ក្រសួង​បរិស្ថាន៖ គុណភាព​ខ្យល់​មិន​ទាន់​ឈានដល់​កម្រិត​ប៉ះពាល់​សុខភាព​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​



កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០២០​នេះ គេហទំព័រ  AirVisual ដែល​ជា​គេហទំព័រ​តាម​ដាន​ព័ត៌មាន​ពី​គុណភាព​ខ្យល់​បាន​បង្ហាញ​ថា​ ទីក្រុង​ភ្នំពេញ​កំពុង​មាន​វត្តមាន​ខ្យល់​ពុល​កម្រិត​ក្រហម​ ដែល​នឹង​ជះ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ដោយ​ឡែក ដោយ​យោង​តាម​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ហូត​មក​ទល់​ពេល​នេះ​ ស្ថានភាព​គុណភាព​ខ្យល់​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ប៉ះពាល់​ដល់​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​ឡើយ​ទេ។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​បន្ត​តាម​ដាន​លើ​គុណភាព​ខ្យល់​បន្ថែម​ទៀត។ ការ​កើន​ឡើង​កំហាប់​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិន​មែន​មាន​នៅ​តែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ ប៉ុន្តែ​និន្នាការ​នៃ​កំណើន​នេះ​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​នៅ​ក្នុង​តំបន់។ ទាក់​ទង​នឹង​ការ​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​អំពី​ការវិវឌ្ឍថ្មីៗ​ជុំវិញ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ប្រទេស​កម្ពុជា ក្រសួង​បរិស្ថាន​នឹង​ផ្ដល់​ដំណឹង​ជា​បន្ថែម​ជា​បន្តបន្ទាប់។

ជា​មួយ​គ្នា​នេះ ក្រសួង​ក៏​បាន​បញ្ជាក់​ថា រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ទាក់ទង​នឹង​ស្ថានភាព​គុណភាព​ខ្យល់​របស់​ប្រទេស​កម្ពុជា​ដែល​មិន​ចេញ​ពី​ប្រភព​ក្រសួង​បរិស្ថាន​ជា​ព័ត៌មាន​មិន​ផ្លូវការ៕

ដោយ៖ ជួប ស្រីរ័ត្ន