អ្នកនេសាទភូមិចុងកោះ ៧៧ គ្រួសារ កំពុងជួបទុក្ខយំក៏មិនចេញ ស្រែកក៏មិនឮ​



ភ្នំពេញ-រដូវនេសាទកន្លងទៅ គឺជារដូវមួយអាក្រក់សម្រាប់អ្នកនេសាទនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វារ។ លុយរកមិនសូវបានដោយសារការនេសាទត្រីមិនសូវបានផល។ ប៉ុន្តែការរកលុយមិនសូវបានជាការលំបាកល្មមទេ។ ឯរឿងធំនោះគឺ ពលរដ្ឋខ្មែរអ៊ីស្លាមទាំង ៧៧ គ្រួសារនៅទីនោះកំពុងប្រឈមនឹងការបណ្តេញចេញពីទីតាំងដែលគេធ្លាប់ចាត់ទុកថាជាភូមិដ្ឋានរបស់ខ្លួនអស់ជាង២០ឆ្នាំមកហើយ។ ភូមិដ្ឋាននោះគឺជាផ្ទះលើទូក និងខ្ទមតូចៗស្ថិតនៅលើច្រាំងទន្លេចតុមុខ ក្បែរសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ ថ្មីៗនេះ អាជ្ញាធរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានបញ្ជាឱ្យសហគមន៍នេសាទនេះរើចេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភណ្ឌភាពជុំវិញសណ្ឋាគារ សម្រាប់ត្រៀមទទួលភ្ញៀវអន្តរជាតិដែលនឹងមកចូលរួមប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅឆ្នាំ២០២០។

ទោះបីអ្វីៗគ្រប់យ៉ាងសុទ្ធតែប្រើទូកជាមធ្យោបាយ ប៉ុន្តែពួកគេនៅតែត្រូវការដីមាត់ច្រាំងទន្លេ
សម្រាប់សហគមន៍នេសាទរបស់ពួកគេចុះសំចតផងដែរ។ 

អ្នកភូមិដែលប្រឈមនឹងការបណ្តេញ យំក៏មិនចេញ ស្រែកក៏មិនឮ
«បច្ចុប្បន្នប្រជាជនខ្មែរអ៊ីស្លាមនៅទីនេះកំពុងជួបការលំបាកដោយសារមិនសូវសម្បូរត្រីសម្រាប់នេសាទក្នុងរដូវត្រីឡើង ហើយថ្មីៗនេះអាជ្ញាធរចាប់ផ្ដើមឲ្យអ្នកភូមិរើទីលំនៅទៀត។ ក្រោយពីបានលឺថា អាជ្ញាធរនឹងបណ្ដេញចេញ កាន់តែមានការព្រួយបារម្ភព្រោះ អ្នកភូមិប្រកបមុខរបរនៅទីនេះស្រាប់ ប្រសិនបើគេបណ្ដេញចេញ អ្នកភូមិនៅទីនេះមិនមានមុខរបរណាផ្សេងពីនេះឡើយ»។

ទាំងនេះគឺជាការរៀបរាប់របស់អ្នកស្រី ម៉ាត់ សុមតាស អាយុ ៥៣ឆ្នាំ ដែលអង្គុយនៅក្នុងខ្ទមតូចមួយប្រក់ដំបូលដោយមាន ផ្ទាំងកៅស៊ូផ្សព្វផ្សាយពាណិជ្ជកម្ម មានសរសរឈើតូចៗ ស្ថិតជាប់នឹងឆ្នេរទន្លេចតុមុខ។

ជាប្រជាពលរដ្ឋរស់នៅតំបន់នោះអស់រយៈពេល ២០ឆ្នាំ ដោយនាពេលបច្ចុប្បន្ននេះអ្នកស្រីមានអាយុ ៥៣ ឆ្នាំ ដែលប្រកបរបរស៊ីឈ្នួលចងមងតាំងពីដើមរៀងមក។ អ្នកស្រីបានបន្ថែមថា ៖ «ពីមុនបើខែត្រីត្រូវគ្មានភ្លៀងខ្យល់អ្នកភូមិអាចរកបានម្នាក់១ ៥០០ ០០០រៀល ក្នុងមួយរដូវចាប់ពីខែតុលាដល់ខែធ្នូ ប៉ុន្តែសម្រាប់ខែនេះខ្យល់ខ្លាំងពិបាករកត្រីណាស់ អ្នកភូមិខ្លះមិនមានលុយឲ្យកូនទៅរៀនទេ អ្នកភូមិខ្លះត្រូវដាច់បាយព្រោះរកមិនសូវបាន»។

