ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ១០)​


លោកស្រីថេតឆឺឡើងថ្លែងបទបាឋកថានៅតាមវេទិកាសាធារណៈអំពីបទពិសោធការងារ

១០- ឆាកជីវិតរបស់លោកស្រីថេតឆឺក្រោយការលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស

បន្ទាប់ពីបញ្ចប់តំណែងនាយករដ្ឋមន្ត្រីជាស្ថាពរ លោកស្រីថេតឆឺមិនទាន់ដកខ្លួនទាំងស្រុងពីអាជីពនយោបាយទេ។ លោកស្រីនៅបន្តធ្វើជាអ្នកតំណាងរាស្ត្ររហូតដល់ឆ្នាំ១៩៩២ បន្ទាប់មក ដូរទៅធ្វើជាសមាជិកព្រឹទ្ធសភាវិញម្ដង។

អំឡុងពេលដប់ឆ្នាំក្រោយការលាលែងពីអាជីពនយោបាយ លោកស្រីយកពេលវេលាដែលនៅសេសសល់ចុងក្រោយដើម្បីឡើងថ្លែងបទបាឋកថានៅតាមវេទិកាសាធារណៈ និងសរសេរសៀវភៅរំឭកអនុស្សាវរីយ៍ ឬប្រវត្តិការងារក្នុងនាមជាអតីតមេដឹកនាំប្រទេសមហាអំណាចដ៏មានកិត្យានុភាពមួយនៅលើពិភពលោក និងជាស្ត្រីរៀមច្បងដ៏លេចធ្លោម្នាក់នៅក្នុងអាជីពនយោបាយ។ ក្នុងនោះ សៀវភៅមួយមានចំណងជើងថា «The Downing Street Years» ចេញផ្សាយឆ្នាំ១៩៩៣, មួយមានចំណងជើងថា «មាគ៌ាឆ្ពោះទៅរកការកាន់អំណាច - The Path to Power» ចេញផ្សាយឆ្នាំ១៩៩៥។ ក្រោយមកនៅឆ្នាំ២០០២ លោកស្រីចេញផ្សាយសៀវភៅមួយក្បាលទៀតមានចំណងជើងថារដ្ឋកិច្ច ឬការចាត់ចែងកិច្ចការរដ្ឋ ( Statecraft) ដែលរៀបរាប់ពីការប្រមើលមើលនៃនយោបាយអន្តរជាតិ និងកិច្ចការពិភពលោក។

 

បន្ទាប់ពីឆ្លងកាត់ការដាច់សរសៃឈាមខួរក្បាលជាច្រើនលើក ច្រើនសា កាលពីអំឡុងឆ្នាំ២០០០ប្លាយ លោកស្រីថេតឆឺលែងបង្ហាញមុខជាសាធារណៈតទៅទៀត។ ប៉ុន្តែច្បាស់ណាស់ថាលោកស្រីនៅតែជាមនុស្សដែលមានឥទ្ធិពលខ្លាំង ដោយមិនទាន់បង្ហាញសញ្ញាថមថយ ឬស្រកស្រុតចុះនៅឡើយទេ។  

 

ក្រោយមក នៅឆ្នាំ២០០៣ លោកស្រីបាត់ភាពម្ចាស់ការទាំងស្រុង បន្ទាប់ពីទទួលដំណឹងថាស្វាមី (ដែលធ្លាប់ជាដៃគូជីវិតរួមរស់នៅជាមួយគ្នារយៈពេលជាង៥០ឆ្នាំ) បានលាចាកលោកនេះ។ ឆ្នាំ២០០៤ លោកស្រីថេតឆឺជូនដំណើរជាលើកចុងក្រោយចំពោះសពលោករ៉ូណលរេហ្គឹន ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយគ្នា ទាំងក្របខណ្ឌឯកជន និងក្របខណ្ឌនយោបាយ។ នៅក្នុងស្ថានភាពដែលលោកស្រីថេតឆឺខ្លួនឯងក៏មិនសូវជាមានសុខភាពមាំទាំអ្វីប៉ុន្មានដែរ លោកស្រីបានអានវិយោគកថានៅក្នុងពិធីបុណ្យសពលោករេហ្គឹនតាមវីឌីអូពីចម្ងាយ។ លោកស្រីបានថ្លែងកោតសរសើរលោករេហ្គឹន ដោយចាត់ទុកលោកជាបុគ្គលឆ្នើមម្នាក់ដែល «ជួយផ្សះផ្សារភាពប្រេះឆារបស់អាមេរិក, ជួយស្ដារកាយពលនៃលោកសេរី និងជួយរំដោះមនុស្សចេញពីក្រញាំដៃរបស់ពួកកុម្មុយនិស្តិដែលរស់នៅវេទនាដូចទាសករ»។

 

ឆ្នាំ២០០៥ លោកស្រីថេតឆឺចូលរួមពិធីខួបកំណើតផ្ទាល់ខ្លួនរបស់លោកស្រីគម្រប់៨០ឆ្នាំ ដែលរៀបចំយ៉ាងអ៊ឹកអធឹក ដើម្បីជាកិត្តិយសចំពោះលោកស្រី និងចូលរួមពីឥស្សរជនសំខាន់ៗ រួមទាំងព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ, លោកថូនីប្ល៊ែ (ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសកាលជំនាន់នោះ), សាច់ញាតិជិតឆ្ងាយ និងអ្នកធ្លាប់រួមការងារ សរុបជាង៦រយនាក់។ ២ឆ្នាំក្រោយមក គេបានសម្ពោធរូបសំណាកលោកស្រីថេតឆឺ ក្នុងនាមជាមេដឹកនាំអភិរក្សនិយមដ៏ឆ្អិនឆ្អៅម្នាក់ ដាក់តាំងនៅវិមានរដ្ឋសភា ទន្ទឹមនឹងរូបសំណាកលោកវីនស្តុនឆឺឆៀល ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងសម័យសង្គ្រាមលោកលើកទី២។ 

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s