ដើមទុនតិច ទាល់គំនិតរកស៊ីគួរអនុវត្តវិធីទាំង ៤ នេះពិតជាទទួលបានប្រសិទ្ធិភាព​



សម័យនេះបើគ្មានលុយតើយើងអាចធ្វើអ្វីបាន? នេះជាការពិត ជាគំនិតរបស់មនុស្សគ្រប់គ្នានាសម័យបច្ចុប្បន្ន ចុះទម្រាំចង់បង្កើតអាជីវកម្មមួយសួរថាអ្នកត្រូវចំណាយលុយអស់ប៉ុន្មានទើបអាចដំណើរការអាជីវកម្មមួយបាន? សួរបន្ថែមទៀតថាបើគ្មានលុយ ឬមានមិនគ្រប់គ្រាន់តែចង់បើកអាជីវកម្មតើអាចទៅរួចដោយវិធីណា?

ខាងក្រោមនេះអាចជាគន្លឹះបន្តិចបន្តួចជួយអ្នកដែលចង់បើកអាជីវកម្មមួយតែគ្មានលុយ ឬមានដើមទុនតិចតួចមានមិនគ្រប់៖

១) រកឲ្យឃើញថាអ្វីជាឱកាសដ៏ពិតប្រាកដរបស់អ្នក 
អ្នកពិតជាធ្លាប់ឮហើយពាក្យថា “ចង់រកស៊ីសំខាន់លើគំនិត ឲ្យតែមានគំនិតលុយរកតាមក្រោយ”។ នៅពេលដែលអ្នកមានគំនិត ស្របជាមួយឱកាសអំណោយផលបានមកស្របពេលជាមួយគ្នាវាជារឿងមួយល្អបំផុតសម្រាប់អ្នកវិនិយោគ តែបើឱកាសមិនអំណោយផល សហគ្រិនត្រូវចេះបង្កើតវាដោយខ្លួនឯងដើម្បីភាពជោគជ័យ។

២) ត្រូវដឹងឲ្យច្បាស់ថានរណាជាអតិថិជន
មិនថាដើមទុនតិច ឬច្រើន ការប្រកបរបរអាជីវកម្មសំខាន់បំផុតគឺស្គាល់អតិថិជនជាមុន ត្រូវដឹងថានរណាខ្លះដែលមានតម្រូវការលើផលិតផល ឬសេវាកម្មរបស់យើង។ បើយើងមិនទានមានផលិតផល ឬសេវាកម្មនៅក្នុងដៃ តែយើងបានដឹងថាមនុស្សនៅជុំវិញខ្លួនយើងកំពុងមានតម្រូវការអ្វី នោះវាជាការចាប់ឱកាសមួយល្អបំផុតសម្រាប់ដំណើរការអាជីវកម្ម។ 

៣) ត្រូវធ្វើឲ្យអតិថិជនដឹងថាយើងមានអ្វីលក់ឲ្យគាត់
បន្ទាប់ពីសិក្សាតម្រូវការអតិថិជនបានហើយ ជំហានបន្ទាប់គឺធ្វើយ៉ាងណាឲ្យអតិថិជនដឹងថា ក្នុងដៃយើងមានផលិតផលឬសេវាកម្មអ្វីចង់បង្ហាញដល់ពួកគេ ចង់ឲ្យពួកគេសាកល្បងប្រើប្រាស់។ វាមិនមែនជារឿងលំបាកទេព្រោះយើងបានវាស់ស្ទង់ពីតម្រូវការរបស់គាត់រួចហើយ តែវាក៏មិនមែនជារឿងងាយស្រួលឬលេងសើចដែរ ព្រោះមិនមែនវាស់ការព្យាករណ៍របស់យើងសុទ្ធតែត្រឹមត្រូវនោះ។ អ្វីដែលសំខាន់យើងអាចធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍កម្រិតណាលើផលិតផល ឬសេវកម្មរបស់យើង។ ក្នុងករណីដែលអតិថិជនទទួលស្គាល់ និងយល់ព្រមប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើងទើបអាជីវកម្មនេះអាចដំណើរការបាន។ 

៤) ប្រើបណ្តាញសង្គមនានាដែលងាយផ្តល់ព័ត៌មានដល់អតិថិជន
រស់ក្នុងសម័យបច្ចេកវិទ្យាត្រូវចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា Facebook, Twitter, Line, YouTube ឬបណ្តាញសង្គមនានាទៀត សុទ្ធតែជាបណ្ដាញសង្គមដែលសហគ្រិនអាចប្រើប្រាស់ដើម្បីជម្រុញដំណើរការអាជីវកម្មរបស់អ្នកបាន។ ប្រើបណ្ដញសង្គមទាំងនេះក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងផ្តល់ភាពងាយស្រួលបំផុតដែលអាចឲ្យអតិថិជនបានស្គាល់ពីអ្វីដែលយើងកំពុងមាន ហើយបញ្ជាក់ពីលេខទូរស័ព្ទ ទីតាំងដែលគាត់អាចរកយើងបាន ធ្វើយ៉ាងណាឲ្យគាត់បានមកដល់យើង ជួបយើងជួបផលិតផលរបស់យើង។

ប្រើវិធីនេះជួយយើងបានច្រើនណាស់ព្រោះយើងមិនត្រូវការប្រាក់ដើម្បីចំណាយលើការទិញទំនិញមកស្តុក ហើយត្រូវខាតបង់ដោយសារលក់ទំនិញមិនដាច់។ មិនត្រូវការចំណាយលើទីតាំងជាមុនដើម្បីស្តុកទំនិញ តែយើងអាចឲ្យអតិថិជនធ្វើការបញ្ជាទិញជាមុនហើយរងចាំមួយថ្ងៃឬពីរថ្ងៃ ឬមួយសប្តាហ៍ដើម្បីទទួលទំនិញ។ វិធីសាស្ត្រមួយនេះទោះបីអ្នកត្រូវចំណាយក៏ចំណាយតិចដែរ ដូចជាការដឹកជញ្ជូន ការបង្កើតវេបសាយ គណនីបណ្តាញសង្គមនានាក៏មិនត្រូវចំណាយ។ ដូច្នេះអ្នកដែលចង់បង្កើតអាជីវកម្មហើយចំណាយតិចនៅពេលដំបូង អាចសាកល្បងវិធីសាស្ត្រមួយនេះ។ តែទោះជាយ៉ាងណាបបើវាមិនអាចដំណើរការទៅបានជោគជ័យក៏អ្នកមិនខាតបង់ច្រើនដែរ។

ដោយឡែក ការប្រើប្រាស់ Facebook Page សម្រាប់អាជីវកម្មសម័យនេះពិតជាសំខាន់ខ្លាំងណាស់ព្រោះអ្នកលក់ទំនិញតាមបណ្តាញសង្គមភាគច្រើន អាចចាប់ផ្តើមអាជីវកម្មពី ដើមទុនត្រឹម ១០០ ទៅ ២០០ដុល្លារ អាចមានអ្នកខ្លះតិចជាងនេះក៏ថាបាន តែអ្វីដែលសំខាន់ម្ចាស់អាជីវកម្ម ឬម្ចាស់ផេកនោះមានសិល្បៈខ្លាំងក្នុងការលក់ និងទាក់ទាញអតិថិជន។ 

ដោយ៖ យ៉ាយ៉ា

 

X
5s