Grab វិនិយោគ ២៥០ លានដុល្លារប្រជែងក្រុមហ៊ុនម្ចាស់ផ្ទះឥណ្ឌូណេស៊ី​



ក្រុមហ៊ុន Grab ដែលក្ដាប់ទីផ្សារបាន ៦៥% ក្នុងវិស័យដឹកជញ្ជូនឥណ្ឌូណេស៊ី គ្រោងវិនិយោគទឹក​ប្រាក់ ២៥០ លានដុល្លារអាមេរិក លើក្រុមហ៊ុនទើបចាប់ផ្ដើមអាជីវកម្ម ក្នុងទឹកដីឥណ្ឌូណេស៊ី នៅរយៈពេល៣ឆ្នាំខាងមុខ តាមរយៈ​កំណែរទម្រង់គំនិតច្នៃប្រឌិតថ្មីរបស់ខ្លួន ប្រជែងនឹងក្រុមហ៊ុន Go-Jek របស់ម៉ាឡេស៊ី។

លោក Ridzki Kramadibrata នាយកគ្រប់គ្រង់ប្រចាំប្រទេស បានប៉ានប្រមាណថា Grab ក្ដាប់បានចំណែកទីផ្សារច្រើនក្នុង ១៣៧ ទីក្រុងក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈក្រុមហ៊ុនគូប្រជែងរបស់ខ្លួន Go-Jek មានតែ ៥០% ប៉ុណ្ណោះ។ Grab បានអោយដឹងថា ការវិនិយោគ ២៥០ លានដុល្លាររបស់ខ្លួននេះ នឹងផ្ដោតលើក្រុមហ៊ុនពាក់ព័ន្ធដូចជា ក្រុមហ៊ុនទូរសព្ទដៃ ចំណីអាហារ ដឹកជញ្ជូន និងក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ បើងាកមកមើលគូប្រជែងក្នុងស្រុករបស់ Grab គឺក្រុមហ៊ុន Go-Jek ឯណេះវិញ ក្រៅពីប្រតិបត្តិការនៅក្នុងទឹកដីកំណើតរបស់ខ្លួនហើយ ក្រុមហ៊ុនមួយនេះ កំពុងសម្លឹងទៅទីផ្សារផ្សេងទៀតរួមមាន វៀតណាម ថៃ ហ្វីលីពីន និងសិង្ហបុរី។

គួរបញ្ជាក់ថា កាលពីថ្មីកន្លងទៅ ក្រុមហ៊ុន App តាក់ស៊ី មានទីតាំងនៅសិង្ហបុរី​ដដែលនេះ  ក៏បានវិនិយោគប្រាក់ក្នុងទំហំ ២ ពាន់លានដុល្លារផងដែរ ដើម្បីពង្រឹងខ្លួនក្នុងប្រទេសមេមហាអំណាចសេដ្ឋកិច្ច​ នៅអាស៊ីអាគ្នេយ៍មួយនេះ ដែល Grab គិត​ថាជាទីផ្សារដ៏​សំខាន់បំផុតមួយរបស់​ខ្លួន៕

ប្រភព៖ Channelnewsasia
ដោយ៖ សុម៉ាវត្តី

X
5s