយចេញមកទេ ហើយគ្រប់ពេលដែលអ្នកប្រើវាទៅកាន់មនុស្សជុំវិញខ្លួន គឺសុទ្ធតែផ្តល់ផលវិជ្ជមានទៅកាន់អ្នកទាំងនោះ ហើយជាពិសេសគឺបង្ហាញពីសុជីវធម៌ល្អរបស់អ្នកតែម្តង ។

១០.មានពេលវិស្សមកាលត្រឹមត្រូវ
ការគិតតែពីធ្វើការគ្មានថ្ងៃឈប់សម្រាកដោយហេតុថា ចង់ទាកចិត្តចៅហ្វាយនាយមិនមែនជាគ្រឹះធ្វើឲ្យអ្នកជោគជ័យនៅកន្លែងការងារ និងក្នុងជីវិតឡើយ។ អ្នកគួរយកចិត្តទុកដាក់នឹងការងារនៅកន្លែងធ្វើការ ហើយក៏ត្រូវយកចិត្តទុកដាក់លើសុខទុក្ខខ្លួនឯងដែរ។ ការយកថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់អ្នកទៅដើរកម្សាន្តឲ្យសប្បាយចិត្ត មិនមែនមានន័យថា សុទ្ធតែធ្វើឲ្យចៅហ្វាយទម្លាប់ពិន្ទុរបស់អ្នកដែរ។ វាជាច្បាប់ការងារ ហើយចៅហ្វាយរបស់អ្នកនឹងយល់ពីចំណុចនេះ។ 

១១.បញ្ចេញយោបល់ឲ្យសកម្មជាងគេ
ទាំងនៅក្នុងចំណោមបុគ្គលិក ឬក្រុមការងាររបស់អ្នក អ្នកគួរធ្វើជាបុគ្គលិកដ៏សកម្មម្នាក់ដែលសំបូរទៅដោយគំនិតយោបល់ជាងគេ។ កុំព្យាយាមលាក់វាទុក! អ្នកគួរមានភាពក្លាហានបង្ហាញឲ្យចៅហ្វាយរបស់អ្នកបានដឹង។ គំនិតរបស់អ្នកត្រូវបានបដិសេធន៍វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺអ្នកមិនព្រមបង្ហាញវាចេញមក។ បើចង់ទទួលបានចំណាប់អារម្មណ៍ពីចៅហ្វាយនាយ អ្នកគួរតែសម្រេចរឿងនេះឲ្យបាន និងធ្វើវាឲ្យអស់ពីសមត្ថភាព៕

 ប្រភព៖ Businessinsider 

 

 

 

X
5s