ពាក្យ ២ឃ្លាសំខាន់ ក្នុងហិរញ្ញវត្ថុ​



បើចង់ប្រើលុយដើម្បីទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មានភាពធូស្បើយមិនបារម្ភពីរឿងលុយ យើងគួរតែស្គាល់ពាក្យ ២ឃ្លាដ៏សំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ៖ ពាក្យដំបូងគឺ «លំហូរល្អ» និងពាក្យទីពីរគឺ «ភាពស្តុកស្តម្ភ»។

១) លំហូរល្អ (Liquidity)  គឺសំដៅលើជីវិតរស់នៅ មានហូបចុកគ្រប់គ្រាន់ សល់លុយសន្សំ ដែលរឹតតែល្អគឺនៅសល់សន្សំយ៉ាងហោច១០% ន័យប្រាក់ចំណូលដែលរកបានជារៀងរាល់ខែបែបនេះហៅថា លំហូរល្អ ។ 

បើរកចំណូលបានគ្រប់ហូបចុក ឬមានចាយវាយគ្រប់គ្រាន់ តែមិនអាចសន្សំ ឬបើទោះជាសន្សំក៏មិនបាន១០%  បែបនេះហៅថា លំហូរមិនល្អ ដូចច្នេះត្រូវតែប្រញាប់កែសម្រួលឲ្យមានលំហូរល្អជាមុនសិន ព្រោះបើគ្រាន់តែលំហូរល្អយើងធ្វើមិនទាន់មានផង ភាពស្តុកស្តម្ភ(មានបាន) ប្រាកដជានៅឆ្ងាយដូចមេឃមិនងាយទៅដល់នោះទេ។

ខ្ញុំឃើញមនុស្សជាច្រើនដែលពូកែរកលុយ តែសន្សំលុយមិនដែលសល់ អ្នកខ្លះមានអាជីវកម្ម  មានអាជីពច្រើន រកលុយបានច្រើនពីអាជីវកម្ម និងអាជីព រកបានច្រើនតែទុកមិនសល់ ដោយសារមិនមិនចេះគ្រប់គ្រង ចាត់ចែងលុយ។ បានមកមួយភ្លែតក៏ទៅបាត់អស់ ហើយចេះតែឆ្ងល់ថា «លុយបាត់ទៅណាអស់» ប្រាក់ខែបើកបានក៏ចាយអស់ មានការងារក្រៅម៉ោង ចំណូលពិសេសក៏ចាយច្របូក ច្របល់ចូលគ្នាពេញហ្នឹង លក់របស់អ្វីបានយកដាក់ចូលគ្នាទាំងអស់។ មិនរៀបចំបែងចែកអោយច្បាស់លាស់ ប្រើបូកឡូកពេញហ្នឹង ចុងក្រោយហត់ស្ទើស្លាប់ស្ទើរស់តែមិនសល់លុយទាល់តែសោះ។ ពាងទឹក ទោះធំប៉ុណ្ណាតែបើវាធ្លាយហើយគឺមិនអាចរក្សាទឹកបាននោះទេ រឿងលុយក៏ដូចតែគ្នា រកបានមិនចេះទុកដាក់គ្មានសល់នោះទេ។

២) ភាពស្តុកស្តម្ភ (Wealth) គឺជាលំហូរសាច់ប្រាក់ដែលនៅសល់ (សន្សំទុកដាក់) តាមរយៈទ្រព្យផ្សេងៗ វាស់វែងបានតាមរយៈតំលៃរបស់ទ្រព្យសម្បត្តិតាមការរៀបរាប់ឃើញថាភាពស្តុកស្តម្ភគឺជាផលមកពីការមានលំហូរសាច់ប្រាក់ល្អ មនុស្សដែលមានលំហូរសាច់ប្រាក់ល្អជាប់ជាប្រចាំ ទើបមានឱកាសអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកមាន (ស្តុកស្តម្ភ)។

ដូចច្នេះកិច្ចការដំបូងសម្រាប់អ្នករាល់គ្នាដែលគិតចង់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺត្រូវចាត់ចែងលំហូរសាច់ប្រាក់ជារៀងរាល់ខែឲ្យក្លាយជាលេខបូក ព្រោះបើលំហូរប្រចាំខែបូក ខែនេះមានលុយនៅសល់ ខែក្រោយមានលុយសល់ ចរន្តសាច់ប្រាក់ដែលនៅសល់ក៏ចេះតែកើនច្រើនឡើងៗគ្រប់គ្រាន់ឲ្យយើងនាំយកទៅធ្វើដើមទុន រកស៊ី ឬវិនយោគបង្កើនប្រាក់ចំណូលឲ្យរឹតតែច្រើនឡើងៗ រហូតក្លាយជាអ្នកមាន។

ខ្ញុំបានជជែកជាមួយវេជ្ជបណ្ឌិតម្នាក់ អាយុ ៣២ឆ្នាំ មានចំណូលពីកាងាររដ្ឋ និងកាងារក្រៅតាមគ្លីនិកឯកជនផ្សេងៗ រហូតដល់ ៣,៥០០$ ក្នុងមួយខែ តែបែរជាមានលំហូរមិនល្អ (ស្ទះលុយ ឬចាយមិនគ្រប់រាល់ខែ) ដោយសារមានតម្រូវការចំណាយខ្ពស់រហូតដល់ ៤,៣០០$ក្នុងមួយខែ។ នៅពេលដែលសាកសួរលំអិតអំពីការចំណាយ ក៏រកឃើញថាមានការចំណាយមួយដ៏ធំពីការរំលស់ផ្ទះតម្លៃ ជាង៣០ ម៉ីនដុល្លារ ដែលគាត់បានទិញបង់រំលស់។ តាមការពិតក្នុងមួយខែៗគាត់ក៏មិនមានចំណាយអ្វីច្រើនខ្ជះខ្ជាយនោះទេ តែដោយការតព្វកិច្ចរំលស់ផ្ទះរាងច្រើនធ្វើឲ្យចរន្តសាច់ប្រាក់របស់គាត់ខ្វះជារៀងរាល់ខែ។

