ចាប់ពីពេលនេះទៅ! ជនបរទេសទាំងអស់ត្រូវបង់ថ្លៃសេវាព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក​



ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ តម្លៃសេវាសម្រាប់ជនបរទេសក្នុងការត្រួតពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរបស់រដ្ឋ។  នេះបើយោងតាមលិខិតចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពិថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ នេះ។ 

ចំពោះនីតិវិធីក្នុងការអនុវត្តន៍ ក្រសួងសេដ្ឋកិច្ចបានបង្ហាញថា រាល់ការចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។ ជាមួយគ្នា​នេះ​ ក្រសួងសេដ្ឋកិច្ចសើ្នរឲ្យ ក្រសួងសុខាភិបាលគួរពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យធនាគារមានបញ្ជរនៅស្ថានីយមកដល់ និងស្ថានីយចេញដំណើរ ដើម្បីឱ្យអ្នកដំណើរអាចតម្កល់ប្រាក់ដោយប្តូរយក ប័ណ្ណឥណទាន (Debit Card) សម្រាប់ប្រើប្រាស់ទូទាត់ចំណាយ និងដកប្រាក់នៅសល់យកវិញ។ 

សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋនេះវិញ ក្រសួងសុខាភិបាលគួរតម្រូវឱ្យអ្នកដំណើរ ទិញសេវាធានារ៉ាប់រងក្នុងស្រុក ដើម្បីសម្រួលដល់ការទូទាត់។ ទន្ទឹមនឹងនេះ គួរពិនិត្យអនុញ្ញាតឱ្យក្រុមហ៊ុន ធានារ៉ាប់រងលក់បណ្ណសន្យារ៉ាប់រង ជាមួយបញ្ជររបស់ធនាគារ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងស្ថានីយមកដល់របស់អ្នកដំណើរ ពេលអ្នកដំណើរមកដល់។

បន្ថែមពីនេះ ការដាក់ឱ្យមានប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ គួរត្រូវបានរៀបចំឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន សម្រាប់ឱ្យអ្នកដំណើរអាចបង់ប្រាក់តម្កល់ និងដកប្រាក់នៅសល់វិញ ព្រមទាំងទិញផលិតផល ធានារ៉ាប់រងជំងឺកូវីដ-១៩ ក្នុងគោលដៅសម្រួលដល់អ្នកធ្វើដំណើរចេញចូលប្រទេសកម្ពុជា។

ចំពោះកម្រៃពីសេវាដែលអង្គភាពរដ្ឋ ដូចជា មន្ទីរពេទ្យ និងមន្ទីរពិសោធន៍ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកចំណូលទាំងអស់នោះជាគុណប្រយោជន៍ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួន។ 

ចំណែកគ្រូពេទ្យប្រចាំការនៅសណ្ឋាគារ ឬតាមមណ្ឌលចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភពីកម្រៃសេវាខាងលើ មិនត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ឧបត្ថម្ភត្រួតគ្នា ជាមួយគោលការណ៍ដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការផ្តល់គោលការណ៍ប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធនឹងការរីករាលដាល ជំងឺឆ្លងកូវីដ១៩ ទៀតទេ៕

គួរបញ្ជាក់ផងដែរថា គ្រប់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ ត្រូវមានលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ដែលចេញដោយប្រទេសសាម៉ីនៅក្នុងរយៈពេល ៧២ម៉ោង និងត្រូវមានធានារ៉ាប់រងដែលមានតម្លៃជាទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ។

បន្ថែមពីនេះ រាល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ រួមទាំងពលរដ្ឋកម្ពុជាផងដែរ នឹងត្រូវដាក់ឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅក្នុងមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩។

អានបន្ត៖គិតរហូតមកដល់ពេលនេះ វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន ៣ ត្រូវបានរដ្ឋាភិបាលកម្ពុជាកែសម្រួលជាបន្តបន្ទាប់

ដោយ៖ នូ វិរៈ

X
5s