ការស្ទង់មតិ៖ អាស៊ីអាគ្នេយ៍មានការព្រួយបារម្ភពីគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន​



យោងតាមការវាស់ស្ទង់មតិមួយ បានអោយដឹងថាប្រទេសសមាជិកអាស៊ានទាំង ១០ កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះមហិច្ចតារបស់ប្រទេសចិនដែលកំពុងតែពង្រីកអំណាចសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួនតាមរយៈមហាគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)របស់ខ្លួន។​

ការវាស់ស្ទង់មតិមួយដែលបានចេញផ្សាយដោយវិទ្យាស្ថាន ISEAS-Yusof Ishak Institute ដែលមានទីតាំងនៅសិង្ហបុរី ដែលបានធ្វើការសិក្សាលើអ្នកចូលរួម ១០០៨នាក់ពីប្រទេសទាំង១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) ដោយអ្នកចូលរួមទាំងនោះរួមមានទាំងមនុស្សក្នុងរដ្ឋាភិបាល អ្នកសិក្សា និងសមាគមជំនួញ សង្គមស៊ីវីល និង​ប្រព័ន្ធផ្សព្វផ្សាយជាដើម។

អ្នកចូលរួមចំនួន ៧៣% ​បានមើលឃើញថាប្រទេសចិនជាប្រទេសដែលបានអំណាច ឥទ្ធិពលសេដ្ឋកិច្ចខ្លាំងក្លាជាងគេនៅក្នុងតំបន់អាស៊ាន ហើយត្រូវគេជឿថាជាប្រទេសដែលមានអំណាចនយោបាយនិងយុទ្ធសាស្រ្តខ្លាំងជាងអាមេរិកទៅទៀត។

បន្ថែមពីនេះ មានមតិមួយចំនួនបានលើកឡើងថាប្រទេសចិនគឺចង់ក្ដោបក្ដាប់ប្រទេសមួយចំនួនធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អោយដើរក្រោមឥទ្ធិពលរបស់ខ្លួន ហើយមានមតិមួយចំនួនទៀតគិតថា ចិនមានមហិចតាក្ដោបក្ដាប់ពិភពលោកទាំងមូលទៀតផង។

ហេតុនេះហើយបានជាមានប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសភីលីពីន និងប្រទេសថៃមានការព្រួយបារម្មណ៍យ៉ាងខ្លាំងហើយដាស់តឿនរដ្ធាភិបាលរបស់ប្រទេសខ្លួនឲ្យមានការប្រុងប្រយ័ត្នជាខ្លាំងក្នុងការសម្រេចចចិត្តសហការជាមួយគម្រោងរបស់ចិន បើទោះបីប្រទេសនេះតែងតែអះអាងថាខ្លួនចង់រក្សាសន្ដិសុខ​ សន្តិភាពក៏ដោយ។

៧០%នៃអ្នកចូលរួមទាំងនោះបាននិយាយថា រដ្ឋាភិបាលគួរតែមានការប្រុងប្រយ័ត្នក្នុងការចរចារលើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ មួយនេះ និងជៀសវាងការធ្លាក់ក្នុងបំណុលហិរញ្ញវត្ថុជាមួយប្រទេសចិន។

ជិតពាក់កណ្ដាលនៃអ្នកចូលរួម បានបញ្ចេញមតិថាគោលនយោបាយរបស់លោក ប្រធានាធិតីចិនលោក ស៊ី ជិងពីង នឹងធ្វើឲ្យអាស៊ានទាំងមូលធ្លាក់ចូលទៅក្នុងឥទ្ធិពលរបស់ចិន ខណៈដែល១ភាគ៣នៃអ្នកទាំងនោះនិយាយថា គម្រោងរបស់ចិនមួយនេះខ្លះតម្លាភាព និង១៦%ទៀតទស្សទាយថាគម្រោងយក្សនេះអាចនឹងបរាជ័យ។

ក្រៅពីរឿងបញ្ហារបស់គម្រងមហាសេដ្ធកិច្ចរបស់ប្រទេសចិន សមាជិកអាស៊ាន ៦ ប្រទេសក្នុងចំណោម ១០ ប្រទេសនោះមានការយល់ឃើញថាឥទ្ធិពលរបស់ប្រទេសអាមេរិកកំពុងមានការធ្លាក់ចុះក្នុងតំបន់នេះនិងតំបន់ផ្សេងៗជុំវិញពិភពលោក។ អ្នកចូលរួម១ភាគ៣និយាយថា គេអស់ទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់តែជាដៃគូសេដ្ធកិច្ច និងជាអ្នកដែលធ្លាប់តែផ្ដល់ខ្នងបង្អែកចំពោះរឿងនយោបាយ។

ក្រៅពីយោបល់របស់ប្រទេសសមាជិកអាស៊ាននេះ ក៏មានប្រទេសមួយចំនួននៅប៉ែកអ៊ឺរ៉ុបដែលបានបញ្ចេញមតិនិងចោទប្រកាន់ប្រទេសចិនថាប្រទេសចិនកំពុងព្យាយាមអូសទាញប្រទេសផ្សេងៗអោយធ្លាក់ក្នុងបំណុលសេដ្ធកិច្ចតាមរយៈគម្រោងមួយនេះ ប៉ុន្តែប្រទេសចិនបានធ្វើការបដិសេធលើការចោទប្រកាន់នេះ៕

ដោយ៖ នឿន វណ្ណៈ

X
5s