ស្ថាបនិក Jobify លោក ស៊ុំ សុផា ផ្តើមចេញពីកម្មវិធីប្រកួតប្រជែងមួយ ឈានទៅដល់បង្កើតអាជីវកម្មបង្កើតថ្មី ជួយស្វែងរកការងារដល់និសិ្សតផ្នែកអាយធីនៅកម្ពុជា​



ភ្នំពេញ- ខណៈកម្ពុជាកំពុងត្រៀមលក្ខណៈសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលជាទីផ្សារមួយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល ដោយសម្លឹងមើលឃើញពីការរីកចម្រើននូវវិស័យមួយនេះ ស្ថាបនិកវ័យក្មេង លោក ស៊ុំ សុផា ជាអ្នកបង្កើតក្រុមហ៊ុន Jobify កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យបច្ចេកវិទ្យាមួយនេះនៅកម្ពុជា។

កំពុងអង្គុយក្នុងបន្ទប់បិទជិតមួយ ដែលបំពាក់ដោយកុំព្យូទ័រ លោក ស៊ុំ សុផា អង្គុយលើកៅអី, ពាក់អាវពណ៌ស្វាយដៃវែង បានរៀបរាប់ពីការចាប់ផ្តើមគម្រោងអាជីវកម្មរបស់លោកដំបូង កាលពីឆ្នាំ ២០១៩ ជាមួយនឹងមិត្តិភក្តិរបស់លោក។ លោក សុផា បច្ចុប្បន្ន គឺជា ស្ថាបនិក Jobify ដែលជាប្រព័ន្ធវេបសាយផ្ដូរផ្គងការងារ និងជួយស្វែងរកការងារដល់សិស្សដែលទើបតែបញ្ចប់ការសិក្សាថ្មីៗ ផ្នែកបច្ចេកវិទ្យា ឬហៅកាត់ថា ជំនាញអាយធី។

នេះជាប្រព័ន្ធវេបសាយសម្រាប់ស្វែងរកការងារផ្នែកបច្ចេកវិទ្យាបង្កើតដោយ
ក្រុមហ៊ុន Jobify (https://jobify.works/)

ចំពោះគោលបំណងនៃការបង្កើតក្រុមហ៊ុនអាជីកម្មនេះឡើង ស្ថាបនិកវ័យក្មេងរូបនេះបានថ្លែងថា៖ « ដោយសារ ខ្ញុំឃើញថាការផ្ដូរផ្គូងការងារ និងតម្រូវការទីផ្សារផ្នែកអាយធីនឹង គឺនៅមានកម្រិត។ ទីមួយគឺដោយសារតែសិស្សអាយធី នៅពេលបញ្ចប់សាកលវិទ្យាល័យ គាត់មិនមានឱកាស សមត្ថ​ភាពរៀបចំខ្លួនគាត់ សម្រាប់ការសម្ភាសន៍ និងរៀបចំប្រវត្តិរូបមួយដែលល្អ ដើម្បីឈានទៅជាប់វគ្គសម្ភាសន៍»។

លោកក៏បានបន្ថែមថា៖ « យើងទាំងអស់គ្នាដឹងស្រាប់ហើយ មួយរយៈមុនឧស្សាហកម្មបច្ចេកវិទ្យានៅកម្ពុជាមានកម្រិតខ្លាំង ចឹងដោយសារយុវជន យើងមិនសូវមានការងារធ្វើផ្នែកនឹង ចឹងបានយើងព្យាមយាមបង្កើតក្រុមហ៊ុននេះ ដើម្បីជួយពួកគាត់រកការងារធ្វើ»។

រំលឹកទៅអតីកាល គម្រោងអាជីវកម្មមួយនេះផ្តើមចេញពីការចូលរួមកម្មវិធីប្រកួតប្រជែងផ្នែក អាជីវកម្មបង្កើតថ្មី(Startup) មួយនៅវិទ្យាសា្ថនបច្ចេកវិទ្យាគិរីរម្យ កាលអំឡុងពេលដែលស្ថាបនិករូបនេះ និងសមាជិកក្រុមផ្សេងទៀតកំពុងសិក្សានាទីនោះ។

