កូរ៉េខាងជើង ពិតជាគ្មានករណីឆ្លង COVID 19 មែន​



កូរ៉េខាងជើងជាប្រទេសដំបូងគេបង្អស់ ដែលធ្វើការបិទប្រទេសដោយសារកូវីដ១៩ មិនមែនដោយសារប្រទេសនេះមានករណីឆ្លងរាលដាលនោះទេ តែព្រោះការការពារទប់ស្កាត់ប្រទេសខ្លួនពីការឆ្លងរាលដាលនេះ។ ការដាក់កម្រិតលើការចេញចូលប្រទេសរួមទាំងទេសចរណ៍ និងការបិទព្រំដែនត្រូវបានអនុវត្តតាំងពីចុងខែមករាមកម្ល៉េះ លើកលែងតែស្ពានឆ្លងពី Dandong ទៅ Sinuiju ដែលនៅបន្តបើកដើម្បីសម្រួលដល់ការផ្គត់ផ្គង់ចាំបាច់។ 

យោងតាមការលើកឡើងពីសារព័ត៌មានចិន South China Morning Post ជាក់ស្តែង កូរ៉េខាងជើងគួរតែជាប្រទេសមួយដែលគេចមិនផុតពីចង្កូមរបស់កូវីដ ១៩ ទេ ព្រោះជាប្រទេសដែលនៅតំបន់ក្រហម (Red Zone) ចន្លោះប្រទេសចិន និងកូរ៉េខាងត្បូង តែមកទល់ពេលនេះ គិមិនទាន់ឃើញមានសេចក្តីការរាយការណ៍ណាមួយពីកូរ៉េខាងជើង ស្តីពីការរកឃើញ COVID 19 ឡើយ។

តាមការចេញផ្សាយពី Aljazeera កាលពីថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងឲ្យបានកាន់តែខ្លាំងក្លាជាងមុនដើម្បីការពារប្រឆាំងនឹងមេរោគឆ្លងដោយនិយាយថា វានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើការរីករាលដាលដល់ប្រទេស។

អត្ថ​បទទាក់​ទង៖ កូវីដ១៩៖ ចម្លើយទាំង ៦ របស់អ្នកជំនាញ ទាក់ទិននឹងវីរុស​

តាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កូរ៉េខាងជើងបានចាប់វិធានការដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ និងត្រូវអនុវត្តតាមច្បាប់ដាច់ខាតដោយគ្មានលក្ខខណ្ឌ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលបានរាយការណ៍ថាប្រជាជនជាង ២ ៥៩០ នាក់នៅខេត្តភាគខាងជើង និងខាងត្បូងទីក្រុងព្យុងយ៉ាងត្រូវបានដាក់ឱ្យនៅដាច់ពីគេ។

ពី Aljazeera ដដែល ប្រទេសកូរ៉េខាងជើងនេះបានបិទចរាចរណ៍ឆ្លងកាត់ព្រំដែនស្ទើរតែទាំងអស់ ហាមឃាត់ភ្ញៀវទេសចរ បង្កើនការត្រួតពិនិត្យនៅចំណុចចេញចូល និងប្រមូលបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ដើម្បីឃ្លាំមើលអ្នករស់នៅកន្លែងនោះ ហើយធ្វើការញែក ឬដកចេញអ្នកដែលមានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹងកូវីដ ១៩ ហើយពួកគេក៏បានដាក់ជនបរទេសរាប់រយនាក់នៅដាច់ដោយឡែកពីគ្នាដើម្បីការពារការផ្ទុះឡើង។ ពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារប្រទេសពីការឆ្លង ព្រោះអត្រាដែលកូរ៉េខាងជើងអាចទទួលការឆ្លងរាលដាលគឺមានខ្ពស់ ដោយសារកត្តាព្រំប្រទល់ផង រួមទាំងកត្តាទំនាក់ទំនងផង។

