តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?​



ទីក្រុងភ្នំពេញ​កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ កំណើនវិនិយោគបានជម្រុញឲ្យមានភាពមមាញឹកបន្ថែមទៀតនៅក្នុងក្រុងជម្រុញកំណើនប្រជាជនកាន់តែកើនឡើង។ តាមរបាយការណ៍របស់ក្រសួងដែនដីបង្ហាញថានៅឆ្នាំ ២០៣០ ចំនួនប្រជាជននៅទីក្រុងភ្នំពេញអាចកើនឡើងពី៤ទៅ៧​លាននាក់។ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានជម្រុញដល់ការសាងសង់សំណង់តូច ធំ ខ្ពស់ ទាប យ៉ាងច្រើននៅក្នុងទីក្រុង។ អគារខ្ពស់ៗជាច្រើនបានកំពុងសាងសង់ នៅក្នុងតំបន់ពាណិជ្ជម្មនៃទីក្រុង។ ថ្មីៗនេះមានការអះអាងថាសណ្ឋាគារកាំបូឌីយ៉ាណាដែលជាសណ្ឋាគារប្រណិតមួយនៅក្នុងទីក្រុងភ្នំពេញនឹងត្រូវសាងសង់ជំនួសវិញទៅជាអគារខ្ពស់កប់ពពកកម្ពស់៦០០​ម៉ែត្រដែលគេចាត់ទុកថា​ ជាអគារខ្ពស់បំផុតលំដាប់ពិភពលោក។ កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសដែរថាទីតាំងនៃសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះកម្ពុជានឹងត្រូវសាងសង់អគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងក្នុងពិភពលោក។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម លោកសេង ឡូតធ្លាប់បានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា​រួមជាមួយក្រុមហ៊ុន សាងសង់របស់ចិន នឹងសាងសង់អាគារខ្ពស់កប់ពពកមួយនេះ។​​ សម្រាប់កម្ពុជាបើគម្រោងនេះពិតជាសាងសង់មែនអគារនេះនឹងឈរជាអគារខ្ពស់បំផុតទីមួយគឺខ្ពស់ជាងគម្រោងអគារពាណិជ្ជកម្មថៃប៉ុនរ៉ុង (កម្ពស់៥៥០ម៉ែត្រ) ដែលបានគ្រោងនឹងសាង សង់នៅពេលខាងមុខនេះដែរ។ នៅក្នុងពិភពលោកវិញអគារនេះត្រូវបានគេចាត់ទុកថាជាអគារខ្ពស់លំដាប់ទី៤ក្នុងពិភពលោកបន្ទាប់ពី អគារ Burj Khalifa នៅប្រទេសអារ៉ាប់រួមអគារ Shanghai Tower នៅប្រទេសចិន និងអគារAbraj Al-Bait Clock Tower នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ បើទោះបីជាយ៉ាងណាកាលបរិច្ឆេទនៃការសាងសង់ដើមទុនវិនិយោគរយៈពេលបញ្ចប់ការសាងសង់សម្រាប់គម្រោងយក្សមួយនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ពាក់ព័ន្ធនឹងគម្រោងនេះអ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យហាក់មានភាពស្ទាក់ស្ទើក្នុងការបង្ហាញទំនុកចិត្តថាតើគេនឹងសាងសង់ពិតប្រាកដមែនឬយ៉ាងណា? ដៃគូសហការ៖ realestate.com.kh
X
5s