១៧ កក្កដា ២០២០៖ កូវីដ ១៩ រកឃើញ ៥ ករណីបន្ថែមទៀត ម្តងនេះជាករណីនាំចូលពីអាមេរិក​



ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ នេះថា រកឃើញករណីវិជ្ជមានកូវីដ ១៩ ថែម ៥ ករណីទៀតហើយជាករណីនាំចូលមកពីសហរដ្ឋអាមេរិក។

អ្នកទាំង ៥នាក់រួមមាន បុរសជនជាតិខ្មែរចំនួន ២នាក់ ស្រី្តជនជាតិខ្មែរចំនួន ១នាក់ និងបុរសជនជាតិអាមេរិកចំនួន ២នាក់។ 

ករណី​ជនជាតិខ្មែរចំនួន ៣ នាក់ក្នុងនោះមាន៖

  • ​បុរស​អាយុ ៣៤ ឆ្នាំនិងកូនប្រុសបង្កើតអាយុ ៥ ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅចាក់អង្រែក្រោមរាជធានីភ្នំពេញ បានទៅលេងឪពុកម្ដាយនៅសហរដ្ឋអាមេរិកតាំងពីខែមីនាឆ្នាំ ២០២០ ដោយការធ្វើដំណើររួមជាមួយភរិយានិងកូនស្រីម្នាក់ទៀត ប៉ុន្តែស្ត្រីជាភរិយានិងកូនស្រីមានលទ្ធផលតេស្តលើកទី ១ អវិជ្ជមានកូវីដ ១៩។ 
  • ស្ត្រីវ័យ ៦០ ឆ្នាំ រស់នៅសហរដ្ឋអាមេរិក មានអាស័យដ្ឋានស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថាមានរោគសញ្ញាហៀរសំបោរ ស្រដៀងទៅនឹងផ្ដាសាយ កាលពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២០។ 

ទាំងបីនាក់ខាងលើបានធ្វើដំណើរមកពីសហរដ្ឋអាមេរិចបន្តតាមជើងហោះហើរលេខ BR285 នៅប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ និងបានយកវត្ថុសំណាក់ទៅវិភាគហើយទទួលបានផលវិជ្ជមាននៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ សព្វថ្ងៃកំពុងដាក់ឲ្យនៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោមរាជធានីភ្នំពេញ។

  • ចំណែកឯជនជាតិអាមេរិក ២ នាក់ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ មិនបានទទួលការរាយការណ៍ពីស្ថានទូតអាមេរិចនៅកម្ពុជាអំពីអាយុរបស់ពួកគាត់នោះទេ។ ពួកគាត់គឺជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកកាំងវាចារប្រភេទ A  មានអាសយដ្ឋានស្នាក់នៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជារាជធានីភ្នំពេញ។ ជនជាតិអាមេរិកពីរនាក់នេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០។ លទ្ធផលវិភាគសំណាក់របស់ពួកគាត់រកឃើញថាមានភាពវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ហើយបច្ចុប្បន្ននេះអ្នកទាំងពីរត្រូវបានដាក់ឲ្យស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិករាជធានីភ្នំពេញ។

គិតមកត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១៧១នាក់ហើយ ចំណែកអ្នកជាសះស្បើយមានចំនួន ១៣៣នាក់។ ក្រសួងសុខាភិបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបអនុវត្ត និងរក្សាក្បួនច្បាប់អនាម័យ និងការរស់នៅត្រលប់មកសភាពធម្មតាតាមគន្លងថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩៕

 

X
5s