អត្ថ​បទទាក់​ទង៖ លាំងជាងវិបត្តិសេដ្ឋកិច្ចសកល COVID ធ្វើវិស័យទេសចរណ៍ឲ្យបាត់បង់ការងារជាង ៥០លានកន្លែង​

តាមគេហទំព័រ Asia News.it ចេញផ្សាយកាលពីថ្ងៃទី ២៧ មីនា នេះថា ជាលើកដំបូងដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយដំណឹងពីករណីកូវីដ ១៩ តែដំណឹងនេះមិនមែនជាករណីឆ្លងណាមួយនោះទេគ្រាន់តែជាការដាក់ឲ្យនៅដាច់ដោយឡែកជនជាងកូរ៉េចំនួនប្រមាណជាង ២ពាន់នាក់ រួមជាមួយជនបរទេស ២នាក់។ លើបញ្ហានេះមានការចាត់វិធានការណ៍តឹងរ៉ឹងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងនៅក្នុងប្រទេស ហើយក៏នឹងបន្តមានរយៈពេលយូរទៀត។ ការជូនដំណឹងនេះនៅតែប្រកាន់ជំហរដដែលថា រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងជើងមិនទាន់មានករណីណាមួយនៃការឆ្លងមេរោគវីរុសនេះទេ។

ដោយឡែក ការលើកឡើងពី VOA News អ្នកជំនាញហាក់ដាក់បន្ទុកខ្លាំងៗ ឲ្យកូរ៉េខាងជើងព្រមទទួលហើយបញ្ចេញព័ត៌មានជាសាធារណៈថា ប្រទេសខ្លួនមានករណីផ្ទុះការឆ្លងនៃវីរុសកូវីដ ១៩ ព្រោះអាចជាផលល្អក្នុងការសុំជំនួយ មុនពេលត្រូវបានដាក់ទណ្ឌកម្ម។ លោក Christopher Hill (ប្រធានផ្នែកចរចារបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងជើង ក្នុងអំឡុងលោក George W. Bush កាន់អំណាច) បាននិយាយដូច្នេះថា៖ «ប្រទេសកូរ៉េខាងជើងមិនបានទទួលស្គាល់ករណីតែមួយនៃជំងឺឆ្លងវីរុសនេះទេ។ ចាំរហូតដល់គេ (កូរ៉េខាងជើង) ទទួលស្គាល់ថាពួកគេមានបញ្ហាខ្ញុំ មិនអាចមើលឃើញការបន្ធូរបន្ថយទណ្ឌកម្មណាមួយឡើយ»។

អត្ថ​បទទាក់​ទង៖ ពិភពលោកទទួលបានបទពិសោធន៍អ្វីខ្លះពីជំងឺរាតត្បាលឆ្នាំ ១៩១៨ ដែលសម្លាប់មនុស្សយ៉ាងរង្គាល?​

កាសែត Financial Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការស្នើសុំដោយសម្ងាត់ទៅកាន់មន្រ្តីមកពីប្រទេសដទៃទៀត។ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្តាហ៍មុន របបកុម្មុយនីស្តនេះក៏បានស្នើសុំជំនួយពីអង្គការអន្តរជាតិនូវការផ្តល់ជំនួយផ្គត់ផ្គង់វេជ្ជសាស្រ្តដែលចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមជំនួយអន្តរជាតិដែលកំពុងធ្វើការនៅក្នុងប្រទេស បានអំពាវនាវឱ្យមានការលើកលែងការដាក់ទណ្ឌកម្មលើការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រត្រូវបានពន្យាពេល។ ក្រុមប្រឹក្សាសន្តិសុខរបស់សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងក្នុងឆ្នាំ ២០១៦ ដែលក្នុងនោះមានការកំណត់លើការនាំចូល និងនាំចេញទំនិញរបស់ប្រទេសដែលអាចគាំទ្រដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

ដោយ៖ យ៉ាយ៉ា

 

X
5s