ដំបូន្មានមហាសេដ្ឋី Mark Cuban ផ្ញើជូនម្ចាស់អាជីវកម្មខ្នាតតូចនៅក្នុងគ្រាដែលជំងឺ Covid-19 វាយលុក​



នៅអាមេរិកគេមើលឃើញថា អាជីវកម្មជាច្រើនជាពិសេសអជីវកម្មខ្នាតតូចកំពុងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនដោយសារតែផលប៉ះពាល់នៃការរីករាយដាលជំងឺ Covid-19។ វាជាស្ថានភាពមួយដែលធ្វើឲ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទត្រូវធ្វើការសម្រេចចិត្តយ៉ាងលំបាកបំផុតហួសពីការស្មានបន្ទាប់ពីជំងឺនេះចាប់ផ្តើមវាយលុយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

 ដើម្បីជាការផ្តល់ដំបូន្មានដល់ម្ចាស់អាជីវកម្មទាំងនោះដែលកំពុងរងទុក្ខនៅក្នុងកាលៈទេសៈមិនអំណោយផលនេះ មហាសេដ្ឋី Mark Cuban បានធ្វើការអំពាវនាវយ៉ាងចំហនៅលើបណ្តាញសង្គម LinkedIn របស់លោកដូចខាងក្រោម៖

១.ត្រូវមានភាពស្មោះត្រង់ចំពោះបុគ្គលិក ហើយស្នើសុំគំនិតពួកគេ
អ្វីៗវាមិនទាន់ច្បាស់នៅឡើយទេ។ បុគ្គលិករបស់អ្នកកំពុងមានការព្រួយបារម្ភអំពីជីវភាព និងសុខភាពរបស់ពួកគេ។ វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដើម្បីទំនាក់ទំនងពួកគេដោយបើកចំហ។ 

“សូមស្មោះត្រង់នឹងបុគ្គលិករបស់អ្នក។  ត្រូវឲ្យពួកគេដឹងនូវអ្វីដែលអ្នកបានដឹង។ អ្នកត្រូវឈរអមឲ្យកៀកនឹងពួកគេ  ហើយសួរអ្វីដែលពួកគេចង់ស្នើសុំ។ នោះហើយគឺជាគំនិតដ៏ល្អបំផុតរបស់អ្នក”។ លោក Mark Cuban បញ្ជាក់ ដោយជំរុញឲ្យម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុនថ្មីថ្មោងទាំងអស់ត្រូវបង្ហាញវត្តមានជាមួយបុគ្គលិក ហើយធ្វើការជាមួយពួកគេ។

មហាសេដ្ឋីវ័យ ៦១ឆ្នាំរូបនេះបានបន្តថា៖ “ នេះជាពេលវេលាដែលអ្នកត្រូវការធ្វើជាអ្នកដឹកនាំ និងជាអ្នកទំនាក់ទំនងដ៏សកម្មម្នាក់។ ប្រាប់បុគ្គលិកទាំងអស់ឲ្យធ្វើការរួមគ្នា និងលើកជាគំនិតយោបល់ចេញមក។ វាប្រហែលជាមានបុគ្គលិកណាម្នាក់មានគំនិតល្អដែលអាចធ្វើឲ្យស្ថានការណ៍នេះប្រែប្រួលបាន”។ 

២.ដឹកនាំបុគ្គលិកធ្វើការដោយក្តីអនុគ្រោះ
ដំណោះស្រាយដ៏អស្ចារ្យមួយប្រហែលជាអាចលេចរូបរាងឡើងត្រឹមពេញមួយយប់។ នៅក្នុងស្ថានភាពនេះ ការរកប្រាក់ចំណូលរបស់អ្នកនឹងត្រូវរងផលប៉ះពាល់ ខណៈដែលបុគ្គលិកមួយចំនួនចង់ធ្វើការពីផ្ទះ។ 

“ទោះបីជាបញ្ហានេះអាចធ្វើឲ្យអន្តរាយដល់ប្រាក់ចំណូលរបស់អ្នកក៏ដោយ ចូរព្យាយាមប្រើវិធីដោយក្តីអនុគ្រោះមកធ្វើជាដំណោះស្រាយ។ អ្វីដែលសំខាន់អ្នកត្រូវឲ្យបុគ្គលិករបស់អ្នកទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកជាប្រចាំ និងព្យាយាមរក្សាទំនាក់ទំនងទាំងនោះឲ្យនៅដដែលទោះបីជាពួកគេមិនមានបំណងចង់ទិញផលិតផល ឬសេវាកម្មរបស់អ្នកដូចមុនក៏ដោយ”។ លោក Mark Cuban បញ្ជាក់បន្ថែម។ 

