បទពិសោធន៍ជោគជ័យរបស់កូរ៉េខាងត្បូងក្នុងការគ្រប់គ្រងកូវីដ១៩​



ចាប់តាំងពីមានករណីដំបូងនៃអ្នកឆ្លងជំងឺកូវីដ១៩កាលពីចុងខែមករា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីការយកចិត្តទុកដាក់និងការប្ដេជ្ញាចិត្តក្នុងការប្រឈមមុខនឹងវីរុសដ៏សាហាវមួយនេះ។ ចាប់តាំងពីការកើនឡើងនៃការឆ្លងដំបូងធ្វើឲ្យកូរ៉េខាងត្បូងចាប់ផ្ដើមធ្វើតេស្តទូទាំងប្រទេស នេះបង្ហាញថាប្រទេសនេះមានការឆ្លើយតបទៅនឹងស្ថានការណ៍បានទាន់ពេល ទាន់វេលា និងលឿនរហ័ស។

លោកស្រី Kang Kyung-wha រដ្ឋមន្រ្តីក្រសួងការបរទេសបានមានប្រសាសន៍កម្មវិធីកិច្ចប្រជុំ World Economic Forum COVID Task Forceថា៖ «យើងបានធ្វើសកម្មភាពពីដំបូងទាន់ពេល។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងភ្ងាក់ផ្អើលនោះគឺការឆ្លងបានសភាពលឿនខ្លាំង។ ៣០ករណីដំបូងដែលបានរកឃើញក្នុងប្រទេសកូរ៉េត្រូវបានគ្រប់គ្រងយ៉ាងជាប់លាប់ និងយកចិត្តទុកដាក់។ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរដោយសារអ្នកជំងឺទី៣១»។ 

«បន្ទាប់ពីនោះ វាបានផ្ទុះឡើង។ ការគ្រប់គ្រងការឆ្លងកាន់តែពិបាក។ ដោយកាលនោះស្ថានភាពប្រៀបដូចស្ថានភាពដែលកើតឡើងក្នុងប្រទេសអ៊ឺរ៉ុបនាពេលនេះដែលកំពុងប្រយុទ្ធជាមួយវីរុសកូវីដអីហ្ចឹង គឺអារម្មណ៍មានសម្ពាធនៃកាន់តែធ្ងន់។»

កំពូលអ្នកចម្លង
ចន្លោះពីទី១៩ មករា ដល់ ១៨កុម្ភៈ កូរ៉េខាងត្បូងមានចំនួនអ្នកឆ្លង ៣០ករណី និងគ្មានករណីអ្នកស្លាប់នោះទេ។ ករណីឆ្លងយឺតបានផ្លាប់ប្ដូរ ដោយថ្ងៃទី១៨កុម្ភៈជាថ្ងៃដែលមានករណីអ្នកឆ្លងទី៣១ ហើយក្នុងរយៈពេល១០ថ្ងៃបានកើនឡើងដល់ ២ ៣០០ករណី។

អ្នកជំងឺដែលឆ្លងទី៣១ គឺជាកំពូលអ្នកចម្លងខ្លាំង ដែលបានចម្លងទៅកាន់មនុស្សជាច្រើននាក់។

ប៉ុន្មានថ្ងៃមុនការពិនិត្រ អ្នកជំងឺបានធ្វើដំណើរទៅកាន់តំបន់ដែលមានមនុស្សអ៊ូអរជាច្រើនក្នុងទីក្រុង Daegu និងទីក្រុងសេអ៊ូល។ អ្នកជំងឺនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានធ្វើការពិនិត្រនៅមន្ទីរពេទ្យ។ អ្នកជំងឺស្រ្តីនោះក៏បានចូលក្នុងវិហារក្នុងកម្មវិធីចំនួន២ បានទៅញ៉ាំអាហារនៅសណ្ឋាគារជាមួយមិត្តភក្ដិ បើទោះបីគាត់កំពុងមានអាការៈផ្ដាសាយក៏ដោយ។ ក្នុងពេល២ ៣ថ្ងៃក្រោយមកអ្នកជំងឺនោះត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ ហើយមនុស្សរាប់រយនាក់ដែលចូលរួមក្នុងព្រះវិហារ និងមនុស្សក្នុងទីតាំងមួយចំនួនបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន។ 

