នាវា​ចូល​មក​កម្ពុជា​លែ​ងពិបាក​ហើយ ក្រសួង​កំពុង​រៀបចំ​អភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់លិខិតអនុញ្ញាត​



ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបញ្ចប់នូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាត ឱ្យនាវាចូលតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា គ្រោងស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំដាក់ដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមធានាតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា និងភាពជឿជាក់ដល់វិនិយោគិន ក៏ដូចជាឆ្លើយតបនឹងស្ថានការនៃការរីករាលដាលនៃជំងឺកូវិដ ១៩។ 

នេះបើតាមឲ្យដឹងរបស់ លោក  រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាត ឱ្យនាវាចូលតាមកំពង់ផែ នៃកម្ពុជា នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០កន្លងមកថា ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា ផ្ដល់ភាពជឿទុក ចិត្តដល់អ្នកផ្ដល់និងអ្នកប្រើប្រាស់សេវា ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដែលធ្វើឱ្យយឺតយ៉ាវក្នុងការចូលចតនាវា។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្ដាប់បទបង្ហាញអំពីវឌ្ឍនភាព ការងារពីភាគីពាក់ព័ន្ធដែលទទួលបន្ទុកក្នុងការ អភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ ដូចជា ប្រតិបត្តិការ និងនីតិវិធីការបំពេញទម្រង់បែបបទចូលចតនាវា ក៏ដូចជានីតិវិធីនៃការទូទាត់ថ្លៃសេវា តាមប្រព័ន្ធអនឡាញ ជាមួយធនាគារឯកទេសវីង និងដើម្បីប្រមូលធាតុចូលបន្ថែមទៀត សំដៅឱ្យការរៀបចំប្រព័ន្ធនេះ កាន់តែមានសុក្រឹតភាព ព្រមទាំងពិភាក្សាពីទិសដៅបន្ទាប់ចំនួន ៥ចំណុច រហូតដល់ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ៖ «ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤.០ នេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ ក្នុងការធ្វើទំនើបកម្ម ការផ្ដល់សេវាសាធារណៈ ការកសាងទីក្រុងឆ្លាតវៃ (Smart City) ការលើកកម្ពស់និងប្ដូរទម្រង់ក្នុងការបំពេញការងារ ព្រមទាំងការលើកកម្ពស់វប្បធម៌ អរិយធម៌របស់ជាតិសាសន៍យើងផងដែរ។លោកបន្ថែមទៀតថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់ នេះក៏ជាការចូលរួមដើម្បីឆ្លើយតប ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ផងដែរ»។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនបត្រអនុញ្ញាតនាវាចូលកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាយន្តការផ្តល់សេវាបណ្តោះអាសន្នមួយ ដើម្បីសម្រួលនីតិវិធីខណៈដែលគម្រោង PORT EDI របស់ជប៉ុន កំពុងត្រូវបានបន្តនីតិវិធីរៀបចំរហូតដល់ដើមឆ្នាំ២០២៣ ទើបរួលរាល់សម្រាប់ដាក់ឱ្យដំណើរការប្រើប្រាស់៕

ដោយ៖ នូ វិរៈ

X
5s