អត្ថបទដែលទាក់ទង៖ មហាសេដ្ឋី Mark Cuban ថា នេះគឺជាកំហុសដ៏ធំបំផុតមួយរបស់សហគ្រិន​

៣.សហការជាមួយគូប្រជែងរបស់អ្នក
ប្រសិនបើមុខជំនួញរបស់អ្នកត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារមេរោគឆ្លង Covid-19 នេះ នោះវាមិនមែនជាពេលវេលាដែលអ្នក និងគូប្រជែងរបស់អ្នកត្រូវប៉ែងជើងផ្តួលគ្នានោះទេ។ វាជាពេលវេលាដែលអ្នកត្រូវធ្វើការរួមគ្នាជាមួយគូប្រជែង និងរិះរកគំនិតផ្សេងៗពីព្រោះថា នៅក្នុងកាលៈទេសៈនេះ អ្នកទាំងពីរអាចមានគំនិតច្នៃប្រឌិតល្អមួយក៏ថាបាន។

លោក Mark Cuban សង្កត់ធ្ងន់ថា៖ “ម្ចាស់អាជីវកម្មដែលមានទម្លាប់បើកចិត្តមិនទូលាយនៅពេលកន្លងមក យកល្អគួរតែស្វែងរកជំម្រើសល្អៗ និងចេះសហការជាមួយគូប្រជែងនៅក្នុងកាលៈទេសៈដ៏យ៉ាប់យ៉ឺននេះ”។ 

៤. ប្រាប់អតិថិជនពីរបៀបដែលពួកគេអាចចំណាយប្រាក់ជាមួយក្រុមហ៊ុនរបស់អ្នក
អ្នកប្រហែលជាអាចសម្របខ្លួនជាមួយបរិយាកាសអាជីវកម្មនៅក្នុងស្ថានភាពនេះ ហើយនៅតែអាចរកប្រាក់ចំណូលបាន។ អ្នកអាចប្រាប់ពួកគេថា តើពួកគេអាចទទួលបានសេវា ឬផលិតផលដោយររៀបណា? អ្នកអាចប្តូរពីការលក់ផ្ទាល់ ទៅជាការលក់តាមអនឡាញ ឬផ្តល់សេវាកម្មចែកចាយទៅដល់ដៃពួកគេតែម្តង។ យ៉ាងណាក៏ដោយ អ្នកត្រូវប្រាកដថា រាល់អតិថិជនទាំងអស់បានដឹងពីគោលការណ៍ថ្មីនេះ។ អ្នកត្រូវចាប់ផ្តើមធ្វើវាជាមួយអតិថិជនសំខាន់បំផុតរបស់អ្នកមុនគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ៊ីម៉ែលដើម្បីទំនាក់ទំនងជាមួយពួកគេ។ 

ប្រសិនបើការផ្លាស់ប្តូរអាជីវកម្មរបស់អ្នកទៅជាការលក់តាមអនឡាញមិនអាចធ្វើទៅបានទេ អ្នកត្រូវចាប់ផ្តើមផ្សព្វផ្សាយពិសេសៗ និងប្រមូសិននៅពេលដែលស្ថានភាពវិលមករកភាពប្រក្រតីវិញ។ សូមផ្តោតលើអនាគតរបស់អ្នកដោយការយកចិត្តទុកដាក់អតិថិជននាពេលឥឡូវនេះ។ 

មហាសេដ្ឋីមានប្រាក់ជាង ៤ពាន់លានដុល្លាររូបនេះបានផ្តល់ដំបូន្មានបន្ថែមថា៖ “ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដើម្បីដាក់ចេញតម្លៃពិសេសនៅពេលពិភពលោកកំពុងភ័យខ្លាចនឹងជំងឺនេះ ឬបង្ហាញពីភាពបើកចំហស្វាគមន៍អតិថិជននៅពេលដែលពួកគេត្រូវការអ្នក”

អត្ថបទដែលទាក់ទង៖ មហាសេដ្ឋី Mark Cuban បង្ហាញ​​ច្បាប់​ ៥​ យ៉ាង​សម្រាប់​​អ្នក​​ចាប់​​ផ្តើម​​បើក​​មុខរបរ​រកស៊ី​ថ្មីថ្មោង​​

ប្រភព៖ Inc 

 

X
5s