វិជ្ជមាន ១ករណី ពេលនេះអ្នករួមដំណើរ ៦២ នាក់កំពុងដាក់ឲ្យនៅចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ​



អ្នកដំណើររួមជាមួយនឹងបុរសជនជាតិខ្មែរម្នាក់ដែលរកឃើញថាមានលទ្ធផលតេស្តវិជ្ជមាន កាលពីល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួន ៦២ នាក់ ត្រូវបានក្រសួងសុខាភិបាលឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដើម្បីតាមដានសុខភាពបន្ត ខណៈពេលដែលអ្នកដំណើរទាំងអស់នោះមានលទ្ធផលតេស្តអវិជ្ជមាន។ 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០។ 

នៅក្នុងលិខិតបានបញ្ជាក់ថា អ្នកដំណើរសរុបចំនួន ៦៣ នាក់ទាំងអស់នោះធ្វើដំណើរមកពីប្រទេសហ្វីលីពីន និងបានបន្តជើងដោះហើយពីសាធារណៈរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ២២: ០០ នាទី។

ពេលមកដល់រាជធានីភ្នំពេញភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានក្រុមគ្រូពេទ្យត្រួតពិនិត្យសុខភាព និងយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញមានវិជ្ជមានកូវិដ ១៩ លើបុរសជនជាតិខ្មែរម្នាក់។

បច្ចុប្បន្នបុរសជនជាតិខ្មែរម្នាក់ដែលមានលទ្ធផលតេស្តវិជ្ជមាន ក្រសួងសុខាភិបាលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀត ចំណែកឯអ្នកដំណើរ ៦២ នាក់ មានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានក្រសួងសុខាភិបាលឲ្យបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាពបន្ត។   

គួរបញ្ជាក់ផងដែរថា អ្នកដំណើរសរុបចំនួន ៦៣ នាក់ក្នុងនោះមានជនជាតិកូរ៉េ ២៣នាក់, បុរសប៊ែលហ្សិក ១ នាក់, បុរសជនជាតិតៃវ៉ាន់ ១ នាក់ បុរសជនជាតិហូឡង់ ១ នាក់ , ជនជាតិជប៉ុន ៣ នាក់ និងជនជាតិខ្មែរ ៣៤ នាក់រួមជាមួយនឹងបុរសដែលមានលទ្ធផលតេស្តវិជ្ជមាន៕

ដោយ៖ វិរៈ

X
5s