ច្បាស់ការហើយ! ក្រសួងប្រកាសឲ្យមានការប្រុងប្រយ័ត្នករណីបំពុលខ្យល់សាធារណៈ​



កាលពីល្ងាចថ្ងៃសុក្រទី ១៧ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណជាង ៦ល្ងាច ក្រសូងបរិស្ថានបានចេញសេចក្តីប្រកាសមួយស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បន្ទាប់ពីសេខក្តីប្រកាសព័ត៌មានកាលពីព្រឹកថ្ងៃទី ១៧ មានលើកឡើងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជានៅមិនទាន់ឈានដល់កម្រិតគួរឲ្យព្រួយបារម្ភឡើយ។

យោងតាមការចេញផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន​នាល្ងាចនេះដែរ បានបង្ហាញដូចខាងក្រោមនោះថា៖

"យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ដែល ក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត  និចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ។

ប្រភព និង សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពី ចំហេះឥន្ធនៈផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យ ឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានីខេត្ត ក្រសួងបរិស្ថាន សូមណែនាំ ដល់ មន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍នូវវិធានការមួយចំនួន ដូចខាងក្រោម៖"

បើយោងតាមសេចក្តីប្រកាសពី គេហទំព័រ  AirVisual ដែលជាគេហទំព័រតាមដានព័ត៌មានពីគុណភាពខ្យល់បានបង្ហាញថា ទីក្រុងភ្នំពេញកំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដែលនឹងជះប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

អ្វីដែលជាការអំពាវនាវគឺចង់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីការការពារសុខភាព ដោយធ្វើការប្រើប្រាស់ម៉ាស ឬប្រើក្រណាត់បិទច្រមុះនិងការពារផ្លូវដង្ហើមឲ្យបានល្អចៀសវាងការប៉ះ ពាល់ធ្ងន់ធ្ងរណាមួយដល់ផ្លូវដង្ហើម៕

រូបភាពពី៖ ក្រសួងបរិស្ថាន