កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា Cambodia Propety Awards នឹងរួមចំណែកជំរុញស្តង់ដារសំណង់នៅកម្ពុជា​



នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាមានសន្ទុះរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ពិសេសនៅរាជធានីភ្នំពេញដែលគេឃើញមានសំណង់អាគារខ្ពស់ៗជាច្រើនកំពុងលេចរូបរាងឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងភាពរីកចម្រើននេះ ស្តង់ដារ គុណភាពនិងសុវត្ថិភាពសំណង់គឺជាចំណុចសំខាន់និងមិនអាចខ្វះបាននៅក្នុងវិស័យមួយនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពី ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា (Cambodia Propety Awards) ដែលរៀបចំឡើងដោយ ក្រុមហ៊ុន PropertyGuru នាព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០២០ កន្លងទៅនេះ លោក សន សៀប ស្ថាបនិករបស់ក្រុមហ៊ុន Key Real Estate បានលើកឡើងថា  Cambodia Propety Awards បានចូលរួមចំណែកក្នុងការកំណត់ស្តង់ដារគុណភាពសំណង់ និងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបានយ៉ាងច្រើន។

លោកបន្តថា គុណសម្បត្តិនៃកម្មវិធីនេះចំពោះវិស័យអចលនទ្រព្យកម្ពុជាគឺ មិនឲ្យអ្នកវិនិយោគគិតទៅលើតម្លៃនិងប្រាក់ចំណេញតែមួយមុខនោះទេ ប៉ុន្តែត្រូវគិតទាំងគុណភាព និងការរចនាផ្សេងៗនៃសំណង់។ ការរចនាម៉ូតរបស់សំណង់ ត្រូវគិតទៅលើបរិយាកាស បរិស្ថាន និងធម្មជាតិនៅក្នុងតំបន់កំពុងអភិវឌ្ឍ និងត្រូវទៅតាមគំនិតរបស់ពលរដ្ឋឲ្យសមស្របសម្រាប់ការរស់នៅរបស់ពួកគាត់។ ចំពោះគុណភាពសំណង់ ត្រូវគិតលើការប្រើប្រាស់ដីឲ្យមានប្រសិទ្ធភាពត្រូវទៅតាមគោលការណ៍ និងបទដ្ឋានរៀបចំអភិវឌ្ឍរបស់តំបន់ និងអន្តរជាតិ ពិសេសគឺសំណង់រឹងមាំ និងមានយូរអង្វែង។

ថ្លែងក្នុងឱកាសនេះផងដែរ លោក Jules Kay នាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru និងជាអ្នករៀបចំកម្មវិធី ពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ី បានលើកឡើងថា កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយវិស័យអចលនទ្រព្យរបស់កម្ពុជាកំពុងតែបង្ហាញពីភាពវិជ្ជមាន។ កាលពីឆ្នាំ២០១៩ យើងបានរកឃើញពានរង្វាន់ចំនួន៦៦ ហើយក្នុងឆ្នាំនេះយើងសង្ឃឹមថាពានរង្វាន់នឹងកាន់តែកើនឡើងបន្ថែមទៀត ដើម្បីជួយជំរុញឲ្យស្តង់ដារគុណភាពអចលនទ្រព្យ និងសំណង់នៅកម្ពុជាកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ី (Property Guru's Asia Property Awards) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ហើយកម្មវិធីពានរង្វាន់អចលនទ្រព្យនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីដែលរៀបចំឡើងដោយក្រុមហ៊ុន PropertyGuru។ នៅក្នុងឆ្នាំ២០២០នេះ ពានរង្វាន់និងត្រូវបើកទៅកាន់ទីផ្សារចំនួន១៥នៅទូទាំងតំបន់អាស៊ី។  កម្មវិធីពានរង្វាន់នេះគឺធ្វើឡើងដើម្បីស្វែងរកអចលនទ្រព្យល្អបំផុតនៅកម្ពុជាលើប្រភេទខុសៗគ្នាដែលបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានកំណត់៕

 

 

 

X
5s