គម្រោង CUS Land House បានបើកលក់ជាផ្លូវការក្នុងថ្ងៃ​នៃក្តីស្រលាញ់ ១៤ កុម្ភៈ​



CUS Land ដែលជាបុត្រសម្ព័ន្ធរបស់ CUS Group បានធ្វើការប្រកាសបើកលក់គម្រោងថ្មីផ្ទះល្វែង និងដីឡូតិ៍របស់ខ្លួននៅក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ២០២០ នៅក្រុមហ៊ុន ស៊ី យូ អេសគ្រុប (ខេមបូឌា)។

កម្មវិធីមួយនេះមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ស ឃុនដារ៉ា អគ្គនាយិកា ក្រុមហ៊ុន ស៊ី យូ អេស គ្រុប ឯកឧត្តមបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សកលវិទ្យាល័យឯកទេសនៃ កម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បុគ្គលិក សាស្រ្តាចារ្យជាច្រើនរូបទៀត។

ថ្លែងក្នុងកម្មវិធីដ៏មានអត្ថន័យនេះ កញ្ញា សុខុម តារារចនា តំណាងលោកជំទាវ ស ឃុនដារ៉ា បានមានប្រសាសន៍ថា គម្រោងមួយនេះមានគោលបំណងសំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមានផ្ទះស្នាក់នៅផ្ទាល់ខ្លួនក្នុងតម្លៃសមល្មម មិនថាប្រជាពលរដ្ឋធម្មតា មន្រ្តីរាជការ គូស្រករថ្មីថ្មោង មានលទ្ធភាពទិញឬធ្វើការបង់រំលស់ ក្លាយជាម្ចាស់កម្មសិទ្ធិដោយមិនចាំបាច់ជួលផ្ទះ។ តាមរយៈគម្រោងមួយនេះដែរ អតិថិជននឹងទទួលបានការស្នាក់នៅផ្ទះប្រកបដោយផាសុកភាព សុវត្ថិភាព ព្រមទាំងទទួលបានចំណេញទៀតផង។ 

មកទល់ពេលនេះក្រុមហ៊ុន CUS Land បានសម្រេចបានការដាក់លក់ជូនប្រជាពលរដ្ឋនូវគម្រោងចំនួនពីរនៅបីទីតាំង គឺគម្រោងផ្ទះល្វែងចំនួន ៣០០ល្វែង និងគម្រោងដីពុះឡូតិ៍ចំនួន ២០០ ឡូតិ៍បន្ថែមទៀតនៅថ្ងៃនៃក្តីស្រលាញ់នេះតែម្តង។

សុទ្ធតែជាគម្រោងដែលស្ថិតនៅក្នុងតំបន់មានសក្តានុពល មានប្រព័ន្ធទឹក ភ្លើងលូបង្ហូរទឹក ផ្លូវបេតុងខ្វាត់ខ្វែង និងជាទីប្រជុំជនងាយស្រួលក្នុងការរស់នៅ។ តំបន់ទាំងបីនៃគម្រោងនេះមានដូចជា៖

តំបន់ទី១៖ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រមាណ ១,៥០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងគម្រោងនេះគឺកំពុងដំណើរការសាងសង់ផ្ទះល្វែង ហើយផ្ទះនីមួយៗសម្រេចបាន ៧០% ហើយមានតម្លៃចាប់ពី ៦ម៉ឺមដុល្លារទៅដល់ ១៥ម៉ឺនដុល្លារ។ ក្នុងគម្រោងនេះក៏នៅមានគម្រោងសង់សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជា្រវសួនឧស្សាហកម្ម សួនអាពាហ៍ពិពាហ៍ កន្លែងហាត់ប្រាណជាដើម។

តំបន់ទី២៖ ជិតសារៈមន្ទីរជើងឯក ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញក្បែរគម្រោងផ្សារអ៊ីអន ៣ ផ្ទះល្វែងក្នុងគម្រោងនេះមានតម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅនិងមានការសាងសង់ស្ទើរជាស្ថាពរហើយ។ 

