គិតរហូតមកដល់ពេលនេះ វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន ៣ ត្រូវបានរដ្ឋាភិបាលកម្ពុជាកែសម្រួលជាបន្តបន្ទាប់​



វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំនួនបីត្រូវបានរដ្ឋាភិបាលកម្ពុជាបានកែសម្រួលជាបន្តបន្ទាប់ ក្នុងចំណោមវិធាការសំខាន់ៗ ដែលរដ្ឋាភិបាលបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ជំងឺកូវីដ19។

វិធានការទី១- នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីវិធានការកែសម្រួលសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញនូវិស័យកីឡាជាជំហានៗ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា សម្រាប់ការបើកដំណើរការឡើងវិញនូវវិស័យកីឡា ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម ដូចជា ការប្រកួតមិនឲ្យមានអ្នកទស្សនា ដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឱ្យលើសពី ១០០នាក់ ព្រមទាំងមានការអនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ និងមុននឹងបើកឱ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុន នូវវិធានការការពារនានា ដែលក្រសួងសុខាភិបាលបានណែនាំ។

គួរបញ្ជាក់ផងដែរថា ការផ្អាកសកម្មភាពកីឡានេះអស់រយះពេលបីខែ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតជូនដំណឹង។

វិធានការទី ២ - ជាមួយគ្នានេះដែរ នាថ្ងៃទី ២០ ឧសភា នេះក្រសួងសុខាភិបាល បានប្រកាសសម្រេចអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ ដែលក្នុងនោះមានដូចជា អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាបានវិញ ។

ទោះជាយ៉ាងណា ក្រសួងបញ្ជាក់ថា គ្រប់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ ក្នុងនោះរួមទាំងពលរដ្ឋកម្ពុជាផងដែរ ត្រូវមានលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ដែលចេញដោយប្រទេសសាម៉ីនៅក្នុងរយៈពេល ៧២ម៉ោង។

ជាងនេះទៅទៀត ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដំណើរជាជនបរទេស ត្រូវមានធានារ៉ាប់រងដែលមានតម្លៃជាទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ អំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា និងគោរពតាមវិធានការកំណត់ដោយរដ្ឋាភិបាលកម្ពុជា។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា រាល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ រួមទាំងពលរដ្ឋកម្ពុជាផងដែរ នឹងត្រូវដាក់ឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅក្នុងមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩។

គួរបញ្ជាក់ផងដែរ វិធាការដាក់បំរាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៊ីតាលី អាល្លីម៉ង់ អេស៉្បាញ បារាំង អាមេរិក និងអ៊ឺរ៉ង់ ត្រូបានធ្វើឡើងតាំពី  ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។

វិធានការទី ៣ - ចំណែកកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានផ្ញើលិខិតមួយជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយស្នើឱ្យមានការបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ដូចជា ការស្កេនកំដៅភ្ញៀវមុនអនុញ្ញាតឱ្យចូលទស្សនាមានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ ។

រហូតមកដល់ពេលមានវិធានការសំខាន់ៗមួយចំនួ កំពុងតែអនុវត្តនៅឡើយរួមមាន វិធានបិទសាលារៀន ក្លឹបកម្សាន្ត រោងកុន និងខារ៉ាអូខេជាបណ្តោះអាសន្ន ខណៈដែលរដ្ឋាភិបាលបានប្រកាសបិទជាបណ្តោះអាសន្នកាលពីន្លងមកនេះ បន្ទាប់ពីកម្ពុជារកឃើញនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស ដើម្បីការពារការឆ្លងនូវជំងឺនេះ៕

ដោយ៖ វីរៈ

X
5s