មិនធម្មតា! ត្រឹម ៤ ថ្ងៃដំបូងអ្នកចូលរួមពិព័រណ៌សៀវភៅលំដាប់ពិភពលោក នៅកម្ពុជាមានជាង ៤ម៉ឺននាក់​



កម្មវិធីតាំងពិព័រណ៌សៀវភៅធំបំផុតលំដាប់ពិភពលោកដែលមិនធ្លាប់មានពីមុនមក Big Bad Wolf book sale បានទាក់ទាញអ្នកចូលរួមបានជាង ៤ ម៉ឺននាក់ត្រឹមរយៈពេល ៤ថ្ងៃដំបូង។  

តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយភ្នាក់ងារគេហទំព័រ BizKhmer អ្នកនាំពាក្យកម្មវិធីពិពណ៌សៀវភៅ Big Bad Wolf book sale Phnom Penh 2020 លោក អ៊ុក ចាន់តារ៉ា បានមានប្រសាសន៍ថា គិតមកត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ ដែលត្រូវជាថ្ងៃទី ៤ នៃកម្មវិធីពិព័រណ៍សៀវភៅលំដាប់ពិភពលោកនេះ ឃើញថាមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់។ 

លោកបានបន្តថា៖ "ក្រុមការងារយើងពិតជាមានភាពសប្បាយរីករាយមែនទែនដែលឃើញវត្តមានអ្នកចូលរួមច្រើនកុះករបែបនេះ ជាក់ស្តែងចំពោះចុងសប្តាហ៍ ២ថ្ងៃ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យមានអ្នកចូលរួមកាន់តែច្រើនដែលអ្នកខ្លះគាត់មកអង្គុយចាំមុនម៉ោងក៏មាន និយាយទៅតាំងពីយើងមិនទាន់បើកទ្វារលក់"។ អ្នកចូលរួមក្នុងកម្មវិធីពិព័រណ៌សៀវភៅនេះ គឺមានស្ទើរគ្រប់ស្រទាប់វ័យមិនថាជា សិស្ស និសិត្ស ឬអ្នកមានការងារ អ្វីដែលកាន់តែពិសេសគឺមាតាបិតា អាណាព្យាបាលជាច្រើនបាននាំកូនៗមកចូលរួម។ 

លោកអ៊ុក ចាន់តារ៉ា បានរៀបរាប់ថា៖ “ភាពទាក់ទាញដ៏អស្ចារ្យមួយលើចំណាប់អារម្មណ៍របស់កុមារដែលជាការចាប់អារម្មណ៍ខ្លាំងរបស់ក្រុមការងារ  Big Bad Wolf គឺកុមារភាពច្រើនដែលឪពុកម្តាយបានជូនគាត់មក ពួកគាត់ចាប់អារម្មណ៍ច្រើនលើសៀវភៅបែបវេទមន្ត និងបែបនិទាន”។ 

ទោះបីជាមិនទាន់អាចដឹងនិងប៉ាន់ស្មានពីទំហំនៃការលក់ និងប្រភេទសៀវភៅដែលលក់បានច្រើនជាងគេក៏ដោយ តែក្រុមការងារពិព័រណ៍សៀវភៅខ្នាតធំមួយនេះរំពឹងថានឹងទទួលបានផលវិជ្ជមានច្រើន។ លោកតារាក៏បានបន្ថែមដែរថា "មកទល់ពេលនេះយើងមិនទាន់មានទិន្នន័យជាក់ស្ដែងពីចំនួនសៀវភៅដែលបានលក់ និងប្រភេទសៀវភៅនៅឡើយទេ តែសម្រាប់កម្មវិធីមួយនេះយើងសង្ឃឹមថានិងមានអ្នកចូលរួមច្រើនតាមការរំពឹងទុក ហើយលទ្ធផលអាចនឹងទទួលបានលើសពីការរំពឹងទុករបស់យើងដោយហេតុថាសន្ទស្សន៍អ្នកចូលរួមមានច្រើន ហើយអ្នកដែលចាប់អារម្មណ៍ការអានក៏មានច្រើនដូចគ្នា"។ 

អ្នកនាំពាក្យកម្មវិធីពិពណ៌សៀវភៅ Big Bad Wolf book sale Phnom Penh 2020 លោក អ៊ុក ចាន់តារ៉ា ក៏បានអំពាវនាវដល់សាធារណៈជន សិស្ស និសិត្ស គ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមកម្មវិធីពិព័រណ៌សៀវភៅនេះឲ្យបានកាន់តែច្រើន ព្រោះនេះជាឱកាសល្អបំផុតមួយដែលសាធារណៈជនអាចទទួលបានសៀវភៅល្អៗ រួមទាំងតម្លៃពិសេសខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព៍រណ៌សៀវភៅលំដាប់ពិភពលោក Big Bad Wolf book sale Phnom Penh 2020 មួយនេះធ្លាប់ធ្វើឡើងដោយជោគជ័យរួចមកហើយនៅប្រទេសចំនួន ១០ និងទីក្រុងចំនួន ៣២ ហើយកម្ពុជាជាប្រទេសទី ១១ ហើយដែលមានឱកាសទទួលបានការរៀបចំកម្មវិធីដ៏ល្អមួយនេះ។ 

កម្មវិធីពិព៍រណ៌សៀវភៅលំដាប់ពិភពលោក Big Bad Wolf book sale Phnom Penh 2020 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩ ដល់ ២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ យប់រៀងរាល់ថ្ងៃ ចូលរួមដោយសេរី នៅផ្សាររុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយ៖ យ៉ាយ៉ា

 

X
5s