យុវជន យ៉ា អាយូ មានដើមកំណើតនៅក្នុងភូមិចុងកោះតាំងពីដើមរៀងមក ហើយជាគ្រួសារអ្នកនេសាទដែរនោះ បានរៀបរាប់អំពីទុក្ខលំបាកថា ៖ «ចំណូលដែលបានមកពីការនេសាទក៏មិនទៀងដែរ មានពេលខ្លះរកមិនបានសោះសូម្បីតែ១០០០រៀលលុយខ្មែរ ហើយក៏មានពេលខ្លះដែលគេហាមឃាត់មិនឲ្យនេសាទ»។

អ្នកនេសាទកំពុងចាប់ត្រីចេញពីមង បន្ទាប់ពីនេសាទបានរួច ដោយពួកគេស្ទាត់ជំនាញខាងការងារនេសាទត្រី
តពីមួយជំនាន់ទៅមួយជំនាន់។

យោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិចិ្ឆកា ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលនេសាទគ្រួសារក្នុងដែននេសាទអនុវត្ត សរុបរយៈពេល១១ខែបានចំនួន ២៧២ ១០០ តោន ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ ២០១៨ ថយចុះចំនួន ១០៨ ៩៣០តោន។
ការថយចុះនេះដោយសារតែនៅរដូវវស្សាឆ្នាំនេះ ទឹកធំឡើងយឺត ហើយនៅពេលស្រកវិញលឿន ដែលជាហេតុធ្វើឱ្យត្រីពងកូនមិនបានច្រើន។

មុខរបរដែលរសាត់អណ្តែតតាមផ្ទៃទឹក
ជាមុខរបរដែលប្រឈមគ្រោះថ្នាក់គ្រប់ពេលវេលានេះ ត្រូវបានបន្សល់ពីដូនតាមក និងជាមុខរបរមិនសូវបានសម្រាកទេ អ្នកនេសាទចេញនេសាទចាប់ពីម៉ោង៣ ភ្លឺដល់៧ព្រឹក ទើបយកមកលក់ម្ដងដោយមានឈ្មួញទិញជាបន្តបន្ទាប់។ ហើយចេញម្តងទៀតពីម៉ោង៧ព្រលប់ទៅម៉ោង ២ទាបភ្លឺ ហើយមានឈ្មួញយកត្រីទៅលក់តប្រហែលម៉ោង៣ភ្លឺ។

អ្នកនេសាទនាំគ្នាកំពុងជិះទូកនេសាទរបស់ពួកគេមកលើគោកវិញ ក្រោយពីនេសាទរួច។​

វេលាម៉ោងប្រមាណ ១០ព្រឹក អ្នកនេសាទវ័យ ៤៩ឆ្នាំប្លាយបានត្រឡប់ពីនេសាទវិញ នោះគឺលោកពូ កុលដែលកំពុងអង្គុយក្នុងទូកនេសាទធំល្មមដែលចតនៅខាងក្រោយខ្ទមរបស់ខ្លួនជាមួយកូន៣នាក់ទៀត ខណៈដែលភរិយារបស់គាត់កំពុងធ្វើម្ហូបលើទូក។

លោកពូបាននិយាយថា ៖ ‍‌«ក្នុងរដូវត្រីត្រូវ ដែលជារដូវកាលធ្វើប្រហុក គឺចន្លោះពីខែ១០ដល់ខែ១២ ពួកគាត់មានចំណូលខ្លះ ចំណែកឯ៩ខែដែលនៅសល់ មិនសូវសម្បូរត្រីប៉ុន្មានទេ ទោះបីយ៉ាងណាក្តីប្រជាជននៅទីនោះនៅតែនេសាទដដែល ពោលគឺរកដើម្បីមួយរស់ៗប៉ុណ្ណោះ ម្យ៉ាងទៀតឆ្នាំនេះ ក្សត់ជាងរាល់ឆ្នាំពិបាករកត្រីណាស់»។

