លោកជំទាវ ជា សិរី ៖ ក្រដាសប្រាក់១$ ២$ និង ៥$ នៅតែអាចចរាចរបាន ហើយក៏មិនបានបិទសិទ្ធិប្រើប្រាស់ដែរ​



ភ្នំពេញ- លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបកស្រាយនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ថា ក្រដាសប្រាក់ ចារឹក ១$ ២$ និង ៥$ នៅតែអាចចរាចរបាន ហើយក៏មិនបានបិទសិទ្ធិប្រើប្រាស់ដែរ។

លោកជំទាវបានបន្តថា ៖ «រវាងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងធនាគារជាតិក៏នៅតែទទួលយកក្រដាសប្រាក់នេះធម្មតា។ គ្រាន់តែថាលើកមុនធនាគារជាតិជាអ្នករ៉ាប់រងសេវាដឹកជញ្ជូនក្រដាសប្រាក់ ចាស់ ទក់ រហែក និងលើស ទៅប្រទេសដើមគេគឺសហរដ្ធអាមេរិក ដើម្បីចាត់ចែងបន្ត ព្រោះកម្ពុជាគ្នានសិទ្ធអ្វីលើក្រដាសប្រាក់ដុល្លារអាមេរិកក្រៅពីចាយនោះទេ។ ប៉ុន្តែ ចាប់ពី ៣ខែ បន្ទាប់ពីនេះទៅ គ្រឹះស្ថានត្រូវទទួលរ៉ាប់រងសេវាដឹកជញ្ជូនដោយខ្លួនឯង។»


លោកជំទាវបានបន្ថែមថា ៖ «ការសម្រេចចិត្តនេះគឺធ្វើឡើងដោយមានការឯកភាពគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។ តាមច្បាប់ការទទួលក្រដាសប្រាក់ប្រភេទនេះជាសិទ្ធិរបស់គ្រឹះស្ថានឯកជន ធនាគារជាតិមិនមានសិទ្ធិលើគេទេ។ ប៉ុន្តែបើគេមិនទទួលក្រដាសប្រាក់រៀល ទោះប្រភេទណាក៏ដោយនោះទើបធនាគារជាតិមានសិទ្ធិចាត់វិធានការតាមច្បាប់ជាធរមាន។ មួយវិញទៀតធនាគារជាតិមិនបានសម្រេច ថាមិនទទួល យកនោះទេ។ តែធនាគារជាតិនឹងពិចារណាទៅថ្ងៃក្រោយអំពីបញ្ហានេះ ហើយ សូមឱ្យចាត់ទុកថាជាការជូនដំណឹងដែរចុះ កុំឱ្យថាគេអនុវត្តអីមិនប្រាប់ទុកមុន។»


យ៉ាងណាមិញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ និងផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ថា ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់។


សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា ៖ «ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយ ដូចពាក្យចចាមអារាមនោះទេ»។


ក្នុងករណី ប្រសិនបើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន។


សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារ
អាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ៕
ដោយ៖ នូ វិរៈ

 

 

X
5s