ហេតុអ្វីអ្នកឆ្លងកូវីដ១៩មួយចំនួនមានស្ថានភាពជំងឺធ្ងន់ធ្ងរ ប៉ុន្តែអ្នកខ្លះស្រាល?​



សំនួរមួយដែលជាចម្ងល់របស់មនុស្សជាច្រើននាក់ទាក់ទងនឹងកូវីដគឺ ហេតុអ្វីមនុស្សមួយចំនួនមានផ្ទុកកូវដី១៩ មានស្ថានភាពជំងឺស្រាល ខណៈមនុស្សមួយចំនួនទៀតមានស្ថានភាពជំងឺធ្ងន់ធ្ងរ? 

របាយការណ៍មួយកាលពីខែកុម្ភៈរបស់ មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្ងងចិន (Chinese Center for Disease Control and Prevention) ដែលធ្វើការសិក្សាលើ ៧២ ០០០ករណី បានរកឃើញថា ៨១ភាគរយនៃអ្នកជំងឺកូវីដមានរោគសញ្ញាធម្មតា ខណៈ១៤ភាគរយទៀតមានរោគសញ្ញាធ្ងន់ធ្ងរ និង៥ភាគរយមានស្ថានភាពធ្ងន់ធ្ងរខ្លាំងរហូតត្រូវបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ (ICU)។ ជាមួយគ្នានោះ ការសិក្សាមួយចំនួននៅអ៊ឺរ៉ុបនិងមេរិកក៏បង្ហាញស្ថានភាពស្រដៀងគ្នានេះផងដែរ។

យោងតាមទិន្នន័យដែលបានប្រមូលបានរហូតមកដល់ពេលនេះ តាមរយៈការធ្វើជំរឿនពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្របង្ហាញថាមនុស្សវ័យចំណាស់ មានប្រព័ន្ធការពាររាងកាយចុះខ្សោយ ឬមានស្ថានភាពជំងឺទំនងជាមានរោគសញ្ញាធ្ងន់ធ្ងរខុសធម្មតា។ ប៉ុន្តែជំងឺកូវីដនេះក៏បានសម្លាប់មនុស្សវ័យក្មេងរាប់រយនាក់ ឬរាប់ពាន់នាក់ផងដែរដែលមិនមានស្ថានភាពសុខភាពទ្រុឌទ្រោម ទន់ខ្សោយនោះដែរ។ 

ទិន្នន័យជាច្រើនបន្ថែមទៀតត្រូវការដើម្បីកំណត់ថាតើអ្វីដែលធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងហានិភ័យខ្ពស់នូវជំងឺកូវីដ១៩។

លោក Abraar Karan សាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រហាវឺដ  (Harvard Medical School) បានប្រាប់កាសែត Business Insider ថា៖ «នេះគឺជាភាពសំខាន់ចាំបាច់មួយដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ។ ក្រៅពីអាយុនិងស្ថានភាពជំងឺដែលមានស្រាប់ យើងមិនទាន់ដឹងនោះទេ។»

សុខភាពបេះដូងនិងសួត
ក្រុមសិក្សាស្រាវជ្រាវជាច្រើនបានលើកឡើងថាមុខងាររបស់សួតនិងបេះដូងដើរតួនាទីសំខាន់ដែលធ្វើឲ្យស្ថានភាពរោគសញ្ញាធ្ងន់ធ្ងរ។ ការសិក្សាស្រាវជ្រាវមួយរបស់ប្រទេសចិន បង្ហាញថាអត្រានៃការស្លាប់ដោយសារជំងឺកូវីដ១៩ហក់ឡើងពី១ភាគរយ ទៅ៦ភាគរយ លើអ្នកជំងឺដែលមានបញ្ហាសួតនិងបេះដូង។

បើយោងតាមរបាយការណ៍មួយទៀតរបស់វិទ្យាស្ថានជាតិសុខភាពអ៊ីតាលី (Italy's National Institute of Health) បានរកឃើញថាអ្នកជំងឺកូវីដ១៩ចំនួន ៣៥៥នាក់បានស្លាប់ ដោយ ៣០ភាគរយនៃអ្នកទាំងនោះមានសសៃឈាមត្បៀត និង ៧ភាគរយមានចង្វាក់បេះដូងលោតមិនប្រក្រតី។

លោក Philip Murphy អ្នកវិទ្យាសាស្ត្រខាងប្រព័ន្ធភាពស៊ាំ នៃវិទ្យាស្ថានជាតិអាលែកហ្ស៊ីនិងជំងឺឆ្លង (National Institute of Allergy and Infectious Diseases) បានលើកឡើងវាភាពខុសគ្នានៃហ្សែនដែលមានផ្ទុក ACE2 ដែលជាអង់ស៊ីមភ្ជាប់ផ្នែកខាងក្រៅរបស់សួតនិងកោសិកាបេះដូង ប្រហែលបង្កភាពងាយស្រួលទៅដល់វីរ៉ុសចូលទៅក្នុងសួតនិងបេះដូង។ 

