មេរៀនដ៏ចាំបាច់ចំនួន ៦ ដែលសហគ្រិនគួរសិក្សាស្វែងយល់នៅពេលធ្វើជំនួញ​



មនុស្សជាច្រើនសុបិនចង់រកស៊ីដោយខ្លួនឯង ប៉ុន្តែនរណាក៏ដឹងដែរថា ការបើកអាជីវកម្មគឺជាកិច្ចការដ៏លំបាកបំផុតមួយជាពិសេសនៅពេលអ្នកចាប់ផ្តើម។ ទោះបីអ្នកជាសហគ្រិនមានបទពិសោធន៍រាប់ឆ្នាំ និងមើលទៅដើរទៅយ៉ាងរលូននៅដំបូងដៃក៏ដោយ  អ្នកនៅតែមិនអាចព្យាករណ៍បានដឹងជាមុន ១០០% ដែរថា ជំនួញរបស់អ្នកនឹងស្ថិតស្ថេរបានយូរអង្វែង។ ហេតុដូច្នេះហើយវាជាការសំខាន់ខ្លាំងណាស់ដែលអ្នកគួរសិក្សារៀនសូត្រពីមេរៀនចំនួន ៦ នេះនៅពេលអ្នកឈានជើងប្រឡូកក្នុងអាជីវកម្ម។ 

  1. សហគ្រិនភាពគឺជាការវិនិយោគរយៈពេលវែង
    វាមិនមែនជារឿងអាថ៌កំបាំងទេសម្រាប់មនុស្សភាគច្រើនដែលថា ការចាប់ផ្តើមអាជីវកម្មដោយគ្មានដើមទុនគឺវាលំបាកខ្លាំង។ ដូច្នេះហើយបានជាសហគ្រិនភាគច្រើនត្រៀមខ្លួនរួចរាល់ជាមុនដើម្បីផ្តល់ទុនដល់អាជីវកម្មរបស់ខ្លួនមុនពេលចាប់ផ្តើមចេញរកស៊ី។ តាមពិតទៅម្ចាស់អាជីវកម្មថ្មីថ្មោង ៨០% មានទុនដោយខ្លួនឯងដែលនេះមានន័យថា អ្នកជំនួញទាំងនោះបានត្រៀមខ្លួនរួចរាល់ដើម្បីពិនិត្យពិច្ច័យលើការចំណាយរបស់ពួកគេ។ លើសពីនេះទៅទៀត ភាពជាសហគ្រិនអាចតម្រូវឲ្យមានការចំណាយបន្ថែមទៀតហួសពីការរំពឹងទុក នេះហើយដែលជាមូលហេតុចម្បងមួយធ្វើឲ្យអាជីវកម្មខ្នាតតូច ៦០% បាត់ខ្លួនទៅវិញ ឬលុយបន្តហូរចេញឥតដាច់។

    វាជាការយល់ខុសទូទៅមួយដែលអ្នកត្រូវការប្រាក់ដើម្បីទិញសម្ភារៈមកផ្គត់ផ្គង់ធ្វើអាជីវកម្ម និងចាប់ផ្តើមផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក។ ភាពជាសហគ្រិន គឺជាការវិនិយោគរយៈពេលវែង ហើយអ្នកត្រូវដឹងពីរបៀបផ្តល់ទុនដល់ការចាប់ផ្តើមជំនួញរបស់អ្នក។
  2. យកចិត្តទុកដាក់លើហិរញ្ញវត្ថុរបស់អ្នក
    តើអ្នកដឹងទេថា ការបរាជ័យក្នុងអាជីវកម្មភាគច្រើនកើតចេញពីបញ្ហាលំហូរសាច់ប្រាក់(Cash Flow)? នេះជារឿងពិតដ៏គួរឲ្យតក់ស្លុតមួយ។ មិនថាអ្នកមានបទពិសោធន៍ជាសហគ្រិនខ្លាំងប៉ុណ្ណានោះទេ អ្នកអាចនៅតែគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកមិនបានល្អ។ អ្វីដែលអាក្រក់បំផុតសម្រាប់សហគ្រិន គឺលុយបានហូរចេញទៅក្រៅនៅពេលអ្នកចាប់ផ្តើមទាក់ទាញអតិថិជនចូលមក។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានប្រសើរជាងមុន។

