ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗ៣ ចុះ MoU ជាមួយគ្នា ក្នុងគោលបំណងបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ឌីជីថល ធំជាងគេនៅកម្ពុជា​



ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Dgigtal Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗ ចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍ បាយ័ន គ្រុប និងក្រុមហ៊ុន ហង្សមាស គ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ ឌីជីថលធំជាងគេ នៅកម្ពុជា ។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការ ដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍ បាយ័ន គ្រុប ព្រមទាំងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ ហង្សមាស គ្រុប ។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករ ឆ្នើមជាច្រើនរូប ។

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុន ថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធីឌី” ដែលមានការចូលរួម ភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍ បាយ័ន និងក្រុមហ៊ុនទូរទស្សន៍ ហង្សមាស ។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលមួយនេះ នឹងដាក់អោយដំណើរការ នូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថល ដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាព សុខដុមរមនា ដល់ក្រុមគ្រួសារកម្ពុជា ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “នេះជាផ្នែកមួយនៃចក្ខុវិស័យ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើអោយប្រទេសកម្ពុជា មានឌីជីថលពេញលេញ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួម សម្រេចអោយបាន ឧស្សាហកម្មជំនាន់ ៤.០ ហើយនេះក៏ជាគំនិតផ្តួចផ្តើមមួយ ក្នុងការដាក់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយ អោយទៅជាប្រព័ន្ធឌីជីថលផងដែរ” ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្តា “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូ សហការគ្នាបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ឌីជីថលថ្មីនេះ ដែលនឹងចូលរួមចំណែក ជួយដល់ការអនុវត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ អោយរាល់បណ្តាញផ្សព្វផ្សាយ របស់ឯកជន និងរដ្ឋ ដើម្បីប្តូរការផ្សាយ ពីអាណាឡូក ទៅជាការផ្សាយលើ ថ្នាលទូរទស្សន៍ឌីជីថលវិញ” ។

ក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សម្លេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ តាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាន នូវការផ្លាស់ប្តូរ ការផ្សាយ ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដោយរលូន អោយបានទាន់ពេលកំណត់ មុនឆ្នាំ២០២៣ ។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅតែប្តេជ្ញាចិត្ត យ៉ាងពេញទំហឹង ក្នុងការគាំទ្រ ការកែប្រែអោយប្រទេសកម្ពុជា មានឌីជីថលពេញលេញ ។ បណ្តាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននឹងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចយុទ្ធសាស្ត្រ ធ្វើអោយប្រទេសកម្ពុជា មានឌីជីថលពេញលេញ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើ ទូស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជា អស់រយៈពេល ២៥ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំ នៅក្នុងឧស្សាហកម្ម សោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ។

សូមរំលឹកថា ក្រុមហ៊ុនទូរទស្សន៍ CBS នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានប៉ុស្តិ៍ទូរទស្សន៍ ដូចជាប៉ុស្តិ៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ ឌីជីថលចំនួន ៣ដូចជា (១) DVB-T ផ្សាយតាមប្រព័ន្ធឌីជីថល មានចំនួន ៧២ប៉ុស្តិ៍ (២) DTH ផ្សាយតាមផ្កាយរណប មានចំនួន ២៦៥ ប៉ុស្តិ៍ (៣) OTT ទូរទស្សន៍ផ្សាយតាមទូរស័ព្ទដៃ មានចំនួន ៨៦ប៉ុស្តិ៍ និងផលិតប៉ុស្តិ៍ទូរស្សន៍ខ្លួនឯង ចំនួន ១១ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11 និង OneTV-E-school ។

ក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន, BTV, កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន ។

ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស ផលិតកម្ម We Pleng Records និងសារព័ត៌មាន ២៤ម៉ោង៕

 

 

 

X
5s