សសរស្ដម្ភទាំង ៦នៃការអប់រំក្នុងសតវត្សទី ២១​



ការអប់រំ គឺដើរតួនាទីសំខាន់ខ្លាំងណាស់ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមាន ចំណេះដឹង សម្ថភាព ជំនាញ សុជីវធម៌ សីលធម៌ និងបុគ្គលិក​លក្ខណៈល្អ។ ប៉ុន្តែមនុស្សម្នាក់ៗត្រូវតែទទួលបាននូវការអប់រំ បែបទាន់សម័យកាល ដោយមិនអាចយករបៀបរបបនៃការអប់រំសម័យមុនមកអនុវត្តបានទៀតនោះទេ។ ដូចនេះ ប្រទេសនីមួយៗត្រូវតែមានការធ្វើកំណែទម្រង់វិស័យអប់រំដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន។ ខាងក្រោមនេះគឺជា សសរស្ដម្ភទាំង ៦នៃការអប់រំក្នុងសតវត្សទី ២១ ដែលដកស្រង់ចេញពីគេហទំព័រ infogram៖

១) ការគិតត្រិះរិះ ឬការគិតពិចារណា (Critical Thinking)៖ ការគិតពិចារណា អនុញ្ញាតិឲ្យមនុស្សម្នាក់ៗអាចគ្រប់គ្រងព័ត៌មានផ្សេងៗ ពីព្រោះព័ត៌មានត្រូវបង្ហាញគ្រប់ទម្រង់លើប្រព័ន្ធផ្សព្វផ្សាយនានា។ ព័ត៌មានទាំងអស់នោះត្រូវតែច្រោះ វិភាគ បង្ហាញថាត្រឹមត្រូវ និងឆ្លើយតបទៅនឹងតម្រូវការ និងចុងក្រោយត្រូវសំយោគក្នុងទម្រង់មួយដែលមានប្រយោជន៍សម្រាប់អ្នក។ ការគិតត្រិះរិះ ឬការគិតពិចារណា (Critical Thinking) គឺជាការដោះស្រាយបញ្ហា ដែលវាជាសមត្ថភាពក្នុងការយកព័ត៌មានទាំងឡាយ ហើយប្រើប្រាស់វាដើម្បីបង្កើតជាដំណោះស្រាយ។

២) ទំនាក់ទំនង (Communication)៖ ការទំនាក់ទំនងគឺជាវិធីសាស្រ្តដែលអ្នកអាចបង្ហាញនិងទទួលព័ត៌មានពីគ្នាទៅវិញទៅមក។ ការទំនាក់ទំនង (Communication) ត្រូវតែច្បាស់ ងាយយល់ មានប្រសិទ្ធភាព ទាក់ទាញ និងត្រូវតែបង្ហាញក្នុងវិធីដែលមានអត្ថន័យទៅកាន់អ្នកស្ដាប់។

៣) ការសហការ (Collaboration)៖ ការសហការគឺជាការធ្វើឲ្យមនុស្សម្នាក់ៗក្នុងពិភពលោកអាចចែករំលែកឲ្យគ្នាទៅវិញទៅមក។ ការសហការបង្កើតឡើងដើម្បីផ្ដល់ជាប្រយោជន៍ដល់សហគមន៍។ ការសហការគឺរួមបញ្ចូលដោយ ភាពជាដៃគូ ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំនិងជំនួយការ និងសម្ព័ន្ធភាពដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិទាំងមូល។

៤) ភាពច្នៃប្រឌិត (Creativity)៖ ភាពច្នៃប្រឌិតគឺជាផ្លូវដែលនាំអ្នកទៅដល់ការបង្កើតអ្វីមួយថ្មី។ មនុស្សម្នាក់ៗត្រូវតែអាចបង្កើតអ្វីមួយដែលបានមកពីចំណេះដឹងដែលពួកគេខិតខំសិក្សារៀនសូត្រ។

៥) វប្បធម៌ (Culture)៖ វប្បធម៌គឺលើកទឹកចិត្តឲ្យមនុស្សម្នាក់ៗមានទឹកចិត្តស្រលាញ់និងពេញចិត្តលើទីកន្លែងកំណើតរបស់ពួកគេ ដឹងថាខ្លួនគេជានរណា និងយល់ពីរបៀបដែលពួកគេផ្លាស់ប្តូរក្នុងពេលអនាគត។ វប្បធម៌ភ្ជាប់អ្នកទៅកាន់អ្វីៗដែលនៅជុំវិញអ្នក មានដូចជាសិល្បៈ ល្ខោន របាំ កំណាព្យ ប្រវត្តិសាស្រ្ត វិទ្យាសាស្រ្ត ភាសា និងបច្ចេកវិទ្យាជាដើម។

៦) ការភ្ជាប់ទំនាក់ទំនង (Connectivity)៖ ការភ្ជាប់ទំនាក់ទំនងធ្វើឲ្យមនុស្សគ្រប់គ្នាអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។ ក្នុងពេលបច្ចុប្បន្ន ការកើនឡើងនៃបច្ចេកវិទ្យាដែលកំពុងតែផ្លាស់ប្ដូរទម្លាប់រស់នៅ និងទម្លាប់ក្នុងការមើលទៅលើពិភពលោករបស់មនុស្ស៕

ចុចអាន៖ បើ​និយាយ​ពី​ជំនាញ​និង​ការអប់រំ ប្រទេស​ទាំង​១០​នេះ​គឺជា​ប្រទេស​ដែល​ល្អ​ដាច់​គេ​

ដោយ៖ លង់ វណ្ណៈ

X
5s