    ទោះបីជាសហគ្រិនមានសមត្ថភាពក៏ដោយ ក៏វាអាចនៅតែពិបាកក្នុងការបង្កើតផែនការហិរញ្ញវត្ថុរឹងមាំមួយដោយខ្លួនឯង ម្ល៉ោះហើយវាជារឿងឆ្លាតវៃក្នុងការទទួលបានជំនួយអ្នកជំនាញដើម្បីគណនាកំរិតវិភាគទានដំបូងឲ្យអ្នក។ ការយកចិត្តទុកដាក់លើហិរញ្ញវត្ថុរបស់អ្នកគឺជាកូនសោរឆ្ពោះទៅរកភាពជោគជ័យក្នុងនាមជាអ្នកជំនួញ ហើយអ្នកអាចពិគ្រោះជាមួយអ្នកជំនាញដើម្បីធានាថា អ្នកកំពុងដើរនៅក្នុងទិសដៅដ៏ត្រឹមត្រូវ។
  3. ភាពជាដៃគូជំនួញគឺជារឿងល្អប្រសើរបំផុតមួយសម្រាប់អាជីវកម្ម
    ប្រសិនបើអ្នកមិនមានក្រុមការងារសំខាន់មួយក្នុងការធ្វើជំនួញ សូមគិតមួយភ្លែត។ ប្រហែលជាដល់ពេលដែលអ្នកត្រូវសហការជាមួយដៃគូដែលអាចទុកចិត្តបានដើម្បីធ្វើឲ្យជំនួញរបស់អ្នករីកចម្រើនលឿនជាងមុន។ វិធីនេះវាបានបង្ហាញថា ការសហការចូលគ្នារកស៊ីអាចជួយឲ្យអ្នកប្រមូលដើមទុនបានកាន់តែច្រើនយ៉ាងហោចណាស់ក៏ ៣០% ដែរដើម្បីធ្វើឲ្យជំនួញរបស់អ្នកកាន់តែលូតលាស់។

    នៅពេលអ្នកបានសហការជាមួយដៃគូជំនួញ អ្នកមិនត្រឹមតែអាចចែករំលែកនូវហានិភ័យ ឬបន្ទុកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងទទួលបានការគាំទ្រ និងស្វែងរកអ្នកណែនាំដើម្បីហែលឆ្លងកាត់គ្រាលំបាកៗនានានៅក្នុងមុខជំនួញ។ និយាយរួម  កិច្ចសហការចាប់ដៃគ្នាក្នុងការធ្វើជំនួញគឺភាពចាំបាច់ដើម្បីទទួលបានជោគជ័យនៅលើវិថីសហគ្រិនភាព។
  4. ផ្តោតលើក្រុមការងារតូចមួយដែលមានសក្តានុពលខ្លាំង
    នេះគឺជាដំណោះស្រាយ៖ អ្នកមិនចាំបាច់ត្រូវការក្រុមការងារដ៏ធំមួយដែលមានបុគ្គលិកច្រើនលើសលប់ ដើម្បីទទួលបានជោគជ័យក្នុងជំនួញទេ។ តាមពិត ៩៣% នៃសហគ្រាសធុនតូច និងមធ្យមមាននិយោជិកតិចជាង៩ នាក់នៅសហភាពអឺរ៉ុប។

