គោលនយោបាយ “ដូយមើយ ( Đổi mới)” កែប្រែវៀតណាមឱ្យក្លាយជាប្រទេសដែលមាន GDP ខ្ពស់ទល់សព្វថ្ងៃ​



ថ្វីត្បិតតែឆ្លងកាត់សង្គ្រាមជ្រក់ជ្រេញរាប់ទស្សវត្ស ប្រទេសវៀតណាមបានធ្វើរឿងមួយដែលស្មានមិនដល់ នោះគឺការអភិវឌ្ឍប្រទេសខ្លួនឱ្យក្លាយជាប្រទេសដែលប្រជាជនធ្លាប់មានចំណូលក្នុងស្រុកសរុបមួយឯកតា (GDP Per Capita) មិនដល់ $១០០ផង មកជាប្រទេសប្រទេសដែលមានចំនូលដល់ទៅ $២,៣៤៣ (តាមការប៉ានស្មានពីធនាគារពិភពលោកនៅក្នុងឆ្នាំ២០១៧)។

 

Source: Hoi An Travel

 

សមិទ្ធផលផលនេះមិនអាចកើតឡើងនោះទេ ប្រសិនជារដ្ឋាភិបាលវៀតណាមពុំបានធ្វើការអភិវឌ្ឈយុទ្ធសាស្ត្រកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនមួយឈ្មោះថា “ដូយមើយ ( Đổi mới)” នោះ។ នៅក្នុងឆ្នាំ១៩៨៦  លោកវៀង វ៉ានលិង អគ្គលេខាធិការបក្សកុំមុយនីស្តវៀតណាម បានធ្វើការដាក់ចេញនូវគោលនយោបាយ “ដូយមើយ ( Đổi mới)” ដែលបកប្រែមកថា “ធ្វើឱ្យមាន ការផ្លាស់ប្តូរ”។

 

យុទ្ធសាស្ត្រនេះគឺផ្តោតសំខាន់ទៅលើការអនុវត្តកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ នៅក្នុងប្រទេសវៀតណាម ក្រោមការគ្រប់គ្រងដោយបក្សកុម្មុយនីស្ដ​តាំងពីក្លាយខ្លួនជារដ្ឋឯករាជ្យមកម្ល៉េះ។

 

ចំពោះវិស័យសេដ្ឋកិច្ច វៀតណាម កែប្រែពីសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលផ្តល់សិទ្ធិអោយមានវត្តមានក្រុមហ៊ុនឯកជនដំណើរការក្នុងទីផ្សារជាមួយគ្នាដែរ។

 

លើសពីនេះទៅទៀត ប្រជាជនវៀតណាមដែលធ្លាប់តែធ្វើការជាសមូហភាពលើវិស័យកសិកម្មតាមលក្ខណៈកុម្មុយនីស្ដ​ក៏ត្រូវបានគេលុបបំបាត់ ដោយអនុញ្ញាតឲ្យពួកគេមានសិទ្ធិអាចកាន់កាប់ដីធ្លី និងទទួលបានទិន្នផលជារបស់ខ្លួនផ្ទាល់ផងដែរ។​

 

Source: Home is where your bag is.

 

រីឯវិស័យនយោបាយវិញទៀតសោត គោលនយោបាយនេះបានផ្តោតសំខាន់ ទៅលើការលាងជម្រះកម្អែលពុករលួយរបស់មន្ត្រីក្នុងបក្សកុំម្មុយនីស្តរបស់ខ្លួន ដោយរឹតបន្តឹងទៅលើសមត្ថភាពការងារ​ ការតម្លើងប្រាក់បៀរវត្សអោយបានគ្រប់គ្រាន់ និងការដាក់ទោសទៅដល់មន្ត្រីណាដែលបានប្រព្រឹត្តខុស ពោលគឺពាក់ព័ន្ធនឹងអំពើ ពុករលួយតែម្តង។ ក្រៅពីនេះ វៀតណាមក៏បានប្រែខ្លួនបន្តិចម្តងៗពីការគ្រប់គ្រងបែប វិសហមជ្ឈការ ឱ្យទៅជាវិមជ្ឈការវិញ ធ្វើអោយការសម្រេចចិត្តមានភាពរហ័ស និងមានប្រសិទ្ធិភាពជាងមុន។

 

