ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នាំយកក្រដាសប្រាក់ ១$ ២$ និង ៥$ មកវិញ​



ភ្នំពេញ- ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយសារបច្ចុប្បន្ននេះក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទនេះមានមានការគរជន់។

សេចក្តីសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។


សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖


ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។


បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។


ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។


គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជាក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ៕

ដោយ៖ នូ វិរៈ

 

X
5s