នៅពេលគ្មានប្រាក់សល់ជារៀងរាល់ខែ នោះគឺមានន័យថា ភាពស្តុកស្តម្ភ ក៏មិនទាន់បានចាប់ផ្តើមនៅឡើយទេ ថែមទាំងត្រូវនឿយហត់រត់រកចំណូលបន្ថែមដើម្បីដោះស្រាយបញ្ហាចំពោះមុខថែមទៀតផង (រកពាងថ្មីដែលធំជាងមុន) ដែលតាមពិតទៅអាជីពរបស់គាត់គឺមិនលំបាកក្នុងការដោះស្រាយលំហូរសាច់ប្រាក់មិនល្អនោះទេ ដោយគ្រាន់តែធ្វើការថែមម៉ោងច្រើនជាងមុនបន្តិចក៏អាចដោះស្រាយបានហើយ។ តែវាល្អជាងបើសិនជាធ្វើតាមតំណើរម្តងបន្តិចៗតាមសម្បទា ដើម្បីឲ្យមានប្រាក់នៅសល់សន្សំជារៀងរាល់ខែ រួចហើយចាំលើកកម្ពស់គុណភាពជីវិតតាមកម្រិតជីវភាពដែលចេះតែមានភាពល្អប្រសើរឡើងៗ តាមការរីកចម្រើននៅពេលក្រោយ។

មានសិស្សខ្ញុំម្នាក់ជាបុគ្គលិកធ្វើការនៅសកលវិទ្យាល័យ ប្រាក់ខែ ៤០០$ តែសន្សំបានមួយខែ ១៥០$ ថែមទាំងសន្សំពីវិធីផ្សេងៗបន្ថែម មួយខែ ៣០$ ផ្សេងទៀត ធ្វើការដោយមានក្តីសុខជារៀងរាល់ខែ ព្រោះមានលុយនៅសល់ នៅពេលមានលុយខួរក្បាលក៏ស្រឡះល្អ នឹកឃើញគំនឹតយកប្រាក់ទៅចុះទុនជួលតូប លក់ការហ្វេនៅក្នុងបរិវេណ សកលវិទ្យាល័យ បានប្រាក់កម្រៃមួយខែ ៥០០$បន្ថែមទៀត (ច្រើនជាងប្រាក់ខែទៀត) ជារៀងរាល់ខែ។

បានស្តាប់រឿងរបស់គាត់ហើយខ្ញុំសួរគាត់លេងៗថា សុំឈប់ពីការងារតែម្តងល្អទេ ព្រោះហាងកាហ្វេមានចំណូលច្រើនជាងប្រាក់ខែហើយហ្នឹង? មិនគួរឲ្យជឿគាត់តបវិញថា អត់ទេលោកគ្រូ ខ្ញុំស្រលាញ់ការងារនេះ ដែលខ្ញុំរកលុយបន្ថែមដោយសារចង់ធ្វើការនេះបន្តទៀតដោយមិនកង្វល់រឿងប្រាក់ចំណូល។

ខ្ញុំជឿថាករណីសិក្សាប្រៀបធៀបខាងលើ អាចឲ្យយើងបានមើលឃើញរូបភាព និងអត្ថន័យរបស់ពាក្យ «លំហូរ» និង «ភាពស្តុកស្តម្ភ» ព្រមទាំងទំនាក់ទំនងរវាងពាក្យទាំងពីរបានយ៉ាងច្បាស់ អ្នកដែលមានចំណូលច្រើនអាចគ្មានលំហូរល្អនោះទេ បើមិនចេះគ្រប់គ្រងចាត់ចែងលុយ ខណៈដែលអ្នកមានប្រាក់ចំណូលតិចមិនប្រាកដថាត្រូវខ្វះខាត វាអាស្រ័យលើការគ្រប់គ្រងចាត់ចែងលុយរបស់បុគ្គលម្នាក់ៗជាគោល។

ទោះបីយ៉ាងណាក៏ដោយ រឿងដែលត្រូវផ្លាស់ប្តូរដើម្បីឲ្យស្របជាមួយពិភពលោកសម័យបច្ចុប្បន្ន គឺការចាត់ចែងលុយដើម្បីឲ្យនៅសល់ ឲ្យមានលំហូរល្អ គឺជាមធ្យោបាយហាក់បីដូចជាហួសសម័យ និងមិនងាយ ព្រោះបច្ចុប្បន្នមនុស្សយើងត្រូវបានទាក់ទាញអារម្មណ៍ដោយការផ្សព្វផ្សាយ និងការធ្វើទីផ្សាដូចនៅលើបាតដៃ ធ្វើឲ្យការកាន់លុយក្នុងដៃរយៈពេល ៣០ថ្ងៃឲ្យនៅសល់ជារឿងដែលពិបាកជាងដកប្រាក់សន្សំមុន រួចហើយចាំប្រើប្រាក់ដែលនៅសល់តាមក្រោយ៕ នៅមាន(ត) នៅភាគក្រោយ 

ដោយ៖ ជា បូណាន ហិរញ្ញវត្ថុរូបវន្តបុគ្គល

X
5s