ពូ កុល បានផ្ញើរជីវិតលើទឹកជិត២០ឆ្នាំហើយដោយយកទូកធ្វើជាផ្ទះ ហើយមានសង់រោងសម្រាប់ពេលមានខ្យល់ខ្លាំងៗម្តងម្កាល។ លោកបានរៀបរាប់អំពីសាវតានៃការកកើតភូមិចុងកោះនេះថា ៖ ‍‌ «កាលពីដើមឡើយ ដីដែលធ្លាប់រស់នៅពីមុន ដែលបច្ចុប្បន្នជាអាគារបូយុង គឺជាលំនៅដ្ឋានរបស់ពូ កុល និងអ្នកភូមិដែលកាលពី១៨ឆ្នាំមុនត្រូវបានគេហៅថា ភូមិ៣សាសន៍ ប៉ុន្ដែត្រូវបានលក់ឲ្យក្រុមហ៊ុន»។

លោកបានបន្ថែមថា ៖ ‍‌ «ក្រោយមកក្នុងកំឡុងឆ្នាំ២០០៤ អ្នកភូមិទាំងអស់បានប្ដូរទីលំនៅទៅកាន់ព្រែកអញ្ចាញវិញ។ នៅទីនេះបញ្ហាប្រឈមជាងគេគឺឆ្ងាយពីសាលា មិនមានមន្ទីរពេទ្យ បញ្ហាអនាម័យ និងបញ្ហាអាកាសធាតុដូចជា ខ្យល់ ភ្លៀងជាដើម។ ក្រោយមកអ្នកភូមិបានស្នើរសុំអាជ្ងាធរមករស់នៅតាមឆ្នេរទន្លេចតុមុខនេះ ដែលជាដីរបស់រដ្ឋជាបណ្តោះអាសន្នរហូតមកដល់បច្ចុប្បន្ននេះ បានកកើតជាភូមិចុងកោះ»។


ទុក្ខជាន់ទុក្ខ
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ២០១៩ រដ្ឋបាលខណ្ឌជ្រោយចង្វារបានចេញសេចក្តីជូនដំណឹង តម្រូវឲ្យប្រជាពលរដ្ឋខ្មែរកំពុងរស់នៅលើដីច្រាំងទន្លេ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រុះរើសំណង់របស់ខ្លួនចេញក្នុងរយៈពេលមួយសប្តាហ៍។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា សំណង់រោងរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលមានការចូលរួមពីថ្នាក់ដឹកនាំពីបណ្តាប្រទេសធំៗ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM លើកទី ១៤ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប២០២០ ក្រោមប្រធានបទ «ពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួមគ្នា» ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយពីបានលឺថា អាជ្ញាធរនឹងបណ្ដេញចេញអ្នកភូមិកាន់តែមានការព្រួយបារម្ភបន្ថែមទៀត ខណៈពេលមុខរបរនេសាទកំពុងតែជួបការលំបាក។

អ្នកស្រី ម៉ាត់ សុមតាស និយាយដោយទឹកភ្នែករលីងរលោងថា ៖«នៅទីនេះហើយ ដែលជាកន្លែងគេរកត្រី សម្បូរត្រីច្រើន បើឲ្យទៅរកទន្លេផ្សេងក៏មិនសូវសម្បូរត្រីដូចនៅទីនេះដែរ។ ហើយបើជួលផ្ទះគេនៅ ពិបាករឿងទុកទូកចោលគ្មានអ្នកមើល។ ប្រសិនបើគេឲ្យ ចតទូកបាន ខ្ញុំសុខចិត្តសង់រោងទៅតាមទឹក ហើយសុំចតទូកតាមច្រាំងទន្លេ»។

ក្រោយពេលដែលអាជ្ញាធរគ្រោងនឹងបណ្តេញចេញ ក្មេងជំនាន់ក្រោយរបស់ខ្មែរអ៊ីស្លាមដែលរស់នៅក្នុងភូមិចុងកោះខណ្ឌជ្រោយចង្វា តាមឆ្នេរមាត់ទន្លេនេះ ក៏មានបញ្ហាប្រឈមចំពោះការសិក្សារបស់ក្មេងៗដែរ។

