ប្រាក់ចំណូលក្រុមហ៊ុនយក្ស Nike មានការងើបឡើងវិញក្នុងត្រីមាសទី៣ ឆ្នាំនេះ​


Nike Chicago | Photo: Nike Facebook Page

ភាគហ៊ុនរបស់ក្រុមហ៊ុន Nike កើនឡើងខ្ពស់កាលពីថ្ងៃអង្គារបន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍អំពីប្រាក់ចំណូលប្រចាំត្រីមាសទី៣លើការលក់តាមប្រព័ន្ធឌីជីថល ហើយនាយកប្រតិបត្តិរបស់ខ្លួនបានគាំទ្រនិងអបអរសាទរការវិលត្រឡប់មកវិញនៃវិស័យកីឡា។

ក្រុមហ៊ុនយក្សដែលផ្គត់ផ្គង់សម្ភារៈកីឡាមួយនេះ ទទួលរងនូវការខាតបង់យ៉ាងដំណំ នៅត្រីមាសមុនដោយសារតែជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែបានកើនឡើងវីញ ៨២ភាគរយ នៅក្នុងការលក់តាមប្រព័ន្ធឌីជីថលនៅក្នុងចុងត្រីមាសដែលបញ្ចប់នៅ ថ្ងៃទី៣១ ខែសីហា។

លោក John Donahoe នាយកប្រតិបត្តិ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Nike មានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ ដែលធ្វើការលើកម្មវិធីមួយដែលមានឈ្មោះថា Nike Training ខណៈពេលដែលកម្មវិធី Nike Running Club ត្រូវបានអតិថិជនទាញយកច្រើនជាងរាប់លានដង ក្នុងរយៈពេលបួនខែចុងក្រោយ»។

លោក Donahoe បានមានប្រសាសន៍ក្នុងសន្និសីទកាសែតជាមួយថា៖ «មនុស្សមានការចូលរួមកាន់តែច្រើនឡើង ជាចលនានេះឆ្ពោះទៅរកការថែរក្សាសុខភាព និងការហាត់ប្រាណ ដែលខ្ញុំគិតថាពួកគេនឹងអនុវត្តន៍នៅគេហដ្ឋានរបស់ពួកគេក្នុងអំឡុងពេលមានវិបត្តន៍កូវីដ១៩»។

ប្រាក់ចំណូលបានធ្លាក់ចុះមួយភាគរយ ស្មើនឹង ១០,៦ ពាន់លានដុល្លារ ខណៈប្រាក់ចំណូលកើនឡើងនៅចិន និងអឺរ៉ុប មជ្ឈឹមបូព៌ា  អាហ្វ្រិក ប៉ុន្តែការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះតិចតួច។

លទ្ធផលនេះត្រីមាសនេះគឺជាភាពល្អប្រសើរខ្លាំងពីត្រីមាសទី២ នៅពេលដែលក្រុមហ៊ុន Nike បានទទួលការខាតបង់គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីមានការធ្លាក់ចុះ ៣៨ភាគរយ នៃប្រាក់ចំណូលធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន Nike បានវិនិយោគទៅលើបច្ចេកវិទ្យាលើកម្មវិធី ស្មាតហ្វូន និងគំនិតផ្តួចផ្តើមដោយផ្ទាល់ដល់អតិថិជនក្នុងការចំណាយរបស់អ្នកលក់រាយធម្មតា បន្ទាប់ពីការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលជានិន្នាការមួយក្នុងអំឡុងជំងឺឆ្លងកូវីដ១៩។

លោក Matt Friend ប្រធានផ្នែកហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលប្រចាំឆ្នាំនឹងកើនឡើងតួលេខមួយខ្ទង់ធំ ឬពីរខ្ទង់ទាប បើប្រៀបធៀបនឹងឆ្នាំមុន»។

ក្រុមហ៊ុន Nike រំពឹងថា ការកំណត់តម្លៃទំនិញ នឹងមានភាពប្រសើរឡើង នៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែនឹងនៅតែមានសកម្មភាពកើនឡើង។

ភាគហ៊ុនរបស់ក្រុមហ៊ុន Nike បានកើនឡើង ១៣ភាគរយ ដល់ ១៣២,១៨ ដុល្លារក្នុងការជួញដូរបន្ទាប់ពីម៉ោង៕

អត្ថបទ៖ ស្រីណ
ប្រភព៖ Bangkok Post

X
5s