គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល​



នៅពេលអ្នកស្វែងរកអ្នកជួលផ្ទះល្អបំផុតសម្រាប់អចលនទ្រព្យរបស់អ្នក មិនថាជួលរយៈពេលខ្លី ឬវែងនោះទេ អ្នកត្រូវរៀបចំអចលនទ្រព្យឱ្យបានល្អ ដូចជាការរៀបចំឯកសារផ្លូវច្បាប់ សម្រាប់កិច្ចសន្យាជួល។ តាមពិតមានចំណុចសំខាន់ៗជាច្រើន ដែលត្រូវដាក់បញ្ចូលនៅក្នុងកិច្ចសន្យាជួលរបស់អ្នកនៅពេលធ្វើកិច្ចសន្យាជួលផ្ទះ។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនដែល​អ្នក​គួរ​តែ​ពិចារណា។ តើកិច្ចសន្យាជួលគឺជាអ្វី?​កិច្ចសន្យាជួលគឺជាឯកសារផ្លូវការមួយដែលកំណត់អត្តសញ្ញាណម្ចាស់ផ្ទះ (ភតិបតី) អ្នកជួល (ភតិកៈ) ​និងអចលនទ្រព្យជួលនោះ។ ឯកសារនេះបញ្ជាក់ពីរយៈពេលជួលថ្លៃជួល និងលក្ខខណ្ឌលម្អិត នៃកិច្ចសន្យាជួល។​ តើអ្នកណាគួរតែធ្វើកិច្ចសន្យាជួល? នៅពេលម្ចាស់ផ្ទះទទួលបានអ្នកជួល ម្ចាស់ផ្ទះត្រូវរៀបចំកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យាស្របច្បាប់នេះចាំបាច់ត្រូវធ្វើឡើងទាំងស្រុងដោយម្ចាស់ផ្ទះ និងអ្នកជួលដើម្បីឱ្យភាគីទាំង ពីរយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ កិច្ចសន្យានេះក៏បញ្ជាក់ផងដែរថាអ្នកជួលមានសិទ្ធិរស់នៅលើអចលនទ្រ​ព្យជាបណ្ដោះអាសន្នជាថ្នូរនឹងការបង់ថ្លៃជួលឱ្យម្ចាស់កម្មសិទ្ធិ។ វាមានសារៈសំខាន់បំផុតដែលភាគីទាំងពីរត្រូវរក្សាច្បាប់ចម្លង កិច្ចសន្យានេះដើម្បីប្រើប្រាស់នៅពេលមានការសង្ស័យ ឬបញ្ហាអ្វីមួយកើតឡើង។​ នៅក្នុងកិច្ចសន្យានេះភាគីទាំងពីរអាចបង្កើតខសន្យាដើម្បីការពារខ្លួន ប្រសិនបើស្ថានភាពណាមួយត្រូវផ្លាស់ប្តូរ ដែលនេះមានសារៈសំខាន់សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួល ហើយខសន្យាទាំងនេះក៏អាច ជាដំណោះស្រាយល្អមួយប្រសិនបើកាលៈទេសៈមិនល្អបានកើតឡើង។​ កិច្ចសន្យាជួលគួរតែមាន៖​ ភាគីទាំងពីរត្រូវអង្គុយជាមួយគ្នាហើយសរសេរឲ្យបានច្បាស់លាស់អំពីអ្វីដែលពួកគេរំពឹងទុកពីគ្នាទៅវិញទៅមក។ ចំណុចទាំងនេះ​រួមមាន​៖​ @ ការពិពណ៌នាអំពីអចលនទ្រព្យ (បញ្ជាក់អំពីទីតាំងបច្ចុប្បន្ន និងទិដ្ឋភាពទូទៅនៃអចលនទ្រព្យ) @ ឈ្មោះ ហត្ថលេខា ឬស្នាមមេដៃ និងអាសយដ្ឋានរបស់ភាគីទាំងពីរ @ ថ្លៃជួលបច្ចុប្បន្ន និងហេតុផលសមស្របករណីមានការឡើងថ្លៃផ្ទះនៅពេលអនាគត @ លក្ខខណ្ឌនៃការបង់ប្រាក់ (ប្រចាំខែ ត្រីមាស ឬប្រចាំឆ្នាំ) @ ចំនួនទឹកប្រាក់តម្កល់ ចំនួនទឹកប្រាក់ទូទាត់ប្រចាំខា @ រយៈពេលជួល @ រយៈពេលជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យា @ រយៈពេល និងលក្ខខណ្ឌអាចបន្តកិច្ចសន្យាបាន @ កាតព្វកិច្ចរបស់​ម្ចាស់ផ្ទះ @ កាតព្វកិច្ចរបស់អ្នកជួល @ ការអនុញ្ញាតការកែលម្អផ្ទះ @ ចំនួនអ្នករស់នៅ @ កាតព្វកិច្ចពន្ធ (ជាទូទៅត្រូវទទួលខុសត្រូវដោយម្ចាស់ផ្ទះ ប៉ុន្តែនេះក៏អាស្រ័យទៅតាម ការពិភាក្សាផងដែរ)។ រាល់ការចំណាយផ្សេងៗទាំងអស់ត្រូវតែបង់ដោយអ្នកជួល (រួមមានថ្លៃសំរាម ភ្លើងសាធារណៈ ថ្លៃអគ្គីសនី និងថ្លៃទឹក) ដែលត្រូវចរចានៅក្នុងកិច្ចសិន្យា។​ បញ្ជីសារពើភណ្ឌ (ឯកសារដាច់ដោយឡែក)៖​ បញ្ជីសារពើភ័ណ្ឌមានគោលបំណងដើម្បីពិពណ៌នាអំពីគ្រឿងសង្ហារិមទាំងអស់ដែលមានស្រាប់នៅខាងក្នុងផ្ទះ (រួមជាមួយរូបថត) មុនពេលដែលអ្នកជួលចូលមករស់នៅ។ ចំណុចនេះមានសារៈសំខាន់ ដោយអាចធានាថាភាគីទាំងពីរបានដឹងពីអ្វីដែលមាននៅក្នុង​អចលនទ្រព្យ និងជាពិសេស សម្រាប់ម្ចាស់ផ្ទះអាចធានាថានឹងមិនមានគ្រឿងសង្ហារិមណាមួយត្រូវបានយកចេញដោយគ្មានការអនុញ្ញាត ឬត្រូវសងលើការខូចខាតករណីមានការបាត់បង់។​ អ្នកជួលក៏ត្រូវកត់ត្រារាល់ការខូចខាតក្នុងពេលបច្ចុប្បន្នហើយនៅក្នុងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរក៏ត្រូវបញ្ជាក់ថាតើម្ចាស់ផ្ទះ ឬអ្នកជួលត្រូវទទួលខុសត្រូវជួសជុល។ ចំណុចនេះជាទូទៅជាការទទួល ខុសត្រូវរបស់អ្នកជួល។ ឯកសារនេះជាធម្មតាត្រូវធ្វើនៅក្នុងឯកសារដាច់ដោយឡែក។​ ទីបំផុតកិច្ចសន្យារវាងម្ចាស់ផ្ទះ និងអ្នកជួលគឺមានសារៈសំខាន់ក្នុងការកំណត់កាតព្វកិច្ចរបស់ភាគីទាំងពីរ ដើម្បីធានាថានឹងមិនមានការភាន់ច្រឡំអំពីទិដ្ឋភាពណាមួយនៃកិច្ចសន្យាជួល។ កិច្ចសន្យានេះ ក៏នឹងអាចជួយការពារភាគីទាំងពីរផងដែរប្រសិនបើមានជម្លោះណាមួយកើតឡើង៕ ដៃគូ​សហការ​ផ្សព្វផ្សាយ៖ realestate.com.kh
X
5s