ការឆ្លើយតបរួមគ្នា
បើទោះបីមានការឆ្លងយ៉ាងលឿនក្នុងទីក្រុងសេអ៊ូល អាជ្ញាធរបានដាក់ចេញនូវយុទ្ធសាស្រ្តទប់ទល់ភ្លាមៗ។

លោកស្រីរដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា៖ «អ្នកត្រូវការរៀបចំផែនការ និងដាក់ចេញនូវជំហានបន្ទាប់ជាមុន។ យើងដាក់នូវយុទ្ធសាស្រ្តរដ្ឋាភិបាលទាំងអស់។ នាយករដ្ឋមន្រ្តីបានដាក់ចេញនូវភារៈកិច្ចសម្រាប់ក្រសួងទាំងអស់ និងរដ្ឋាបាលថ្នាក់តំបន់និងទីក្រុងទាំងអស់»។ 

យុទ្ធសាស្រ្តរួមគ្នានៃត្រូវមានការចូលរួមពីអាជ្ញាធរក្នុងតំបន់ទូទាំងប្រទេស ហើយពិតជាមានលទ្ធផលពិតមែន។

លោកស្រីបន្ត៖ «នៅពេលក្នុងតំបន់មួយខ្វះគ្រែអ្នកជំងឺ យើងស្នើថ្នាក់ខេត្តផ្ដល់គ្រែសម្រាប់អ្នកជំងឺក្នុងមន្ទីពេទ្យ។ នៅពេលយើងខ្វះវេជ្ជបណ្ឌិត យើងស្នើសុំវិជ្ជបណ្ឌិតនៅក្នុងតំបន់ផ្សេងៗមកធ្វើការ»។ 

ការធ្វើតេស្ត
លោកស្រីរដ្ឋមន្រ្តី Kang និយាយថាការបើកចំហរទៅដល់ប្រជាជន និងការធ្វើឲ្យពួកគេជឿទុកចិត្តគឺពិតជាសំខាន់មែនទែន។ 

«គន្លឹះនៃភាពជោគជ័យគឺតម្លាភាពសម្រាប់សាធារណៈជន តាមរយៈការចែករំលែកព័ត៌មានលម្អិតអំពីការវិវដ្ដនៃជំងឺ របៀបដែលជំងឺឆ្លង ហើយនិងសកម្មភាពរបស់រដ្ឋាភិបាល។»

ដូចជាគ្នានឹងជំងឺ Mers ក្នុងឆ្នាំ២០១៥ ដែលកូរ៉េខាងត្បូងមានអ្នកឆ្លងប្រមាណ ១៨៥នាក់ ធ្វើឲ្យប្រទេសកូរ៉េជឿថាការធ្វើតេស្តគឺជាផ្នែកដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះ។

លោកស្រីបន្ត៖ «ការធ្វើតេស្តស្វែងរកអ្នកឆ្លងគឺសំខាន់ខ្លាំងណាស់ជាមួយជំងឺដែលឆ្លងលឿនបែបនេះ។ យើងបានធ្វើតេស្តមនុស្ស ៣៥០ ០០០នាក់។ អ្នកជំងឺមួយចំនួនត្រូវធ្វើតេស្តជាច្រើនដងមុនអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះ ដោយត្រូវប្រាកដថាពួកគេជាសះស្បើយពេញលេញពិតមែន»។

ការប្រមើលមើល
មិនដូចប្រទេសចិន អ៊ីតាលី អង់គ្លេស និងអាមេរិក កូរ៉េខាងត្បូងគ្មានការបិទប្រទេសឡើយ ប៉ុន្តែមានការបិទសាលា។ 

លោកស្រីមានប្រសាសន៍៖ «យើងបានពន្យាការបើកសាលាចំនួន២ដង ប៉ុន្តែយើងមិនអាចបំផ្លាញសិទ្ធិក្នុងការសិក្សារៀនសូត្របាននោះទេ។ នេះមានន័យថាអ្វីៗដែលយើងត្រូវធ្វើក្នុងរយៈពេល២សប្ដាហ៍ដើម្បីរក្សាកុំឲ្យមានការឆ្លងរាលដាលក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន»។

«ការបើកសាលាឡើងវិញ យើងដឹងថាអ្វីៗមិនអាចដូចដើមបានទេ។ យើងត្រូវរៀបចំផែនការ វិធីសាស្រ្តក្នុងការគ្រប់គ្រងទុកជាមុន»៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ World Economic Forum

X
5s