យុវសិស្ស ស៊ុ សុផា កំពុងធ្វើបទបង្ហាញគម្រោងអាជីវកម្ម Jobify អំឡុងពេលកំពុងប្រកួងប្រជែង
នៅវិទ្យាសា្ថនបច្ចេកវិទ្យាគិរីរម្យ

លោក សុផា បាននិយាយថា ៖ «ដំបូងសមាជិកពួកយើងបានចូលរួមកម្មវិធីសិក្ខាសាលាជាលក្ខណៈ អាជីវកម្មបង្កើតថ្មី(Startup) មួយ ដែលយើងរៀនពី Business model ពីសិក្ខាសិលាមួយនឹង បន្ទាប់មកក៏យើងមានការប្រកួតគ្នាដោយមាន ១៥ ក្រុមចូលរួមប្រកួត។ អំឡុយពេលប្រកួតនឹង គឺយើងចាប់ផ្តើមរិះរកគំនិត ដោយយើងបានពិភាក្សានៅក្រុមថាយើងមានគំនិតអ្វី ដើម្បីបញ្ជូលគ្នា បង្កើតចេញជាគម្រោងអាជីវកម្មនឹងមក»។

បន្ទាប់ពីសមាជិកក្រុមរបស់លោក បានខិតខំរិះរកគំនិត ចេញជាគម្រោងអាជីកម្មមួយនេះ ដើម្បីយកមកប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀត ជាលទ្ធផល Jobify ឈ្នះទទួលបានជ័យលាភីនៅកម្មវិធីប្រកួតប្រជែងមួយនេះ ដោយសារតែគម្រោងរបស់ក្រុមរូបលោកមានការគាំទ្រពីអ្នកវិនិយោគពីប្រទេសជប៉ុន និងទស្សនិជនដែលគាត់តាមដាននៅកម្មវិធីនេះតែម្តង។

ស្ថាបនិកវ័យក្មេងរូបនេះបាននិយាយបន្ថែមថា៖ «នៅពេលដែលទទួលបានជ័យលាភី យើងក៏យកគម្រោងអាជីកម្ម មកដំណើរជា visual នៅពេលដែរយើងដំណើរកាលយូរៗទៅក៏ចេញជារូបរាងជាប្រព័ន្ធ សម្រាប់ឲ្យក្រុមហ៊ុនដៃគូ និងអ្នកស្វែងរកការងារអាចប្រើប្រាស់បាន បន្ទាប់មកក៏យើងយកគម្រោងអាជីវកម្មមួយនេះទៅចូលក្នុងទីផ្សារកម្ពុជា»។

មកដល់បច្ចុប្បន្នក្រុមហ៊ុនថ្មីថ្មោងមួយនេះ បានចូលក្នុងទីផ្សាររយៈ ៦ ខែហើយ ដោយមានក្រុមហ៊ុនប្រមាណ ២០ ក្រុមហ៊ុនជាងកំពុងបានក្លាយជាដៃគូរសហការ ព្រមទាំងមានការទទួលស្គាល់ និងកោតសរសើរពីក្រុមហ៊ុនទាំងនោះផងដែរ។

ចំពោះបញ្ហាប្រឈមនៃការបង្កើតអាជីវកម្មនេះកាលពីដំបូងឡើងលោក សុផា បានរៀបរាប់ថា៖ «បញ្ហប្រឈម ទីមួយ គឺយើងនៅក្មេងខ្ចីក្នុងទីផ្សារបន្តិច ដោយអត់ទាន់សូវយល់ពីទីផ្សារមួយចំនួន ប៉ុន្តែបន្ទាប់ពីយើងបានចូលក្នុងទីផ្សារទៅយើងបានរៀនច្រើន និងដោះសា្រយបញ្ហាដែលយើងជួបច្រើន។ ចំណែកបញ្ហាប្រឈមមួយទៀតគឺ យើងខ្វះធនធានមនុស្ស ពេលដំបូងៗ យើងដឹងហើយថា យើងមានមនុស្សតិច ប៉ុន្តែបច្ចុប្បន្នយើងមានធនធានមនុស្សត្រឺមត្រូវ ដែលអាចជួយគាំទ្រការងារយើងទៅមុខបន្ថែមទៀត។»

