អគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធព័ត៌មានដែលថា សមត្ថកិច្ចលើកពេលពិន័យឡាន ម៉ូតូ គ្មានប័ណ្ណបើកបរ​



អគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធព័ត៌មានដែលថា សមត្ថកិច្ចលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានប័ណ្ណបើកបរ ក្រោយពេលមានការផ្សព្វផ្សាយដែលនាំឲ្យមានការភ័ន្តច្រឡំដល់បងប្អូនប្រជាពលរដ្ឋ។

សេចក្តីប្រកាសបដិសេធនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ ក្រោយពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមមួយចំនួនបានបង្ហោះខ្លឹមសារចាស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលមានខ្លឹមសារថា «អគ្គស្នងការនគរបាលជាតិប្រកាសលើកពេលពិន័យម៉ូតូដែលគ្មានប័ណ្ណបើកបរ» ដោយការផ្សព្វផ្សាយនេះនាំឲ្យមានការភ័ន្តច្រឡំដល់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក៏បានបញ្ជាក់បន្ថែមថា ខ្លឹមសារដែលបានផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម youtube នោះគឺជាខ្លឹមសារនៃបទអន្តរាគមន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥។

ការបង្ហោះផ្សព្វផ្សាយឡើងវិញនូវខ្លឹមសារសំឡេងនេះ អាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងស្ថានភាពថ្មី ហើយក៏អាចមានន័យផងដែរថាមានចេតនាបង្កការរាំងស្ទះដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច និងមានឥទ្ធិពលអវិជ្ជមានដល់បរិយាកាសសង្គមទៀតផង។

នៅក្នុងសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់បន្ថែមជូនដល់ប្រជាពលរដ្ឋថា ចាប់តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះ អគ្គស្នងការនគរបាលជាតិពុំបានប្រកាសដាក់ចេញនូវគោលការណ៍ពន្យារ ឬលើកពេលក្នុងការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានប័ណ្ណបើកបរនោះទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងតែអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ 39 អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ដែលបាន និងកំពុងត្រួតពិនិត្យ និងផាកពិន័យ លើប្រភេទបទល្មើសអាទិភាពចំពោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ៧ចំណុច និងរថយន្តចំនួន ៩ ចំណុច ដែលក្នុងនោះមានការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានប័ណ្ណបើកបរយានយន្តផងដែរ៕

ដោយ៖ វីរៈ

 

X
5s