សៀវភៅស្ដីពីមុខជំនួញ និងយុទ្ធសាស្ត្រ ៧ក្បាលល្អៗ អាចទិញបានក្រោមតម្លៃ​ក្រោម​ ៥ដុល្លារ​ក៏​មាន​



សៀវភៅ​និយាយ​អំពី​ការ​ធ្វើជំនួញ និង​យុទ្ធសាស្ត្រ​ដ៏មានឥទ្ធិពលបំផុតគឺ​អាចដោនឡូត និង​ទិញ​បាន​​ពី​បណ្ណាល័យ Amazon Kindle តាមអ៊ីនធឺណិតដើម្បីអានផ្ដល់ជាចំណេះដឹង​ដែល​សៀវភៅ​ទាំង​នោះ​មាន​តម្លៃ​ក្រោម​ ៥​ដុល្លារ​ ហើយ​ក៏​មាន​សៀវភៅ​ខ្លះ​ទៀត​ហ្វ្រ៊ីតែ​ម្ដង។ សៀវភៅទាំង៧ក្បាលដែលផ្ដល់ចំណេះដឹងគ្មានព្រំដែនខាងលើនេះមានដូចតទៅ៖

១ សៀវភៅ "The Art of War" (សតវត្សរ៍ទី៦មុនគ.ស.តម្លៃ២,៩៨ដុល្លារ) សៀវភៅស្ដីពីសិល្បនៃការធ្វើសង្គ្រាម (the Art of War) នេះគឺជាស្នាដៃរបស់លោក ស៊ុន ​​អ៊ូ (Sun Tzu) ​មេទ័ព​​ចិន​ដ៏​ល្បី​ឈ្មោះ​ហើយសៀវភៅនេះត្រូវបាន CEO នៅជុំវិញពិភពលោកពេញនិយមអានជាខ្លាំង។ លោក Rick Wartzman ជានាយកប្រតិបត្តិនៅវិទ្យាស្ថាន the Drucker Institue បានសរសេរនៅក្នុងទស្សនាវដ្ដី Forbes ថា ខ្លឹមសាររបស់សៀវភៅនេះក្រៅពីនិយាយពីសមរភូមិប្រយុទ្ធក៏បាននិយាយពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងការប្រកួតប្រជែងគ្នាដោយពន្យល់ពីវិធីយកឈ្នះសត្រូវដែលមានអំណាចខ្លាំងបំផុតតាមរយៈការអត់ធ្មត់ និងផ្ដោតលើថាមពលផងដែរ។

២ សៀវភៅ "Meditations" (ឆ្នាំ១៧០-180 គ.ស.តម្លៃ១,៧៨ដុល្លារ) លោក Marcus Aure គឺជាអធិរាជនៅសម័យរ៉ូម៉ង់ដ៏អស្ចារ្យដែលល្បីថាជា«ស្ដេចទស្សនវិជ្ជា»។ ការសរសេរពីប្រវត្តិផ្ទាល់ខ្លួនពីជីវិតចុងក្រោយរបស់លោកត្រូវបានផ្ដោតទៅលើ«ការធ្វើសមាធិអប់រំចិត្ត» ហើយសៀវភៅនេះនៅតែមានការពេញនិយមរយៈពេលជិត២០០០ឆ្នាំមកហើយ។ លោក Marcus បានប្រាប់ថា សៀវភៅនេះបានផ្ដល់ចំណេះដឹងគ្រប់សម័យកាលដែលនិយាយពីធម្មជាតិរបស់មនុស្សលោកព្រមទាំងប្រាប់ពីរបៀបតាំងចិត្តនិងធ្វើចិត្តឲ្យហ្នឹងធឹងនៅក្នុងការប្រឈមនឹងទិដ្ឋភាពគ្រប់បែបយ៉ាងផងដែរ។