អ្នកស្រីបានបន្ថែមថា ៖«រាល់ថ្ងៃក្មេងៗនៅតំបន់នោះត្រូវបានម្ដាយឪពុកផ្ញើរតាមទូកអ្នកនេសាទទាំងនោះ ដើម្បីបានទៅរៀន។ បើរើទៅកន្លែងផ្សេងក្មេងៗ មិនដឹងត្រូវទៅរៀននៅកន្លែងណាទេ ម្យ៉ាងទៀតត្រូវខកខានការសិក្សាដោយសារការរើទីលំនៅមិនច្បាស់កន្លែង»។

ជាអតីតក្មេងរើសសម្រាម បានចាប់ផ្តើមចូលរៀថ្នាក់ទី១ គ្រានៅអាយុ១២ ឆ្នាំ ក្រោយពេលដែលមានការលើកទឹកចិត្តឲ្យចូលរៀនពីអង្គការមួយ នោះគឺ យុវជន យ៉ា អាយូ  ដែលនាពេលបច្ចុប្បន្ននេះ យ៉ា អាយូ មានអាយុ ២៤ ឆ្នាំហើយ រៀនថ្នាក់ទី ១១ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វា រូបលោកមានការព្រួយបារម្ភចំពោះការសិក្សារបស់ខ្លួនយ៉ាងខ្លាំង ក្រោយពេលដែលអាជ្ញាធរគ្រោងនឹងបណ្តេញចេញ។

យ៉ា អាយូ បានរៀបរាប់ថា ៖«ការសិក្សារបស់លោកនឹងត្រូវខកខានប្រសិនបើមានការរុះរើមែន ព្រោះលោកត្រូវដូរសាលា ហើយប្រសិនបើដូរយឺតយ៉ាវអាចនឹងខាតការសិក្សាមួយឆ្នាំ ព្រោះមិនទាន់ដឹងថាត្រូវរស់នៅទីណា ត្រូវរៀនសាលាណា»។

ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យ៉ា អាយូ ជាយុវជនម្នាក់ដែលមានការតស៊ូតាំងពីដើមរៀងមក បានប្ដេជ្ញាចិត្តថានឹងរៀនឲ្យចប់ថ្នាក់ទី១២ ទោះជាត្រូវខាតមួយឆ្នាំក៏ដោយ។ យ៉ាងណាមិញ លោកក៏មានគោលបំណងក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្ត ប៉ុន្តែបច្ចុប្បន្នលោកមិនទាន់បានសម្រចចិត្តថានឹងត្រូវរើសយកមុខវិជ្ជាមួយថាសម្រាប់សកលវិទ្យាល័យឡើយ។


អនាគតនៅមិនទាន់ច្បាស់

ប្រជាពលរដ្ឋនៅទីនេះមានការបារម្ភចំពោះថ្ងៃអនាគត ព្រោះមិនដឹងថាត្រូវទៅនៅកន្លែងណា ជីវិតត្រូវរសាត់អណ្ដែតដូចចកក្នុងទឹកទើត្រឹមណានៅត្រឹមនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនដែលរស់នៅតំបន់នោះមិនបដិសេធក្នុងការដាក់ចេញរបស់សំណើរអាជ្ងាធរនោះឡើយ ដោយពួកគាត់បានរុះរើសំណង់រោងនោះចេញតាមសំណើរបស់អាជ្ញារក្នុងរយៈពេលមួយសប្ដាហ៍  ដោយទុកតែទូកតាមមាត់ទន្លេ សម្រាប់ស្នាក់នៅតែប៉ុណ្ណោះ ដោយសារសព្វថ្ងៃនេះពួកគាត់មិនទាន់មានជម្រកទីតាំងថ្មីសម្រាប់ស្នាក់បន្តឡើយ។

លោកអ៊ី យូ អ្នកនេសាទវ័យ៦០ឆ្នាំ ជាប្រធានគ្រប់គ្រងភូមិចុងកោះ និងអ្នកតំណាងប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា៖ «ក្រោយពេលលោកទទួលដំណឹងពីអាជ្ញាធរមក លោកសុខចិត្តស្នើរឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្ដរុះរើសំណង់នោះចេញដោយខ្លួនឯង ដោយលោកមិនចង់អាជ្ញាធរប្រើប្រាស់កម្លាំងមករុះសំណង់រោងនោះទេ វាហាក់បីមើលទៅអាក្រក់ដល់រាជរដ្ឋាភិបាលពេក»។

