សមាគមអ្នកទីផ្សារកម្ពុជា និង E-School Cambodia ចុះ MoU ពង្រឹងជំនាញលក់ និងទីផ្សារក្នុងស្ថានភាពកូវីដ ១៩​



រាជាធានីភ្នំពេញ នៅសណ្ឋាគារ សាន់វ៉េរ  ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០៖ សមាគមអ្នកទីផ្សារកម្ពុជា និង E-School Cambodia បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជួយលើកកំពស់ ផ្តល់ និងបណ្តុះបណ្តាល ចំណេះដឹង ជំនាញ និងយុទ្ធសាស្រ្តផ្នែកទីផ្សារ និងលក់ល្អៗដល់សមាជិក ក៏ដូចជាសំរាប់អ្នកទីផ្សារគ្រប់វិស័យនៅកម្ពុជា តាមរយ:កម្មវិធីសិក្សាជំនាញទីផ្សារ និងលក់តាម Online នៅក្នុង App E-School Cambodia ដែលបង្វិកផ្ទាល់ដោយ លោកសាស្រ្ដាចារ្យ លន់ បូរី អ្នកឯកទេស និងជំនាញផែ្នកទីផ្សារ និងលក់ដែលមានបទពិសោធន៍ការងារទីផ្សារ និងលក់ជាក់ស្តែងជាងពីរទសវត្ស។ 

ក្នុងមតិបើកកម្មវិធី លោកសាស្រ្ដាចារ្យ បណ្ឌិត Gio ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកទីផ្សារកម្ពុជា  បានមានប្រសាសន៍លើកឡើងពី ទស្សនវិស័យ និងបេសកកម្មរបស់សមាគមអ្នកទីផ្សារកម្ពុជាក្នុងការជួយជំរុញផលិតភាពការងារធ្វើទីផ្សារតាមសមាជិកនីមួយៗអោយកាន់តែប្រសើរ។ លោកក៏បានបន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នាពិតជាសំខាន់ណាស់សំរាប់សមាជិកទាំងអស់ ក្នុងការជួយលើកកំពស់ ផ្តល់ និងបណ្តុះបណ្តាល ចំណេះដឹង ជំនាញ និងយុទ្ធសាស្រ្តផ្នែកទីផ្សារ និងលក់ល្អៗ ក្នុងស្ថានភាពទីផ្សារដ៏ប្រកួតប្រជែងនាសម័យ Covid-19នេះ។ ហើយលោកក៏បានលើកទឹកចិត្តអោយសមាជិកទាំងអស់ជាវកម្មវិធីសិក្សាដ៏ចំបាច់មួយនេះយកទៅសិក្សាអោយបានគ្រប់គ្រងគ្នា។

ក្នុងនោះផងដែរ លោកសាស្រ្ដាចារ្យ លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ E-School Cambodia បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្រ្ដទីផ្សារ និងអ្នកបម្រើការនៅក្នុងផ្នែកទីផ្សារ និងលក់ទាំងអស់ ត្រូវតែមានសមត្ថភាពខ្ពស់ និងមានយុទ្ធសាស្រ្តល្អៗ ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីដណ្ដើមទីផ្សារជូនក្រុមហ៊ុន និងសំរេចតាមផែនការអាជីវកម្មរបស់ខ្លួន។

លោកសាស្រ្ដាចារ្យបានសង្កត់ធ្ងន់ថា ការបង្រៀនតាមអនឡាញនេះមាន ៦០Videos ហើយត្រូវចែងចែកជាបីកំរិត៖

  • ទី១: ទីប្រឹក្សាលក់
  • ទី២: អ្នកគ្រប់គ្រងផ្នែកលក់
  • ទី៣: នាយកផ្នែកលក់

កម្មវិធីទាំងបីកំរិតខាងលើនេះត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ដោយផ្អែកលើបទពិសោធន៍ការងារទីផ្សារ និងលក់ជាក់ស្តែងជាងពីរទសវត្សរបស់លោកសាស្រ្ដាចារ្យ លន់ បូរី រួមជាមួយការចូលរួមមតិយោបល់ពី ថ្នាក់ដឹកផែ្នកទីផ្សារ និងលក់ដែលមានបទពិសោធន៍ការងារជាក់ស្តែងជាច្រើននាក់ រហូតទទួលបានការទទួលស្គាល់គុណភាពល្អជាផ្លូវការពីសំណាក់សមាគមអ្នកទីផ្សារកម្ពុជា។ 

បន្ថែមពីលើកនោះផងដែរ លោកផាត តូម៉ាស់ ប្រធានសមាគមអ្នកទីផ្សារកម្ពុជាក្នុងអាណ័តទី៤នេះ បានចូលរួមបញ្ចេញមតិសំណេះសំណាល និងមានប្រសាសន៍ថា៖ គណ:គ្រប់គ្រងសមាគមអ្នកទីផ្សារកម្ពុជាការធ្វើទីផ្សារបានវាយតំលៃខ្ពស់ និងទទួលស្គាល់ពេញទំហឹងនូវកម្មវិធីសិក្សាជំនាញទីផ្សារ និងលក់ទាំងបីកំរិតខាងលើ ហើយលោកក៏បានបញ្ជាក់ផងដែរថា ការធើ្វទីផ្សារ និងលក់គឺជាគន្លឹះដ៏សំខាន់ណាស់ ក្នុងការរកចំណូលឲ្យក្រុមហ៊ុន ដូច្នេះហើយ សមាជិកទាំងអស់ ក៏ដូចជាម្ចាស់ក្រុមហ៊ុន មិនអាចមើលរំលងបានឡើយ ដោយសារទីផ្សារកាន់តែចង្អៀន ស្មុគស្មាញ ហើយសម្ពាធពីក្រុមហ៊ុនយីហោធំល្បីៗពីក្រៅប្រទេសថែមដែលតម្រូវឲ្យក្រុមហ៊ុនទាំងអស់ត្រូវពិចារណ៍ ក្នុងការអភិវឌ្ឍខ្លួន និងមានយុទ្ធសាស្រ្តទីផ្សារ និងលក់ឲ្យបានច្បាស់លាស់។

បន្ទាប់មកភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាដោយភាពស្និតស្នាលបំផុត។ ក្នុងនោះផងដែរថ្នាក់ដឹកនាំរបស់ស្ថាប័ណទាំងពីរបានជំរុញ និងលើកទឹកសមាជិកទាំងអស់ ក៏ដូចជាអ្នកទីផ្សារ និងលក់នៅកម្ពុជាទាំងអស់ សូមជាវកម្មវិធីទីផ្សារ និងលក់តាមអនឡាញអោយបានគ្រប់ៗគ្នាតាម App E-School Cambodia៕

 

X
5s