មន្ត្រី​អាមេរិក៖ ​​​​​យន្តហោះ​ទម្លាក់​គ្រាប់​​​បែក​ចិន​ «​​​ប្រុង​ជើងការ​ខ្ពស់»​អស់​ហើយ​​​



​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ CNN ​ថា​ ​កង​កម្លាំង​ជើង​អាកាស​របស់​ចិន​ដែល​រួម​​មាន​កម្លាំង​វាយ​ប្រហារ​មក​លើ​ជើង​គោក​ ​យន្តហោះ​ទម្លាក់​គ្រាប់​បំពាក់​​មីស៊ីល​ បាន​ប្រុង​ជើង​ការ​ខ្ពស់​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​ដែល​នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ចិន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​ណា​មួយ​ដែល​អាច​កើត​ឡើង​នៅ​កូរ៉េខាងជើង។ ​​មន្ត្រីដដែល​ក៏​បាន​អះអាង​ផង​ដែរ​ថា​ យន្តហោះ​ចិន​មួយ​ចំនួន​ធំ​​បង្ហាញ​ខ្លួន​ក្នុង​លក្ខណៈ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​វាយ​ប្រហារ។ ​​នេះ​ជា​ព័ត៌មាន​ថ្មី​មួយ​ទៀត​ បន្ទាប់​មាន​ការ​បញ្ចូល​កង​ទ័ព​​​ប្រហែល​ ១៥០ ០០០​នាក់​ទៅ​កាន់​តំបន់​ជាប់​​ព្រំដែន​ជា​មួយ​នឹង​កូរ៉េខាងជើង​កាល​ពី​ពេលកន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​អាមេរិក​លើក​ឡើង​ថា​ ចិន​មាន​ការ​បារម្ភ​​ប្រសិន​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ​របប​ក្រុង​ព្យុងយ៉ាង​ដួល​រលំ​បញ្ហា​គឺ​ថា​នឹង​មាន​ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​ធ្លាក់​​បន្ទុក​មក​លើ​ចិន​ និង​ជា​ពិសេស​ការ​បង្រួបបង្រួម​កូរ៉េទាំង​ពីរ​ដែល​អាច​បង្ក​ឱ្យ​មាន​មហន្តរាយ​ដល់​ចិន​នា​ពេល​អនាគត (ភូមិ​សាស្ត្រ​នយោបាយ) ​ព្រោះ​កូរ៉េ​ងាក​ទៅ​ខាង​អាមេរិក៕ ​​ ដោយ៖ យោធិន​
X
5s