អាល្លឺម៉ង់ស្ថិតនៅក្នុងបញ្ជី​ប្រទេស​មានអ្នកឆ្លងកូវីដច្រើនជាងគេទាំង ៥​ តែហេតុផលនេះ​ដែលមានអ្នកស្លាប់តិច​



គិតមកត្រឹមម៉ោង ​៨:២៥នាទីយប់ (ម៉ោងនៅភ្នំពេញ) ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ អ្នកស្លាប់ក្នុងប្រទេសអាល្លឺម៉ង់ដោយសារកូរ៉ូណាវីរុស ឬកូវីដ១៩ មានចំនួន ១៧៩នាក់ និងចំនួនអ្នកឆ្លងកើនឡើងជិត ៣៥ ១៩៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៣៥៤០នាក់។ ក្នុងនោះដែរ ទិន្នន័យដែលទទួលបានពី www.worldometers.info បានបញ្ជាក់ថា ក្នុងចំណោមតេស្ត៍វិជ្ជមានចំនួន ៣៥ ១៩៨ (១០០%) រកឃើញនៅពេលនេះ មាន ៣១ ៤៧៩ ជាករណីស្រាល និងមានតែ ២៣នាក់ ប៉ុណ្ណោះដែលស្ថិតក្នុងករណីធ្ងន់។ 

ទោះបីជាប្រទេសអាល្លឺម៉ង់កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ នៃប្រទេសដែលមានចំនួនឆ្លងនៃវីរុសកូវីដ ១៩ ច្រើនជាងគេលើលោកក្តី តែចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ក្នុងប្រទេសនេះមានត្រឹម ០.៤% តែប៉ុណ្ណោះនេះបើយោងតាមទិន្នន័យដែលសារព័ត៌មាន Bloomberg ទទួលបានពីអាជ្ញាធររដ្ឋរបស់ប្រទេសអាល្លឺម៉ង់។ បើធៀបជាមួយអ៊ីតាលី ចំនួនអ្នកស្លាប់ថ្មី (ក្នុងមួយថ្ងៃ) គិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ មានចំនួន ៦០២នាក់ នាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាសរុបទាំងអស់ក្នុងប្រទេសអ៊ីតាលីមានចំនួន ៦,០៧៧ នាក់ ខណៈអ្នកឆ្លងទាំងអស់ ៦៣.៩២៨នាក់។

មូលហេតុសំខាន់ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលនាំឲ្យអត្រាអ្នកស្លាប់ក្នុងប្រទេសអាល្លឺម៉ង់មានចំននួតិច ព្រោះក្នុងចំណោមអ្នកឆ្លងទាំងអស់ ៨០% ជាមនុស្សដែលមានអាយុតិចជាង ៦០ឆ្នាំ ហើយស្ថានភាពជំងឺរបស់ពួកគេក៏ស្រាលផងដែរ។ ការងារដ៏ប្រពៃមួយដែលអាល្លឺម៉ង់បានធ្វើដើម្បីវាយបកទប់ទល់ជាមួយនឹងកូវីដ ១៩ នោះគឺ ស្នើមិនឲ្យក្រុមគ្រួសារការទៅលេង ឬសួរសុខទុក្ខមនុស្សដែលមានវ័យចំណាយដូចជាឪពុក ម្ដាយ ជីដូនជីតា (ក្នុងករណីដែលពួកគេនៅឆ្ងាយគ្នា) ហើយនេះក៏ជាមេរៀនមួយដែលបានពីអ៊ីតាលី ហើយពួកគេរួមដៃគ្នាផ្សព្វផ្សាយដល់អាជ្ញាធរទូទាំងពិភពលោកឲ្យអនុវត្ត។ ការដែលពួកគេមិនចូលទៅកៀកជិតស្និតជាមួយមនុស្សដែលមានវ័យចំណាស់ នាំឲ្យអត្រាឆ្លងទៅពួកគាត់ក៏មានកម្រិតទាប ម្យ៉ាងវិញទៀតវាក៏អាចជួយឲ្យប្រព័ន្ធសុខាភិបាលមានភាពធូរស្រាលបានដែរ ។ 

នៅអ៊ីតាលី ៧៤% នៃអ្នកតេស្ត៍វិជ្ជមានមានអាយុលើស ៥០ឆ្នាំ ខណៈអ្នកវិជ្ជមានលើកូវីដ ១៩ នៅអាល្លឺម៉ង់ ៨២% មានអាយុក្រោម ៦០ឆ្នាំ។ តែទោះជាយ៉ាងណា មន្ត្រីសុខាភិបាលអាល្លឺម៉ង់ក៏នៅតែមានការព្រួយបារម្ភដែរ លើករណីនៃការចម្លងទៅមនុស្សចាស់។    

គួរបញ្ជាក់ផងដែរថា លោកស្រីអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel កាលពីម្សិលមិញក៏បានធ្វើតេស្ត៍ដើម្បីរកកូវីដ ១៩ ដែរ បន្ទាប់ពីលោកស្រីបានប៉ះពាល់ប្រាស្រ័យជាមួយគ្រូពេទ្យដែលមានឆ្លងវីរុសកូវីដ ១៩ កន្លងមក។ តែអ្វីដែលជាសំណាងងល្អនោះគឺលទ្ធផលតេស្ត៍អវិជ្ជមាន តែក៏នៅតែរងចាំការធ្វើតេស្ត៍ជាលើកទី ២ម្តងទៀតដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s