ជាមួយគ្នានោះដែរ លោក Rishi Desai មន្ត្រីប្រធានផ្នែកវេជ្ជសាស្ត្រ បានប្រាប់កាសែត Business Insider ថា៖ «ប្រសិនបើមនុស្សម្នាក់មានសុខភាពសួតល្អ ហើយមានការឆ្លងជំងឺធ្ងន់ធ្ងរនោះម្នាក់នោះអាចនៅមានជីវិតរស់បាន។ ដោយឡែក ប្រសិនបើអ្នកជំងឺមានការឆ្លងធ្ងន់ធ្ងរហើយមានមុខងារបេះដូងនិងសួតមានដែនកំណត់ អ្នកជំងឺនោះអាចនឹងឆ្លងកាន់តែធ្ងន់ធ្ងរហើយស្លាប់តែម្ដង»។

បុរសមានស្ថានភាពគ្រោះថ្នាក់ជាងគេ
ភេទក៏បង្ហាញអំពីស្ថានភាពជំងឺកូវីដ១៩ផងដែរ។ ក្នុងប្រទេសជាច្រើន ជំងឺកូវីដមានភាពស្មើគ្នារាវាងអ្នកជំងឺភេតបុរសនិងស្រ្តី ប៉ុន្តែអត្រានៃការស្លាប់សម្រាប់បុរសមានច្រើនជាងស្រ្តី។ ជាក់ស្ដែង ក្នុងប្រទេសចិន ៤,៧ភាគរយនៃបុរសដែលផ្ទុកវីរុសកូរ៉ូណាបានស្លាប់ បើធៀបនឹងស្រ្តីដែលមានតែ ២,៨ភាគរយប៉ុណ្ណោះ។ ក្នុងប្រទេសអ៊ីតាលីដែលរងគ្រោះខ្លាំងជាងគេវិញ ចំនួនអ្នកស្លាប់ភេទប្រុសមានចំនួនជិត ១៥ភាគរយ ខណៈស្រ្តីមានតែ៨,២ភាគរយប៉ុណ្ណោះ។ 

នេះមិនមែនជាអ្វីដែលចម្លែកខ្លាំងនោះទេ។ ក្រូម៉ូសូម X មានហ្សែនដែលមានតួនាទីរៀបចំប្រពន្ធភាពស៊ាំរាងកាយ។ ដូចនេះ ស្រ្តីដែលជាភេទមានក្រូម៉ូសូម X ជាទូទៅមានប្រព័ន្ធភាពស៊ាំរឹងមាំជាងបុរស។

កាលពីខែមីនា ក្រុមអ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហូសុងរបស់ចិន (China's Huazhong University of Science and Technology) បានរកឃើញថាស្ត្រីដែលមានការឆ្លងកូវីដ១៩ធ្ងន់ធ្ងរ មានប្រព័ន្ធការពារប្រឆាំងវីរុសកូរ៉ូណាច្រើនជាងបុរស ដែលនេះធ្វើឲ្យពួកគេអាចមានកម្លាំងទប់ទល់ជាមួយវីរុសនេះបានល្អជាង។

ទម្លាប់នៃការរស់នៅ
អង្គការសុខភាពពិភពលោក (WHO) បានប៉ានប្រមាណថា៣៤ភាគរយនៃបុរសមានអាយុលើស១៥ឆ្នាំជក់បារីទូទាំងពិភពលោក បើធៀបនឹងស្រ្តីដែលមានតែ៦ភាគរយប៉ុណ្ណោះ។

Ramzi Yacoub ប្រធានមន្រ្តីហ្វាម៉ាស៊ីនៅ SingleCare បានប្រាប់កាសែត Business Insider ថា ៖ «ទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនល្អអាចបង្កើនឱកាសនៃរោគសញ្ញាធ្ងន់ធ្ងរ។ ដោយសារវីរុសកូរ៉ូណាវាយលុកសួត ដូចនេះមនុស្សដែលជក់បារីគឺស្ថិតក្នុងអត្រានៃការគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែការជក់បារីប៉ះពាល់ទៅដល់សួតនិងបេះដូងរបស់អ្នក»។

ការពិសារគ្រឿងស្រវឹងក៏ចូលរួមចំណែកប៉ះពាល់ទៅដល់ថ្លើមរបស់អ្នកផងដែរ ដែលជាកត្តាហានិភ័យដែលបង្កទៅជាស្ថានភាពជំងឺកូវីដធ្ងន់ធ្ងរ នេះបើយោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លង (CDC)។ ជាទូទៅ បុរសជនជាតិអាមេរិកផឹកស្រា ៤ធុងក្នុងមួយឆ្នាំ បើធៀបនឹងស្រ្តីត្រឹម២ធុងប៉ុណ្ណោះក្នុងមួយឆ្នាំ។

