សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រៀមខ្លួនរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​



ភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នឹងរៀបចំកិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) លើកទី៣ សរុបជាង១៥០នាក់ ដើម្បីត្រៀមខ្លួន និងឈានទៅប្រកាសជាផ្លូវការដឹកនាំក្នុងនាមជាម្ចាស់ផ្ទះទទួលពីភារៈរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខដ៏ឆាប់នេះ។

 

សម្រាប់ឆ្នាំ២០២២ ដែលប្រទេសកម្ពុជាជាប្រធានដឹកនាំអាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានទទួលភារៈដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន។ កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុជា នាមជាប្រធានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានចំនួនបីដង និងរៀបចំព្រឹត្តិការណ៍សហគ្រិនអាស៊ានដោយជោគជ័យនិងទទួលបានលទ្ធផលល្អបំផុត។

សម្រាប់មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧នេះ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីសហគ្រិនវ័យក្មេងមកពីបណ្ដាប្រទេសអាស៊ានប្រមាណ ៥០០នាក់ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា និងថ្នាក់ដឹកនាំពីវិស័យសាធារណៈនិងឯកជនពីបណ្តាប្រទេសសមាជិកអាស៊ាននិងអាស៊ានបូកផងដែរ។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧នេះ នឹងប្រារព្ធឡើង ក្រោមមូលបទ «រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា» "RISE STRONGER TOGETHER" ដោយមានគោលបំណងឱ្យម្ចាស់អាជីវកម្មដែលជាសហគ្រិនវ័យក្មេងទាំងអស់ ជំនះលើផលរំខានដែលបណ្តាលមកពីកូវីដ-១៩ តាមរយៈការធ្វើឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួម ជាពិសេសការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងជាពេលដែលយើងត្រូវសម្របខ្លួនទៅនឹងបរិបទថ្មីនេះ។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ជាប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-កម្ពុជា (ABAC) ។

របៀបវារៈសំខាន់ៗមួយចំនួននឹងត្រូវបានលើកយកទៅពិភាក្សាក្នុងកម្មវិធីនេះ ក្នុងនោះរួមមាន វឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP ការវិវត្តវិស័យហិរញ្ញវត្ថុដោយផ្ដោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) យុទ្ធសាស្ត្រទីផ្សារឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាងនេះទៅទៀតកម្មវិធី មហោស្រពសហគ្រិនវ័យក្មេងនេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតតីដ៏ខ្ពស់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ក្នុងនោះ ក៏នឹងមានកម្មវិធីចែកពានរង្វាន់សាហគ្រិនវ័យក្មេងឆ្នើមអាស៊ានដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិតផងដែរ។

តាមរយៈកម្មវិធីមហោស្រពនេះ នឹងជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មក្នុងស្រុក ជាមួយសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បណ្ដាសមាជិកអាស៊ានរួមទាំងកម្ពុជានឹងអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចដោយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េបន្ថែមទៀត៕ 

 

X
5s