ការនាំចូល និងនាំចេញរូបិយប័ណ្ណបរទេស​



១.#ការនាំចូលរូបិយប័ណ្ណ ការនាំចូលរូបិយប័ណ្ណបរទេសមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូនានា ភ្ញៀវគ្រប់ប្រភេទ នីតិបុគ្គល និងរូបវ័ន្តបុគ្គលដទៃទៀត ហៅកាត់ថា “អ្នកតំណាង” ពុំមានការកម្រិត បរិមាណទេ។ អ្នកដំណើរដែលនាំចូលនូវរូបិយប័ណ្ណបរទេស មានទឹកប្រាក់ស្មើឬលើសពី ១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ចាំបាច់ត្រូវបំពេញប្រតិវេទន៍គយ តាមនីតិវិធីកំណត់ជាធរមាន ហើយត្រូវប្រគល់ ឲ្យមន្រ្តីគយ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់នៅពេលនាំចេញទៅវិញ។

២.#ការនាំចេញរូបិយប័ណ្ណ អ្នកដំណើរដែលនាំចេញ នូវរូបិយប័ណ្ណបរទេសពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានទឹកប្រាក់លើសពី ១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ឬលើសពីចំនួនរូបិយប័ណ្ណបរទេសដែលសាម៉ីខ្លួនបានប្រកាសក្នុង ប្រតិវេទន៍គយនាពេលនាំចូល ត្រូវមានការអនុញ្ញាតឲ្យនាំចេញ ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធនានា។

#នីតិវិធីនាំចេញរូបិយប័ណ្ណ អ្នកដំណើរដែលនាំចេញរូបិយប័ណ្ណបរទេស ត្រូវអនុវត្តដូចតទៅ៖ -បង្ហាញចំពោះមន្រ្តីគយ នូវលិខិតអនុញ្ញាតឲ្យនាំចេញដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា -បំពេញប្រតិវេទន៍គយឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់ -ធ្វើដំណើរតាមមាត់ច្រកចូល-ចេញ ដែលបានកំណត់ដោយភ្នាក់ងារមានសមត្ថកិច្ច។ ការយករូបិយប័ណ្ណធ្វើដំណើរតាមច្រកផ្លូវផ្សេង ឬ ដោយអ្នកកាន់បញ្ញើដ៏ទៃ ក្រៅពីម្ចាស់កម្មសិទ្ធិ ត្រូវហាមឃាត់ជាដាច់ខាត បំពេញជាលាយល័ក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់លើប្រតិវេទន៍គយ អំពីប្រភេទ និងចំនួនរូបិយប័ណ្ណ ដែលមានជាប់នឹងខ្លួន បញ្ញើជាមួយអ្នកដ៏ទៃ បញ្ញើតាមយន្តហោះ ដើម្បីបង្ហាញ ដល់មន្រ្តីគយដែលមានភារកិច្ចត្រួតពិនិត្យ នៅក្នុងការិយាល័យគយនិងរដ្ឋាករ៕

>>>ព័ត៌មានបន្ថែមសូមមើល៖ ប្រកាសលេខ ០១៣ ប្រក.សហវ.គរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៨ ស្តីពីនីតិវិធីក្នុងការនាំចេញ-នាំចូលរូបិយប័ណ្ណបរទេស

ប្រភព៖ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា

X
5s