វត្តមានរបស់កំនែទម្រង់នេះបានធ្វើអោយវៀតណាមចាប់ផ្តើមបើកជំហខ្លួនឯងបានច្រើនជាងមុន ដែលជាហេតុធ្វើអោយវៀតណាមមានភាពសកម្មជាងមុនក្នុងការធ្វើ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសដទៃ ដើម្បីទាក់ទាញឱ្យមានលំហូរចូលនៃអ្នកវិនិយោគិនបរទេសជាច្រើនឲ្យចាប់ផ្តើមមកដាក់ទីនៅក្នុងប្រទេសវៀតណាម។

 

ពីដំបូង គោលនយោបាយនេះហាក់ដូចជាមានបញ្ហារកាំរកូសមួយចំនួនដែរ ដោយសារតែក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋនៅតែមានការលើកទឹកចិត្ត និងស្វាគមន៍ដិតដល់ជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយឯកជន។ ជាមួយនោះផងដែរបញ្ញាអតិផរណាបានកើនឡើងរហូតដល់ទៅ៧០០% ដោយសារតែការទម្លាក់តម្លៃរូបិយបណ្ណដុង ដើម្បីទាក់ទាញអ្នកវិនិយោគ។ ស្រពពេលជាមួយគ្នានោះ វិស័យកសិកម្មវៀតណាមក៏បានធ្លាក់ចុះ យ៉ាងគំហុក ព្រោះតែអវត្តមាននៃការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់រដ្ឋាភិបាល។

 

ប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីការដាក់ឱ្យអនុវត្តនូវគោលនយោបាយនេះ ប្រទេសវៀតណាម បានជួបប្រទះបញ្ហាឈឺក្បាលជាច្រើន។ ប៉ុន្តែក្តីសង្ឈឹមនៃកំណែទម្រង់ចាប់ផ្តើមលិច ចេញមកបន្តិចម្តងៗវិញ ពោលគឺក្នុងកំឡុងដើមទស្សវត្សទី៩០ សេដ្ឋកិច្ចរបស់វៀតណាមចាប់ផ្តើមងាកទៅរកភាពវិជ្ជមាន ដោយពេលនោះអត្រាអតិផរណាក៏ធ្លាក់ មកត្រឹមកម្រិតទាបមិនជាការបារម្ភផងដែរ។

 

Source: event turkiye

 

ការផ្តល់កម្មសិទ្ធិដីធ្លី និងការជួលជាកម្មសិទ្ធិរយៈពេលយូរឱ្យទៅកាន់ប្រជាជនខ្លួនបាន អនុញ្ញាតឱ្យប្រជាជនវៀតណាមមានសិទ្ធិសម្រេចច្រើនជាងមុនទៅលើអចលនទ្រព្យ និងតម្លៃផលិតផល របស់ខ្លួន។ អនុវត្តមាននៃការរឹតបន្តឹងតម្លៃរបស់រដ្ឋបានលើកទឺកចិត្ត​ឱ្យប្រជាជន វៀតណាមកាន់តែមានកម្លាំងចិត្តក្នុងការជម្រុយទៅដល់ផលិតកម្មរបស់ខ្លួន ធ្វើឱ្យ ផលិតផលកសិកម្មសរុបវៀតណាមកើនឡើងដល់ទៅ៥០%។

 

មកទល់ពេលនេះ កន្លងអស់រយះពេលជាង៣ទស្សវត្សមកហើយ សេដ្ឋកិច្ចវៀតណាម នៅតែបន្តឈរនៅតារាងជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់បំផុត ពោលគឺជាមធ្យម ៧%ក្នុងមួយឆ្នាំ។ ក្នុងនោះផងដែរ​ គេក៏មានឃើញការរីកសុះសាយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតាំងទីរោងចក្រឧស្សាហកម្ម និងការវិនិយោគផ្នែកសេវាកម្ម និងផលិតកម្មជាច្រើនដោយអ្នកវិនិយោគក្នុងស្រុក និងបរទេស។

 

ប្រទេសដែលជាផ្ទះរបស់ប្រជាជនជិត១០០លាននាក់នេះ កំពុងតែក្លាយជាប្រទេសមួយ ដែលគួរអោយចាប់អារម្មណ៍ ព្រោះតែប្រវត្តិនៃការអភិវឌ្ឍតស៊ូមួយនេះ។ ថ្វីត្បិតតែ ពេលនេះ វៀតណាមនៅស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ ប៉ុន្តែអ្នកសេដ្ឋវិទូជា ច្រើនមានក្តីសង្ឃឹមយ៉ាងមុតមាំថាប្រទេសនេះនឹងអាចអភិវឌ្ឍទៅមុខបានយ៉ាងលឿន ប្រសិនជាខ្លួននៅតែរក្សាជំហអភិវឌ្ឍន៍របៀបនេះ៕

X
5s