    នៅពេលអ្នកត្រូវបានគេបង្ខំឲ្យចំណាយពេលវេលា និងប្រាក់កាស ការជួលបុគ្គលិកគឺមានសារៈសំខាន់ជាពិសេសសម្រាប់អាជីវកម្មរបស់អ្នក។ ទោះបីភាពជោគជ័យក្រុមហ៊ុនរបស់អ្នកពឹងផ្អែកលើភាពជាអ្នកដឹកនាំរបស់អ្នកក៏ដោយ ក៏វាសំខាន់ណាស់ដែរក្នុងការរកមើលបុគ្គលិកណាមួយដែលមានទេព្យកោសល្យ និងសមត្ថភាពខ្លាំងពូកែ ។ ក្រៅពីការយកចិត្តទុកដាក់លើ ការពណ៌នាអំពីការងារ (Job Description) និង ទំនួលខុសត្រូវការងារ (Job Responsibility) អ្នកត្រូវស្វែងរកបុគ្គលិកពិសេសដែលអាចជួយជំនួសដៃអ្នកបានលើកិច្ចការជាច្រើនរបស់ក្រុមហ៊ុន។
  5. ស្វែងរកតុល្យភាពជីវិត និងការងារ
    ការចាប់ផ្តើមធ្វើអាជីវកម្មមួយ គឺត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើនណាស់។ អ្នកត្រូវដឹងថា ម្ចាស់អាជីវកម្មខ្នាតតូចដល់ទៅចំនួន ៩៧% នៅអង្គុយធ្វើការនៅចុងសប្តាហ៍។ នៅពេលដំបូងវាប្រហែលជាល្អ អ្វីៗចាប់ផ្តើមទៅយ៉ាងរលូន។ ទោះជាយ៉ាងណាក៏ដោយ ជីវិតផ្ទាល់ខ្លួនរបស់អ្នកមិនយូរមិនឆាប់ នឹងប្រែក្លាយទៅជាសោះកក្រោះ។ ហេតុដូច្នេះហើយការលើកទឹកចិត្ត គឺវាពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាតុល្យភាពជីវិត និងការងាររបស់អ្នក។

    ជីវិត និងការងាររបស់អ្នកមានតុល្យភាពលុះត្រាតែអ្នករៀបចំពេលវេលា និងបែងចែកការងារជំនួញឲ្យបានត្រឹមត្រូវដូចជា ត្រូវមានថ្ងៃឈប់សម្រាក ចេះផ្ទេរភារកិច្ចការងារទៅឲ្យបុគ្គលិក ព្រមទាំងរៀនពីគន្លឹះគ្រប់គ្រងពេលវេលាជាដើម។ ចំណុចសំខាន់គឺថា អ្នកគួរតែយល់ពីរបៀបធ្វើការឲ្យកាន់តែឆ្លាតជាងមុនទើបអ្នកមានវេលាសម្រាកគ្រប់គ្រាន់សម្រាប់យកទៅធ្វើរឿងផ្សេងទៀតនៅក្នុងជីវិតរបស់អ្នក។
  6. កំហុស និងការបរាជ័យគឺជារឿងល្អសម្រាប់ជោគជ័យក្នុងអាជីវកម្ម
    មិនថាអ្នកព្យាយាមខ្លាំងយ៉ាងណានោះទេ អ្នកអាចនឹងបង្កើតកំហុសម្តងម្កាល។ នៅពេលអ្នកប្រឈមមុខនឹងបញ្ហា សូមកុំប្រញាប់បោះបង់វាពេក។ អ្នកអាចរៀនពីកំហុសរបស់អ្នកដើម្បីទទួលបានជោគជ័យនាពេលអនាគតត្បិតអីស្ថាបនិកថ្មីថ្មោងដែលបានបរាជ័យក្នុងអាជីវកម្មជាមុន មានឱកាសជោគជ័យ ២០% នៅពេលក្រោយមក។

    ជឿ ឬមិនជឿ អ្នកអាចក្រឡេកមើលខ្សែជីវិតក្នុងជំនួញរបស់មហាសេដ្ឋី Jeff Bezos និងមហាសេដ្ឋី Reid Hoffman ជាដើម គឺពួកគេសុទ្ធតែបានបរាជ័យជាមុនរួចស្រេចទៅហើយមុនពេលទទួលបានជោគជ័យ។ ទោះបីជាគ្មានអ្នកជំនួញណាម្នាក់ចង់បរាជ័យក្នុងមុខជំនួញក៏ដោយ ក៏វានៅតែអាចកើតឡើងពេលណាមួយហើយអ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺរៀនសូត្រពីវា៕

ប្រភព៖ magazine.startus

 

X
5s