៣ សៀវភៅ "The Prince" (ឆ្នាំ១៥៣២ តម្លៃ២,៧០ដុល្លារ) ស្នាដៃដ៏ល្បីល្បាញបំផុតរបស់អ្នកពូកែទ្រឹស្តីនយោបាយជាតិអ៊ីតាលីគឺលោក Machiavelli បានបង្ហាញពីទ្រឹស្តីចម្រុះគ្នាមួយដោយរួមបញ្ចូលទាំងទ្រឹស្តីរបស់លោក Thomas Jefferson លោក Napoleon និងលោក John Gotti ផងដែរ។ ទ្រឹស្តីរបស់លោក Machiavelli ពាក់ព័ន្ធនឹងការក្លាយជាមេដឹកនាំដ៏អស្ចារ្យម្នាក់នេះត្រូវបានបកស្រាយជាច្រើនវិធីផ្សេងគ្នា ហើយនៅតែមានការពេញនិយមរហូតមកដល់សព្វថ្ងៃនេះ។

៤ សៀវភៅ "The Way to Wealth” (ឆ្នាំ១៧៥៨ តម្លៃ៥,៩៩ដុល្លារ) សៀវភៅនិយាយពីវិធីឆ្ពោះទៅជាអ្នកមានស្ដុកស្តម (the Way to Wealth) នេះគឺជាការប្រមូលផ្ដុំដោយដំបូន្មាន ការណែនាំ និងគន្លឹះទាក់ទងនឹងការធ្វើជំនួយ ប្រាក់ និងហិរញ្ញវត្ថុរបស់បិតាស្ថាបនិកអាមេរិកគឺលោក Benjamin Franklin និងជាប្រភពនៃពាក្យចាស់ដ៏មានប្រជាប្រិយបំផុតជាច្រើនរបស់លោកផងដែរ។

៥ សៀវភៅ "An Inquiry into the Nature and Causes of the Wealth of Nations" (១៧៧៦ តម្លៃ​រាង​ថ្លៃ​បន្តិច​គឺ​ ១៧,២២​ដុល្លារ) លោក Adam Smith បានបង្កើតមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចវិទ្យាពីបែបបុរាណ (ការផ្គត់ផ្គង់បង្កើតតម្រូវការខ្លួនឯង) នៅក្នុងសៀវភៅនិយាយពីកំណប់ជាតិ (the Wealth of Nations) ដែលជាការបង្ហាញពីទីផ្សារសេរី ផលិតភាព និងការបែងចែកកម្លាំងពលកម្ម។

៦ សៀវភៅ "The Richest Man in Babylon" (ឆ្នាំ១៩២៦ តម្លៃ៦,៩៩ដុល្លារ) លោក George Samuel Clason បានលើកជាឧទាហរណ៍ជាច្រើនបែបច្រើនយ៉ាងដើម្បីបង្រៀនពីមូលដ្ឋានគ្រឹះនៃការប្រើហិរញ្ញវត្ថុផ្ទាល់ខ្លួន ហើយសៀវភៅនេះនៅតែជាសៀវភៅដែលលក់ដាច់ជាងគេបំផុតជាពិសេសសម្រាប់ធ្វើជាអំណោយសម្រាប់និស្សិតមហាវិទ្យាល័យដែលទើបតែចាប់ផ្ដើមប្រឡូកក្នុងសង្គមពិតប្រាកដ។

៧ សៀវភៅ "How To Win Friends and Influence People" (ឆ្នាំ១៩៣៦ តម្លៃ៧,៩៩ដុល្លារ) សៀវភៅជាស្នាដៃរបស់លោក Dale Carnegie ត្រូវបានលក់អស់ចំនួនជាង១៥លានក្បាលតាំងពីបានបោះពុម្ពជាលើកដំបូងមក ហើយសៀវភៅនេះបានផ្ដល់ចំណេះដឹងគ្រប់សម័យកាលទាក់ទងនឹងរបៀបពង្រីកកម្រិតសាជីវកម្ម ឬក៏បង្កើតមុខជំនួញរបស់អ្នកដោយការលក់សាជីវកម្ម និងបង្កើតទំនាក់ទំនងសំខាន់ៗថែមទៀត៕

X
5s