ទោះបីយ៉ាងណាក្តី អាជីវកម្ម Jobify បច្ចុប្បន្នមានសមាជិក ៥ នាក់មានឆន្ទៈក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជាបន្ថែមទៀត ខណៈពេលកម្ពុជាកំពុងជំរុញនៅវិស័យបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងឧស្សាហកម្ម ៤.០។

ចំពោះគោលដៅអនាគតរបស់ក្រុមហ៊ុន Jobify នឹងជំរុញបង្កើនសេដ្ឋកិច្ចកម្ពុជាតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាបន្ថែមទៀត ស្ថាបនិករូបនេះបានថ្លែងថា៖ « គោលដៅទីមួយយើងចង់លើកកម្ពស់ វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសឲ្យមានការរីកចម្រើនខ្លាំង គោលដៅទៅមុនទៀត យើងមិនត្រឹមតែមានការងារនៅស្រុកខ្មែរទេ យើងមានការងារពីប្រទេសជប៉ុនថែមទៀត គឺខាងក្រុមហ៊ុននៅប្រទេសជប៉ុនបានសហការគ្នាជាមួយយើង ឲ្យឱកាសការងារដល់ េបក្ខជនស្រុកខ្មែរទាក់ទងទៅនឹងផ្នែក អាយធីនេះ»។

ក្រុមហ៊ុន Jobify បានចូលរួម និងត្រូវបានលើកឡើងបង្ហាញនៅក្នុងកម្មវិធី
Cambodia-Japan IT/Software Outsourcing Trade Promotion នៅសណ្ឋាគារសុខា

ជាចុងក្រោយ ស្ថាបនិករូបនេះបានលើកទឹកចិត្តឲ្យនិសិ្សតរៀនផ្នែកបច្ចេកវិទ្យា ឬ អាយធី ខិតខំយល់ដឹងពីមូលដ្ឋានគ្រឹះរបស់ពួកគាត់ អំឡុងពេលដែលសិស្សនិស្សិតកំពុងតែសិក្សានៅមុនវិជ្ជាមួយនេះ លោកបានផ្កល់យោគបល់ថា ៖ «និសិ្សតត្រូវចេះស្វះស្វែងរកការងារហាត់ការធ្វើអំឡុងពេលដែលសិស្សនិស្សិតកំពុងតែរៀនឆ្នាំ ទី ២ និង ទី ៣ ដើម្បីឲ្យគាត់ពួកគាត់ពង្រឹកទាំងចំណេះដឹង និងបទពិសោធរបស់ពួកគាត់ផងដែរ។ ក្នុងករណីដែល ពួកគាត់ខ្វះនៅចំណេះដឹងផ្នែករៀបចំប្រវត្តិរូប ដើម្បីស្វែងរកការងារ ពួកគាត់អាចទាក់ទងមក ក្រុមហ៊ុន Jobify ពួកយើងបាននឹងព្យាមយាមអាចជួយពួកគាត់បាន»។

ជាមួួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាបានព្យាយាមប្រឹងប្រែងជំរុញ និងពង្រីកចំណេះដឹងជំនាញផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនង និងវិស្វកម្មនេះកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់ BIZkhmer ឲ្យដឹងថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបង្កើតគោលនយោបាយមួយ ដែលនឹងជួយជំរុញការច្នៃប្រឌិត និងលើកកម្ពស់វិស័យអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មី និងសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា ដើម្បីធ្វើឲ្យមានភាពចំរុះនៃសេដ្ឋកិច្ចកម្ពុជា និងត្រៀមរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។»

គួរបញ្ជាក់ផងដែរថា បើផ្អែកលើការសិក្សាស្តីអំពី ការកំណត់គោលនយោបាយនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ធុនធ្ងន់ មធ្យម និងស្រាល និងឧស្សាហកម្មកែច្នៃ កន្លងមកបានរកឃើញថា កម្ពុជាត្រូវការអ្នកឯកទេសផ្នែក STEM រហូតដល់ចំនួន ៦ ម៉ឺន ៥ ពាន់នាក់ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះធនធាន STEM នៅកម្ពុជាសរុប មានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។ 

អត្ថបទដោយ៖ នូ វិរៈ

X
5s