ក្នុងរយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋ យកយានយន្តទៅឆៀក ជាង២ម៉ឺនគ្រឿង​



ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ មានយានយន្តចំនួន ២៤ ៨៩៧ គ្រឿង បានត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)  យ៉ាងគំហុក ខណៈពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ 

យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយគិតចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ទូទាំងប្រទេស មានសរុបចំនួន ២៤ ៨៩៧ គ្រឿង។ ទិន្នន័យនេះ មានការកើនឡើងខ្ពស់ជាគំហុក ជាពិសេស ៤ថ្ងៃចុងក្រោយ ដែលគិតជាមធ្យមប្រមាណ៤ពាន់គ្រឿង/ថ្ងៃ។

ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ដែលរក្សាបានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសអត់ធ្មត់រងចាំទទួលសេវា ខណៈការត្រួតពិនិត្យនេះ ត្រូវការពេលវេលាដើម្បីពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

លើសពីនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋ បន្តគោលការណ៍អនាម័យ ពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

ជាការកត់សម្គាល់ ការដែលប្រជាពលរដ្ឋសម្រុកយ៉ាងគំហុក មកធ្វើឆៀកយានយន្តនេះបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើនការផាកពិន័យ ចំពោះអ្នកបើកបរល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហើយត្រូវគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០២តទៅ។ 

សូមជម្រាបថា ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ តាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានកំណត់ថា អ្នកបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេទេសយាន ឬប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈហួសសុពលភាព ត្រូវពិន័យទឹកប្រាក់ចំនួន ១៨ម៉ឺនរៀល និងពិន័យទឹកប្រាក់ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់យានយន្តធុនធ្ងន់។ 

សូមរំលឹកថា កាលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ថាលើករណីលើសសុពលភាពឆៀក កុំទាន់ពិន័យសិន ព្រោះករណីនេះ មានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ណែនពេកកន្លែងឆៀក នៅគ្រប់រាជធានី-ខេត្តទាំងអស់។ 

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា៖ «ហើយរឿងនេះក៏មិននៅក្នុងរបៀបវារៈនៃការត្រួតពិនិត្យរបស់យើងដែរ។ ចំពោះរថយន្ត៩ចំណុចមិនទាន់បានចែងទេ ចាំជំហានខាងមុខទៀត។ រង់ចាំបញ្ជាជាថ្មី ចំណុចកុំទាន់ពិន័យអោយសោះ»។

ដោយ៖ វីរៈ

ប្រភព: 

  • គេហទំព័រអគ្គស្នងការនគរបាលជាតិ
  • គេហទំព័រក្រសួងសាធារណៈការ និងដឹកជញ្ជូន
  • អនុក្រឹត្យថ្មីស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍

 

X
5s