Nick Vujicic​៖​​ គន្លឹះ​៧​យ៉ាង​ដើម្បី​ជោគជ័យ​​ក្នុង​ជីវិត​ ទោះបី​ជា​អ្នក​​​ជា​មនុស្ស​ពិការ​ក៏​ដោយ​



កើត​មក​ជាមួយ​នឹង​​​ពិការភាព​តាំង​ពី​កំណើត​ (​គ្មាន​ដៃ​ជើង​)​ ​លោក​Nick Vujicic ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ ​ប៉ុន្តែ​​លោក​មិន​បាន​អស់​សង្ឃឹម​នោះ​ទេ​ ​​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​បុរស​រូប​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​​ ​បុគ្គល​ល្បីល្បាញ​មួយ​រូប​ខាង​ផ្នែក​បណ្ដុះ​ភាព​ជោគជ័យ​ និង ​ការ​លើក​ទឹក​ចិត្ត​មនុស្ស​។ Nick Vujicic ​បាន​និយាយ​ថា ពិការភាព​ដ៏​ធំ​បំផុត​របស់​មនុស្ស​ គឺ​មិន​មែន​រាងកាយ​នោះ​ទេ ​តែ​វា​ជា​ការ​​​ពិការ​​ចិត្ត។

ត្បិត​កើត​មក​ដោយ​គ្មាន​ដៃជើង​ លោក​Nick Vujicic​​បាន​ខិតខំ​យ៉ាង​ខ្លាំង​​ដើម្បី​​​អាច​រស់នៅ​ និង ធ្វើការ​ផ្សេងៗ​ដូច​មនុស្ស​ទូទៅ ​​ជា​ពិសេស​នោះ​លោក​អាច​លេង​កីឡា ​និង សកម្មភាព​មួយ​ចំនួន​ទៀត។ លើស​ពី​នេះ​ទៀត​ ​​បុរស​កូន២​​វ័យ៣៤​រូប​នេះ​ ​បាន​ក្លាយ​ជា​មនុស្ស​ពូកែ​ខាង​ផ្នែក​វោហារសាស្ត្រ​ និង មាន​ជំនាញ​លើក​ទឹកចិត្ត​ និង បណ្ដុះ​ភាព​ជោគជ័យ​ដល់​មនុស្ស​ជាច្រើន។ ​​លោក​បាន​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​​ជាច្រើន​ ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ (កាល​ពី​ឆ្នាំ ២០១៣)​ ​ដើម្បី​​ធ្វើ​ជា​វាគ្មិន​​​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ និង ​​គន្លឹះ​ជោគជ័យ​ក្នុង​ជីវិត​ ជា​ពិសេស​គឺ​​​ការ​តស៊ូ​ និង ការ​ផ្ដល់​តម្លៃ​ចំពោះ​ជីវិត។​ ​បើ​តាម​​លោក​ ​​Nick Vujicic ​​​​ការ​ពិការ​រាងកាយ​ គឺ​មិន​មែន​ជា​ឧបសគ្គ​ធំ​ក្នុង​ជីវិត​នោះ​ទេ​ ​​ព្រោះ​រូប​លោក​ផ្ទាល់​គឺ​ជា​ មនុស្ស​ពិការ​ស្រាប់​ ​ហើយ​​បើ​សិន​​​ខ្លួន​លោក​ផ្ទាល់​ផ្ដេកផ្ដួល​លើ​រាងកាយ​​ដែល​មិន​អំណោយ​ផល​ពី​កំណើត​នោះ ​ប្រហែល​ជា​គ្មាន​ថ្ងៃ​​អាច​ជោគជ័យ​ដូច​បច្ចុប្បន្ន​នេះ​ទេ​។ ​ការ​គិត​ និង យល់​ឃើញ​ចំពោះ​ខ្លួន​ឯង​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​​ព្រោះ​បើ​យើង​គិត​ថា ខ្លួន​ឯង​​​គ្មាន​កំណើត​ ឬ មិន​បាន​ការ​ហើយ ​​​មិន​បាច់​និយាយ​ដល់​​​ភាព​ជោគជ័យ​អ្វី​នោះ​ឡើយ​ ព្រោះ ​វា​មាន​ន័យ​ស្មើ​នឹង​បោះបង់​​ចោល​ការ​ប្រកួត​​បាត់​​ទៅ​ហើយ​។ ​លោក​ ​​Nick Vujicic​ ​បាន​ប្រាប់​ពី​គន្លឹះ​១០​យ៉ាង​ ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ ទោះ​បី​ជា​អ្នក​មាន​ពិការភាព​ពី​កំណើត​ក៏​ដោយ​។ ​

ទី១៖ ​ត្រូវ​ចាំ​​ថា ​អ្នក​មាន​​តម្លៃ​របស់​អ្នក​។

ទី២៖ ​អ្នក​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​។

ទី៣៖ ​កុំ​បោះបង់​។

ទី៤៖ ត្រូវ​ធ្វើ​​​អ្វី​ដែល​អ្នក​ចង់​។

ទី៥៖ ​ធ្វើ​​មួយ​ជំហាន​ម្ដង​។

ទី៦៖ ស្វែងរក​គោលបំណង​សំខាន់​របស់​អ្នក​។

ទី៧​៖ ​ត្រូវ​ធ្វើ​ឲ្យ​​«ថ្ងៃ​នេះ»​មាន​ន័យ​ ឬ ​មាន​ប្រយោជន៍ (​​​មិន​ឲ្យ​​ពេល​មួយ​ថ្ងៃ​​កន្លង​ផុត​ទៅ​អត់​ប្រយោជន៍​)។​

​ទី៨៖ ​ត្រូវ​មាន​ជំនឿ​។

ទី៩៖ ​ត្រូវ​មាន​ចិត្ត​តស៊ូ​ដាច់ខាត​។

ទី១០៖ ​ត្រូវ​ដឹង​គុណ​ចំពោះ​អ្វី​ដែល​អ្នក​មាន ឬ ​ត្រូវ​​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​៕

ដោយ​៖ រតនា​ ​​វិចិត្រ

X
5s