គិតត្រឹមតែរយៈពេលបីខែ ក្រសួងព័ត៌មានបានបិទអង្គភាពព័ត៌មានចំនួន ៣ និង អប់រំណែនាំចំនួន ២ អង្គភាព ដែលផ្សព្វផ្សាយព័ត៌មានមិនពិត​ត្រឹមតែរយៈពេលបីខែ ក្រសួងព័ត៌មានបានបិទអង្គភាពព័ត៌មានចំនួន ៣ និង អប់រំណែនាំចំនួន ២ អង្គភាព ដែលផ្សព្វផ្សាយព័ត៌មានមិនពិត មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ខណៈពេលដែល ក្រសួងបានរកឃើញព័ត៌មានមិនពិត និងញុះញង់ មានសរុបចំនួន ៣១១ ករណី។

នេះបើតាមរបាយការណ៍សរុបរបស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២១ ខែមិនា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គណៈកម្មការស្រង់ប្រភពដែលផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានញុះញង់ រិះគង់ និងជេរប្រមាទថ្នាក់ដឹកនាំមានសរុបចំនួន ៣១១ ករណី។

សម្រាប់ខែមិនា មានការផ្សព្វផ្សាយព័ត៌មានមិនពិតចំនួន ៩៣ ករណី ភាគច្រើនមានលក្ខណៈបំពុលសង្គមទាក់ទងទៅនឹងជំងឺកូវិដ ១៩ និងជេរប្រមាថថ្នាក់ដឹកនាំ។

ចំណែកខែមេសា មានការផ្សព្វផ្សាយព័ត៌មានមិនពិតចំនួន ១៦១ ករណី ក្នុងនោះព័ត៌មានលក្ខណៈបំពុលសង្គមទាក់ទងទៅនឹងជំងឺកូវិដ ១៩មានចំនួន ៥៩ និងជេរប្រមាថថ្នាក់ដឹកនាំ ១០២ ករណី។

យ៉ាងណាមិញ ខែឧសភា មានការផ្សព្វផ្សាយព័ត៌មានមិនពិតចំនួន ៤០ ករណី រួមមានព័ត៌មានរះគន់លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មានលក្ខណៈបំពុលសង្គមទាក់ទងនឹងជំងឺកូវិដ ១៩ និងជេរប្រមាថថ្នាក់ដឹកនាំ។

ចំពោះវិធានការទៅលើករណីចំនួន ៣៣១ ខាងលើនោះ គណៈកម្មការបានជូនសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចំនួន ៤៩ ករណី និងការចាត់វិធានការពីអគ្គស្នងការនគរបាលជាតិ មានចំនួន ២៤ ករណី វិធានការបិទគេហទំព័រចំនួន ២ ករណី លុបមាតិកាលើហ្វេសបុកចំនួន ១ ករណី និងបិទគណនីចំនួន ២ ។

បន្ថែមពីនេះ ក្រសួងបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សាយព័ត៌មានមិនពិត មិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមកអប់រំ ណែនាំចំនួន ២ អង្គភាព មានដូចជា K01 និងផែនដីថ្មី PDT-News។

ទន្ទឹមនេះក៏បានលុបអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានបំពានច្បាប់ធ្ងន់ធ្ងរចំនួន ៣ អង្គភាពមានដូចជា គេហទំព័រចក្រវាឡ ធីវីអនឡាញ គេហទំព័រ TVFB និងគេហទំព័រ និងវិទ្យុ រិទ្ធិសែន។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការមួយ សម្រាប់តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅតាមបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗនៅកម្ពុជា។

បើយោងលិខិតរបស់ក្រសួងព័ត៌មានដដែលបានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចក្នុងការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គម ឬបណ្ដាញទំនាក់ទំនងផ្សេងៗទៀត។ គណៈកម្មការនេះ នឹងឆ្លើយតបទៅសាធារណជនឲ្យទាន់ពេល និងគ្រប់មធ្យោបាយរាល់ការផ្សាយព័ត៌មានមិនពិត រួមទាំងសហការជាមួយស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា៕

ដោយ៖ នូ វិរៈ

X
5s