អ្នកផ្គង់ផ្គល់សេវាកម្មអាពាហ៍ពិពាហ៍យំ​លែង​ចេញ​ ខណៈរដូវគេការមានបញ្ហាកូវិដ ១៩ ចំណែករដូវវស្សាចូលមកដល់គ្មានអ្នកការ​



្នំពេញ- អ្នកផ្គង់ផ្គល់សេវាកម្មអាពាហ៍ពិពាហ៍ត្រូវបានខាតបង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិក ដោយសារតែរដូវ រៀបមង្គលការមានបញ្ហាផ្ទុកកូវិដ ១៩ ខណៈពេលរដូវវស្សាចូលមកដល់តម្រូវការសេវាកម្មអាពាហ៍ពិពាហ៍ធ្លាក់ចុះ។ បញ្ហានេះ បណ្តាលឲ្យអ្នកផ្គង់ផ្គល់សេវាកម្មអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ជួបប្រឈមទៅនឹងបញ្ហាហិរញ្ញវត្ថុ ស្ទើរតែពេញមួយឆ្នាំ ២០២០។

គួររំលឹកផងដែរថា កាលពីអំឡុងខែមិនា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យបិទក្លឹបកម្សាន្ត រង្គសាល រោងភាពយន្ត ការប្រគំតន្ត្រី និងការជួបជុំបែបសាសនាជាដើម ដើម្បីទប់ស្កាត់ជំងឺកូវិដ ១៩  ជាមួយនឹងវិធានការខាងលើស្រាប់តែមង្គលការជាច្រើន បានពន្យារពេល​​ទាំងបង្ខំ ដោយសារតែការបារម្ភពីជំងឺឆ្លងនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តនានា

អ្នកស្រី កង ស្រីពៅ ជាអ្នកគ្រប់គ្រងសំអាងការមួយកន្លែងនៅរាជធានីភ្នំពេញបាន ឲ្យដឹងថាជាធម្មតានៅចន្លោះខែមករា រហូតដល់ខែឧសភា ជាពេលវេលា និងជាជម្រើសដល់ល្អសម្រាប់រៀបចំនូវកម្មវិធីមង្គលការ ហើយក៏ជាពេលវេលាមួួយនៃតម្រូវការសេវាកម្មអាពាហ៍ពិពាហ៍ ផ្ទុយទៅវិញ នាឆ្នាំនេះចំពេលផ្ទុះកូវី-១៩ បណ្តាលឲ្យមង្គលការជាបន្តបន្ទាប់រំសាយ ព្រោះតែការបារម្ភពីជំងឺឆ្លងនេះ។

អ្នកស្រីបានមានប្រសាសន៍ថា ៖ « ការកក់រោង ត្រូវបានផ្អាកជាបន្តបន្ទាប់ ដោយសារតែការភ័យខ្លាចនៃការប្រមូលផ្តុំក្រុមមនុស្សជាច្រើននៅក្នុងពិធី ដែលអាចបង្កហានិភ័យនៃការឆ្លងនូវជំងឺនេះ ។ បើយើងប្រៀបធៀបនៅក្នុងខែមិនា និង មេសា កាលពីឆ្នាំទៅ គឺជាខែរវល់គ្មានពេលសម្រាកទេ ប៉ុន្តែសម្រាប់ឆ្នាំនេះស្ទើតែមួួយខែពេញទំនេរនៅតែផ្ទះ បន្ទាប់ពីម្ចាស់កម្មវិធី បានលុបចោលកម្មវិធីរបស់ខ្លួន»

ជាមួួយគ្នាដែរ ម្ចាស់ចុងភៅចល័ត ហេង ឧត្តម ក៏ជួបបញ្ហាដូចគ្នានឹងដែរ សម្រាប់ក្នុងមួយរដូវគេរៀបអាពាហ៍ពិពាហ៍នេះត្រូវបានខាតបាត់បង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិក ដោយសារមានការលើកលុបពិធីនេះ

លោក ហេង ឧត្តម មានប្រសាសន៍ថា៖ «ខ្ញុំគិតថា៩០ភាគរយហើយ ដែលនឹងត្រូវរំសាយ។ ប៉ុន្តែទោះបីខាតយ៉ាងណា ក៏មិនបានបន្ទោសនរណាម្នាក់ឡើយ ដោយសារតែបញ្ហានេះ យើងជួបគ្រប់ៗគ្នា នរណាក៏មិនចង់ឲ្យកើតមានដែរ។»

ចំណែកលោក នូ វិបុត្រ ដែលគ្រោងនឹងរៀបចំពិធីមង្គលការរបស់ខ្លួននៅខែចុងខែមេសានេះ ក៏បានប្រកាសរំសាយពិធីផងដែរ លោក វិបុត្រ បាននិយាយថា ៖ «​រាល់ការចំណាយ ដូចជាកក់រោង កក់អីវ៉ាន់នានា គឺត្រូវចោលទាំងអស់ តែរាល់ការចំណាយមួយចំនួន យើងអាចចរចាលើកពេល និងយកថ្លៃកក់វិញបាន »  

ទោះបីបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច និងសកម្មភាពរបស់ប្រជាពលរដ្ឋមានសភាពងើបឡើងវិញជាធម្មតា អ្នកស្រី តាំង គីមណៃ ជាអ្នករកស៊ីជួលសម្ភារៈសម្រាប់តុបតែងលម្អងរោងការ បានសង្កេតឃើញថា នៅក្នុងខែមិថុនានេះ មានបងប្អូនប្រជាពលរដ្ឋចាប់ផ្តើមរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីភ្ជាប់ពាក្យ និងបុណ្យផ្សេងៗជាដើមឡើងវិញ។

ម្ចាស់អាជីវកម្មរូបនេះបានថ្លែងប្រាប់ BIZkhmer តាមរយៈទូរស័ព្ទថា៖ «ក្នុងខែនេះយើងអាចរកបានខ្លះ ជាមធ្យម ខ្ញុំទទួលបានជួល ពីរ ទៅដល់ បួនកម្មវិធីក្នុងមួយថ្ងៃ ក៏ប៉ុន្តែបើប្រៀបធៀបកាលពីឆ្នាំទៅ ចំនួួននេះនៅថយចុះនៅឡើងទេ។ »

ទោះបីខែនេះ អ្នកផ្គង់ផ្គល់សេវាកម្មអាពាហ៍ពិពាហ៍ទាំងឡាយមានសភាពដំណើរការជាធម្មតាវិញ ក៏ប៉ុន្តែសកម្មភាពនេះមិនមានរយៈពេលវែងនោះទេ ខណៈពេលដែររដូវវស្សាកៀកមកដល់ ដែលបណ្តាលឲ្យតម្រូវការសេវាកម្មអាពាហ៍ពិពាហ៍ទាំងនោះធ្លាក់ចុះ។

យ៉ាងណាមិញ អ្នកស្រី តាំង គីមណៃ បានបន្ថែមថា៖ «យើងរកបានតែរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារតែរដូវវស្សាជិតមកដល់ហើយ ចឹងទៅអត់មានពីណាគេរៀបមង្គលនៅរដូវវស្សានោះទេ។ ជារៀងរាល់ឆ្នាំ ខែវស្សានេះ ជាខែសម្រាកនៅផ្ទះ គ្រាន់តែមានពេលខ្លះ យើងចេញនៅរោងកម្មវិធីបុណ្យមួួយចំនួនប៉ុណ្ណោះ។»

បញ្ហាទាំងនេះ បណ្តាលឲ្យអ្នកផ្គង់ផ្គល់សេវាកម្មអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ជួបបញ្ហាប្រឈមទៅនឹង ហិរញ្ញវត្ថុ ស្ទើរតែពេញមួយឆ្នាំ ២០២០។

ម្ចាស់ចុងភៅចល័ត ហេង ឧត្តម បានលើកឡើងថា៖ «ខ្ញុំមានការព្រួយបារម្មណ៍ខ្លាំងដោយសារខែគេរៀបមង្គលការ មិនសូវរកបាន ហើយរដូវស្សាចូលមកដល់ ចឹងខ្លាចមិនអាចគ្រប់គ្រងចំណាយប្រចាំខែបាន ដូចជាការចំណាយលើកម្មករ ជួលឃ្លាំងសម្រាប់ដាក់សម្ភារៈ និងការចំណាយផ្សេងៗជាដើម។‍‍‌»

ជាមួួយគ្នានេះដែរ លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានថ្លែងប្រាប់ឲ្យដឹងថា៖«ចាប់តាំងពីពិភពលោកបានរងនូវការវាយប្រហារដោយវីរុសកូវីដ-១៩ ហើយកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនេះដែរ ដែលធ្វើឲ្យអ្នកបំរើការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងប្រឈមនឹងការរកប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារតែមិនមានអតិថិជន»

ចំណែកឯង អ្នកស្រី កង ស្រីពៅ នឹងមានក្តីសង្ឃឹមថា ស្ថានភាពនៃបញ្ហាទាំងអស់នេះ នឹងត្រឡប់មកសភាដើមវិញជាធម្មតា ជាពិសេសអ្នកស្រីនឹងមានក្តីសង្ឃឹមថា សម្រាប់រដូវក្រោយ សេវាកម្មអាពាហ៍ពិពាហ៍នឹងទទួលបានអតិថិជនកាន់តែច្រើន ក្រោយពេលពីរងការញាំញីកូវីដ ១៩នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានព្យាករ ថាផលិតផលក្នុងស្រុក GDP របស់កម្ពុជានៅឆ្នាំ២០២០នេះ នឹងធ្លាក់មកនៅត្រឹមរង្វង់ -១,៩ ហើយកំណើនសេដ្ឋកិច្ចនេះនឹងងើបឡើងវិញនៅក្នុងរង្វង់ ៣,៥% នៅឆ្នាំ២០២១។ តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនជាអវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជាដូច្នេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃវិស័យចំបងចំនួន៣ គឺវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម

អត្ថបទដោយ៖ នូ វិរៈ

X
5s