តំបន់ទី៣៖ នៅក្បែរមហាវិថីឈ្នះឈ្នះ ទំបន់កប់ស្រូវ ជាខ្សែក្រវ៉ាត់ក្រុងទី ៣ ក្នុងភូមិថ្ម សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តម្លៃផ្ទះល្វែងនៃគម្រោងមួយនេះគឺចាប់ពី ១៦,០០០ដុល្លារឡើងទៅនិងដីពុះជាឡុតិ៍មានតម្លៃចាប់ពី ៨,០០០ដុល្លារឡើងទៅ។ 

កម្មវិធីនៃការប្រកាសបើកលក់គម្រោងផ្ទះល្វែង និងគម្រោងដីឡូតិ៍ចំថ្ងៃនៃក្តីស្រលាញ់នេះ ក្រុមហ៊ុនសង្ឃឹមថាតាមរយៈគម្រោងមួយនេះនឹងនាំមកនូវស្នាមញញឹមជូនដល់អតិថិជនទាំងអស់គ្នា។ កញ្ញាតារារចនា ក៏បានជម្រាបបន្ថែមថា អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើបីក្រុមហ៊ុនដូចជា មានបំបែកប្លង់ក្បាលដីរួចជាស្រេច ធានាជូនគុណភាពសំណង់រយៈពេល ៣ឆ្នាំ រួមទាំងសេវាកម្មទិញលក់វិញ ក្នុងករណីអតិថិជនចង់លក់មកឲ្យក្រុមហ៊ុន គឺផ្តល់អត្រាចំណេញ ១៥% នៃ ប្រាក់ដែលអតិថិជនបានបង់ជូនក្រុមហ៊ុនរយៈពេល ១ឆ្នាំ ហើយអាចឲ្យអតិថិជនទិញដោយបង់ផ្តាច់ ឬទិញបង់រំលស់នៅក្នុងលក្ខខណ្ឌងាយស្រួលជាមួយធនាគារដៃគូ ព្រមទាំងគ្មានាការប្រាក់រយៈពេល ១៥ខែ។ 

អតិថិជន ៥០នាក់ដំបូងដែលបានកក់ចាប់ពី ៥០០ដុល្លារឡើងទៅ នឹងមានឱកាសទទួលបានឆ្នោតផ្សងសំណាង ដែលអាចមានឱកាសខ្ពស់ក្នុងការឈ្នះរង្វាន់រថយន្តម៉ាស្តា ២០២០ មួយរង្វាន់ ដីឡូតិ៍នៅភូមិថ្ម សង្កាត់ឪឡោក ចំនួន ២រង្វាន់ ម៉ូតូហុងដា C125 បីរង្វាន់ រង្វាន់សាឡុង ទូរទស្សន៍ ipad mini ទូរទឹកកក រួមជាមួយរង្វាន់លើកទឹកចិត្តជាច្រើនរង្វាន់ទៀត ហើយកម្មវិធីចាប់រង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន ស៊ី យូ អេសគ្រុបមានជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត បង្កើតឡើងក្នុងឆ្នាំ ២០០២ ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣ គឺ៖ 

ទី១៖ CUS University ជាបុត្រសម្ព័ន្ធច្បង ទទួលបន្ទុកលើការអប់រំធនធានមនុស្សកម្រិតឧត្តម

ទី២៖ CUS Construction ប្រតិបត្តិការផ្គត់ផ្គង់សម្ភារៈសំណង់ទូទៅលើទីផ្សារ

ទី៣៖ CUS Land ជាបុត្រសម្ព័ន្ធដែលធ្វើការវិនិយោគលើអចលនទ្រព្យ ពិសេសលើដីធ្លី និងផ្ទះល្វែង៕

ដោយ៖ យ៉ាយ៉ា

 

X
5s