អគារពាណិជ្ជកម្មកម្ពស់​ ៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ​



មុខមាត់ទីក្រុងភ្នំពេញពិតជាបានផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល ក្នុងមួយទសវត្សរ៍ចុងក្រោយនេះដែលសំណង់អគារកប់ពពកកំពុង តែសាងសង់សព្វថ្ងៃនេះបានប្រែក្លាយទីក្រុងខ្មោចនេះទៅជាទីក្រុងប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភព លោក។ វត្តមានអគារពាណិជ្ជកម្មកំពស់៧៨ជាន់ ជាលើកតំបូងនៅទីក្រុងភ្នំពេញនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ នឹងបន្ថែមលើចំនួនអគារខ្ពស់ៗជាង៦០០អគារនៅទីក្រុងនេះ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ឈ្មោះថ្មីឲ្យកម្ពុជា “ជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី”។ បុគ្គលិកក្រុមហ៊ុនយុង ឆ័ងបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការឌីសាញប្លង់អគារនេះបានបញ្ចប់ហើយ និងគ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែសាលតាំងបង្ហាញគម្រោងនេះនឹងបើកដំណើរការនៅខែវិច្ឆិកាឆ្នាំនេះ។លោកបន្តថា អគារនេះនឹងប្រើប្រាស់ចម្រុះ រួមមានផ្សារទំនើប ខុនដូ និងសណ្ឋាគារ ព្រមទាំងមានអាងហែលទឹក និងភោជនីយដ្ឋានវិលលើអាកាសនាជាន់ទី៧៨ផងដែរ។ លោកបន្តថា ផែនការប្រើប្រាស់អាគារនេះលំអិត ក៏បានបញ្ចប់ផងដែរ ប៉ុន្តែលោកបដិសេធមិននិយាយលំអិតនោះទេ។ គម្រោងនេះបានទទួលការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។ លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងថា ក្រសួងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនយន្តជ័ង រៀលអេស្ទេត ដើម្បីសាងសង់អាគារកំពស់៧៨ជាន់នេះរួចហើយ។ អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា តាមព៌តមានដែលអ្នកនាងទទួលបាន អគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលនឹងសាងសង់នៅពេលខាងមុខនេះ ប៉ុន្តែដោយសារទីផ្សារនេះមិនសូវល្អ គម្រោងនេះអាចពន្យាពេលសាងសង់។ អ្នកនាងបន្តថា តាមអ្វីដែលជាភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទៅលើអាគារនេះ គំរោងនេះនឹងមិនមានបញ្ហានោះទេ សម្រាប់ទីផ្សារកម្ពុជា។ អ្នកនាងបន្តថាគម្រោងនេះមានទីតាំងនៅក្រោយអគារ The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រ ទោះជាយ៉ាងណាអ្នកនាង មិនបញ្ជាក់ឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះនោះទេ។ ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថាគម្រោងអគារកប់ពពកនេះនឹងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន ស្ថិតនៅលើផ្ទៃដី៤៥០០ម៉ែត្រការ៉េដែលមានតំលៃក្រោម២០លានដុល្លារអាមេរិក។ លោកបន្តថាប្រសិនជាម្ចាស់គម្រោងមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់អគារបញ្ចប់គម្រោងនេះ អគារធំបែបនេះនឹងមិនបញ្ហាសម្រាប់ទីផ្សារនេះនោះទេ។ ប្រសិនជាអគារនេះសាងសង់បញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេទី២នៅទីក្រុងភ្នំពេញ បន្ទាប់ពីអាគារមជ្ឈមណ្ឌលពាណិជ្ជ កម្មថៃ ប៊ុនរ៉ុង១៣៣ជាន់ និងមានកំពស់៥០០ម៉ែត្រ។ លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា កម្ពុជាមានបទបញ្ញត្តិស្តីពីការកំណត់កំពស់អគាររួចហើយ ដូច្នេះប្រសិនជាយើងអនុវត្តន៍ច្បាប់បញ្ញត្តិដែលមានបានល្អ វាមិនត្រឹមតែជួយការពារបាននូវបេតិកភ័ណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ។ លោកបន្តថាតាមធម្មតាការសាងសង់អាគារខ្ពស់បែបនេះ ក្រុមហ៊ុនបានសិក្សាពីបទដ្ឋានបច្ចេកទេសអស់ហើយ ចំណែកក្រសួងជំនាញគ្រាន់តែជាអ្នក ពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការ ណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។ លោកបន្តថា “ការមានអាគារខ្ពស់ៗបែបនេះវាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេតែវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ”។ ចូលអានព័ត៌មាននេះលម្អិតនៅ realestate.com.kh
X
5s