អ្នកជំនាញផ្នែកជំងឺឆ្លងមីនីសូតា វេជ្ជបណ្ឌិត Michael Osterholm បានមានប្រសាសន៍ថា ជំងឺធាត់លើសទំងន់របស់ជនជាតិអាមេរិកក៏ប្រហែលបង្កឲ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរផងដែរ។

លោកបាននិយាយថា យើងដឹងហើយថា៤៥ភាគរយនៃចំនួនប្រជាជនអាមេរិកសរុបមានអាយុលើស៥០ មានជំងឺធាត់លើសទំងន់។ ខ្ញុំព្រួយបារម្ភថានឹងមានកំណើនបន្ថែមទៀតនៃអត្រាអ្នកស្លាប់ក្នុងប្រទេសមួយនេះ បើធៀបនឹងប្រទេសដទៃក្នុងពិភពលោក។

កត្តាពណ៌សម្បុរ
បើទោះបីជាជនជាតិអាមេរិកស្បែកខ្មៅមានចំនួន ១៨ភាគរយនៃចំនួនប្រជាជនអាមេរិកសរុបក្ដី ជនជាតិអាហ្វ្រិក-អាមេរិកចំនួន ១ភាគ៣ នៃចំនួនជនជាតិអាមេរិកទាំងអស់ដែលសម្រាកនៅមន្ទីពេទ្យ នេះយោងតាម មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លង (CDC)។ ប្រជាជនស្បែកសមាន៥៩ភាគរយនៃចំនួនប្រជាជនអាមេរិកសរុប ប៉ុន្តែចំនួនអ្នកសម្រាកនៃមន្ទីពេទ្យមានតែ ៤៥ភាគរយប៉ុណ្ណោះ នៃចំនួនអ្នកសម្រាក់នៅមន្ទីពេទ្យសរុប។

ក្នុងការវិភាគក្នុងរដ្ឋចំនួន ១៤ CDC រកឃើញថាជនជាតិអាហ្រ្វិក-អាមេរិក មានចំនួនស្លាប់ដោយសារកូវីដ១៩ក្នុងអត្រាមួយច្រើន។ ក្នុងទីក្រុងដែលមានការឆ្លងច្រើនជាងគេ គឺទីក្រុងញ៉ូយក ជនជាតិអាហ្វ្រិក-អាមេរិកមានចំនួនស្លាប់ដោយសារវីរុសនេះទ្វេរដង ច្រើនជាងប្រជាជនស្បែកស។ ក្នុងរដ្ឋឈីកាកូ ៧២ភាគរយនៃអ្នកស្លាប់ដោយសារកូវីដ១៩គឺជាជនជាតិស្បែកខ្មៅ បើទោះបីជនជាតិស្បែកខ្មៅមានតែ ៣២ភាគរយនៃប្រជាជនសរុបក៏ដោយ។

ទិន្នន័យបានបង្ហាញថាស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩កើតឡើងដោយសារតែការឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺហឺតជាដើម ហើយជំងឺទាំងអស់នេះគឺកើតមានលើជនជាតិអាមេរិកស្បែកខ្មៅ។ បើយោងតាម US Department of Health and Human Services ជិត១ភាគ៣នៃជនជាតិអាមេរិកស្បែកខ្មៅមានជំងឺលើសសម្ពាធឈាម បើធៀបនឹងយុវជនវ័យក្មេងស្បែកសដែលមានតែ ២៤ភាគរយប៉ុណ្ណោះ។

ជនជាតិស្បែកខ្មៅមិនសូវប្រើប្រាស់ធានារ៉ាប់រងសុខភាពដូចជនជាតិស្បែកស ដែលនេះធ្វើឲ្យពួកគេពិបាកក្នុងការចំណាយលើការព្យាបាល នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានជាតិសុខភាព (National Institutes of Health)។ ហើយគេបានរកឃើញទៀតថា ជនជាតិអាមេរិកស្បែកខ្មៅមានការប្រើប្រាស់ប្រព័ន្ធថែរក្សាសុខភាពតិច ដូចនេះបង្កឲ្យមានស្ថានភាពជំងឺកូវីដកាន់តែធ្ងន់ធ្ងរ។ 

លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាល់ឡាក់ហ្ស៊ីនិងជំងឺឆ្លង បានយល់ស្របនឹងសេតវិមានដែលបានលើកឡើងថាប្រជាជនដែលមានពណ៌ស្បែកខុសគ្នាស្ថានភាពជំងឺធ្ងន់ធ្ងនជាងជនជាតិស្បែកស។ ប៉ុន្តែលោកបានបន្ថែមថានេះគឺជាកាត្វកិច្ចដែលត្រូវធ្វើការស្រាវជ្រាវជៀសវាងការរើសអើស៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

 

X
5s