កុំថាប៉ូលីសចរាចរណ៍យកលុយផាកបានចែកគ្នា មកមើលការបញ្ជាក់ពីស្នងការនគរបាលបានដឹងច្បាស់​



បន្ទាប់ពីមានការអនុវត្តយ៉ាងតឹងរឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ដោយមានការផាកពិន័យជាកំហិត រួមទាំងការតម្លើងថ្លៃផាកពិន័យ ធ្វើមានការលេចឮពាក្យចចាមអារ៉ាមមួយចំនួនថា ប្រាក់ដែលទទួលបានពីការផាកពិន័យ គឺមន្ត្រីចរាចរណ៍យកទៅបែងចែកគ្នា ពោលគឺចូលហោប៉ៅបុគ្គលជាជាងចូលទៅរដ្ឋ។

ដើម្បីបកស្រាយនូវរាល់ចម្ងល់របស់បងប្ងូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រាក់ផាកពិន័យចរាចរណ៍នេះ ឆ្លៀតក្នុងឱកាសសន្និសីទស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ» ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វើការបញ្ជាក់ពីការបែងចែកទឹកប្រាក់ដែលបានពីការផាកពិន័យនេះ។ 

ឯកឧត្តមបានមានប្រសាសន៍ថា គិតមកទល់ពេលនេះមន្រ្តីចរាចរណ៍បានធ្វើការផាកពិន័យយានជំនិះបានប្រមាណជាង ២ម៉ឺនគ្រឿង ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ២ពាន់ ៧លានរៀល ហើយក្នុងទឹកប្រាក់ដែលទទួលបានសរុបគឺត្រូវបែងចែកជា ៤ចំណែកផ្សេងៗគ្នា រួមមាន៖

១) ៧០% បានប្រគល់ជូនមន្រ្តីអនុវត្តផ្ទាល់លើការងារត្រួតពិនិត្យចរាចរណ៍ ដែលយកទឹកប្រាក់នេះជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគាត់ និងធ្វើការប្រគល់ជូនជាប្រាក់សុទ្ធសម្រាប់ពួកគាត់។

២) ១៦% ត្រូវបានបែងចែកទៅនាយកដ្ឋានពាក់ព័ន្ធលើកិច្ចការងារចរាចរណ៍ និងមន្រ្តីដែលទទួលបន្ទុកក្នុងការរៀបចំបែងចែកប្រាក់លើកទឹកចិត្តដល់មន្រ្តីប៉ូលីសចរាចរណ៍អនុវត្តផ្ទាល់

៣) ៩% ត្រូវបានបែងចែកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត

៤) ៥% នៅសល់ត្រូវបែងចែកទៅតាមខណ្ឌ 

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការនគរបាលរាជធានីភ្នំពេញក៏បានមានប្រសាសន៍បញ្ជាក់ថែមទៀតថា៖ «ក្នុងករណីដែលអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់មានការគោរពច្បាប់ចរាចរណ៍បានបានត្រឹមត្រូវ នោះចំនួនទឹកលុយផាកពិន័យក៏នឹងធ្លាក់ចុះដែរ ហើយបើម្នាក់ៗគោរពច្បាប់លែងមានអ្នកល្មើសនោះទឹកលុយនោះនឹងធ្លាក់មកនៅ ០៛ ហើយ។ យើងមិនចង់បានប្រាក់ទាំងនោះពីប្រជាពលរដ្ឋនោះទេ ការរឹតបន្តឹងច្បាប់នេះគឺដើម្បីប្រជាពលរដ្ឋគោរពច្បាប់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតអតិបរមា»៕ 

 

X
5s