ក្រោយពេលដែលអាជ្ញាធរបានចេញសេចក្តីជូនដំណឹង ប្រជាពលរដ្ឋបានធ្វើលិខិតស្នើរសុំអាជ្ញាធរខណ្ឌជ្រោយចង្វារ ឲ្យពន្យាពេល២ខែ ឲ្យពួកគាត់ដើររកកន្លែង ដើម្បីជួលសម្រាប់នេសាទក៏ដូចជាស្នាក់នៅ។


ពួកគេនឹងប្រឈមនឹងការឲ្យចាកចេញពីផ្ទះបណ្តោះអាសន្នតាមច្រាំងទន្លេទាំងនោះ។ 

លោកអ៊ី យូ បានបន្ថែមថា៖ «លោក និងប្រជាជនត្រៀមខ្លួនរួចជាស្រេចនៅពេលដែលគេដេញ ប៉ុន្ដែលោកក៏បានសំណូមពរឲ្យអាជ្ញារធរប្រាប់ដំណឹងមុនក្នុងរយៈពេលមួយខែមុន ដើម្បីត្រៀមលក្ខណៈ។ លោកមិនដែលប្រឆាំងទេ ប៉ុន្ដែលោកចង់ឲ្យរដ្ឋាភិបាលពន្យាពេលឲ្យលោក និងប្រជាជន ដើម្បីឲ្យមានពេលវេលាស្វែងរកទីតាំងថ្មី»។

យុវជន យ៉ា អាយូ បានមានចំណាប់អារម្មណ៍ថា ៖«ប្រសិនបើមានការកំណត់ត្រឹមត្រូវថាត្រូវរុះរើខែណា ឬទៅកន្លែងណាឲ្យប្រាកដងាយស្រួលក្នុងការត្រៀមខ្លួនរៀបចំ ព្រោះការស្នើរសុំឲ្យរើរបស់អាជ្ងាធរឲ្យមានការរុះរើហាក់បីដូចជាឆាប់រហ័សពេក»។

រហូតដល់ពេលនេះ អាជ្ញាធរខណ្ឌជ្រោយចង្វារនៅមិនទាន់មានដំណោះស្រាយ និងមិនមានការឆ្លើយតបចំពោះសំណើររបស់ប្រជាពលរដ្ឋនេះឡើយ។

ដង្ហោយរកជំនួយ
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋអ្នកនេសាទក្រីក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មិនដឹងជាទៅណា រកកន្លែងណាសុំគេជួយគ្មាននរណាជួយ បានខិតខំស្វះស្វែងរកជំនួយស្ទើរគ្រប់ស្ថាប័នទាំងអស់ ទាំងអាជ្ញារធរដែនដី ទាំងសមាគមន៍ខ្មែរអ៊ីស្លាម ទាំងមូស្លីម ដើម្បីទិញដីបង្កើតភូមិថ្មីរស់នៅនឹងគេ។

យ៉ាងណាមិញប្រជាពលរដ្ឋនៅទីនេះបានស្វែងរកដីលក់មានតម្លៃថោកមួយកន្លែង ដែលមានទីតាំងស្ថិតនៅព្រែកឃ្លោក ខេត្តកណ្តាល ក្នុងតម្លៃ៤២០០០ដុល្លាក្នុងមួយហិកតា ជាទីតាំងមួយ ដែលប្រជាជនអាចចតទូក និងសង់ទីលំនៅបាន ដែលប្រជាពលរដ្ឋកំពុងស្នើសុំជំនួយពីមជ្ឃដ្ឋាននានា។

លោកអ៊ី យូ មានទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋបានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វះស្វែងរកដំណោះស្រាយ ជូនដល់ប្រជាពលរដ្ឋរបស់លោក ក្នុងនាមលោកជាប្រធានគ្រប់គ្រងនៅភូមិចុងកោះនេះ បានសំណូមពរដល់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ទាំងអាជ្ញាធរដែនដីឲ្យជួយពួកគាត់ ប្រសិនបើមានអ្នកជួយមែនពួកគាត់មិនភ្លេចគុណមួយជីវិត។

ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សបាននិយាយថា រដ្ឋាភិបាលគួរដោះស្រាយ និងរកទីលំនៅថ្មីសម្រាប់គ្រួសារទាំងនេះ បើសិនជាពួកគាត់រកដីមិនទាន់បានអាជ្ញាធរ ឬរដ្ឋាភិបាលត្រូវជួយពិនិត្យមើល និងសម្របសម្រួល ស្វែងរកទីតាំងណាមួយឲ្យគាត់រស់នៅបាន ចាំបន្តគម្រោង ជៀសជាងបណ្ដេញប្រជាជនចេញដោយសំអាងលើការធ្វើតាមឱសានវាទ។

លោកសឹង សែនករុណា មន្ត្រីជាន់ខ្ពស់ និងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្តល់កិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទថា៖ «ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជា កាតព្វកិច្ចនេះគឺស្ថិតនៅលើរដ្ឋាភិបាលជាអ្នកដោះស្រាយ។ ការពិតសោភណភាពទីក្រុងគឺជារឿងមួយ ប៉ុន្ដែនៅពេលដែលយើងចង់បានទីតាំងណាមួយ ឬការរៀបចំអ្វីមួយ លុះត្រាយើងមានដំណោះស្រាយដល់ប្រជាពលរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។»

លោកបានបន្តទៀតថា៖ «បើយើងពិនិត្យមើលទៅវាចម្លែកត្រង់ថា រឿងនៅខេត្តកំពង់ឆ្នាំង មុននឹងគេបន្លាស់ទីជនជាតិរៀតណាម ឬខ្មែរឥស្លាមដែលនៅតំបន់នោះ គឺគេបានរកទីតាំងថ្មីមួយ ហើយក៏មានការបែងចែកដីឲ្យពួកគេរស់នៅ»។

នាពេលថ្មីៗ ប្រជាជនខ្មែរ ខ្មែរឥស្លាម និងជនអន្តោប្រវេសន៍វៀតណាមជាង៤ពាន់គ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ក៏ត្រូវបានអាជ្ញាធរឲ្យរុះរើសចេញពីតំបន់នេះដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នេះបានទទួលដំណោះស្រាយពីរដ្ឋបាលខេត្តកំពង់ឆ្នាំង។

នេះបើយោងតាមសេចក្ដីបញ្ជាក់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីចុងខែវិច្ឆិកាកន្លងទៅ អភិបាលខេត្តកំពង់ឆ្នាំងបានលក់ និងជួលដីតម្លៃថោកចំនួន៤០ហិកតា ដើម្បីឲ្យប្រជាជនខ្មែរ ខ្មែរឥស្លាមនិងជនអន្តោប្រវេសន៍វៀតណាមជាង៤ពាន់គ្រួសារដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹកតាមដងទន្លេសាប មករស់នៅលើគោកវិញ។

លោកសឹង សែនករុណា  បានបន្តថា ៖ «បើសិនជារដ្ឋាភិបាលមិនព្រមគិតដោះស្រាយបញ្ហានេះជូនទៅប្រជាពលរដ្ឋ គឺជាការរំលោភសិទ្ធិលំនៅដ្ឋាន សិទ្ធិមានដីធ្លីរបស់ប្រជាជន ដែលរដ្ឋាភិបាលបានផ្ដល់សត្យាប័ណ្ឌទៅលើកត្តិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ នយោបាយ សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ជាដើម។»

ទោះបីយ៉ាងណាក្តី ប្រជាពលរដ្ឋទាំង៧៧គ្រួសារនៅតំបន់នោះនឹងមានក្តីសង្ឃឹមចំពោះរដ្ឋាភិបាល អង្គការ សមាគមន៍ និងម្ចាស់ជំនួយទាំងឡាយ នឹងមានទឹកចិត្តអាណិតអាសូរជួយដល់ពួកគាត់ ដើម្បីទទួលបានទីតាំងមួយថ្មីសម្រាប់រស់នៅបន្តទៀត៕

ដោយ៖ នូ វិរៈ

X
5s