វិនិយោគិនហុងកុង ងាកមកវិនិយោគលើគម្រោងបុរីជាលើកដំបូង​



វិនិយោគិនអចលនទ្រព្យហុងកុង បានងាកមកវិនិយោគលើគម្រោងបុរីផ្ទះល្វែង ជាលើកដំបូង តាមបណ្ដោយផ្លូវវេងស្រេង ខណៈទីផ្សារខុនដូកំពុងមានសន្ទុះខ្លាំង។ ស្របពេលដែរទីផ្សារខុនដូ កំពុងមានកំណើនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអចលនទ្រព្យហុងកុង Penta Global Limited បានងាកមកវិនិយោគលើគម្រោងបុរីផ្ទះល្វែង ដោយរំពឹងទទួលបានចំណែកទីផ្សារខ្ពស់ពីអតិថិជនចិន និងក្នុងស្រុក។ លោក Nixon Lee នាយកក្រុមហ៊ុន Penta Global Ltd បានបញ្ជាក់ក្នុងពិធីសម្ពោធជាផ្លូវការបុរីសូឡី ៨៨ នាថ្ងៃទី១១ ខែកុម្ភៈនេះ ថា Penta Global Limited “Penta” គឺជាក្រុមហ៊ុន អភិវឌ្ឍអន្តរជាតិ ដែលមាន ទីតាំងនៅទីក្រុងហុងកុង ដែលបានបើកដំណើរការ ដោយស្ថាបនិក៦រូប ដែលមាន បទពិសោធន៍ខ្ពស់ ក្នុងវិស័យអចលនទ្រព្យ នៅទីក្រុងហុងកុង សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់។ នៅក្នុងឆ្នាំថ្មីនេះ Penta នឹងផ្តោតទៅលើ ប្រទេសដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយប្រទេសកម្ពុជា គឺជាជំហានដំបូង នៅក្នុងគម្រោងរបស់ Penta។ Penta បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមអភិវឌ្ឍគោលនយោបាយ និងសេដ្ឋកិច្ច ការបើក ទូលាយខាងលំហូរូបិយប័ណ្ណបរទេស និងតម្រូវការគេហដ្ឋានខ្ពស់ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកបន្តថា ហើយការងាកមកវិនិយោគ លើគម្រោងបុរីនេះ ព្រោះក្រុមហ៊ុន ចង់ទាញយកចំណែកទីផ្សារពីអតិថិជនចិន និងកម្ពុជា ដែលចង់វិនិយោគ ឬចង់បានលំនៅដ្ឋានស្នាក់នៅ ដែលមានគុណភាព បរិយាកាសល្អ អាចងាកមក ចាប់អារម្មណ៍លើគម្រោងនេះ ស្របពេលដែរលោកគិតថាទីផ្សារខុនដូ ហាក់ចង្អៀតសម្រាប់ការវិនិយោគ។ លោក Sunny Yung អ្នករៀបចំគម្រោងនេះ បានបញ្ជាក់ថា បុរីSoleil 88 គឺត្រូវបានអភិវឌ្ឍឡើង ជាប្រភេទផ្ទះបែបទីក្រុងចំនួន៨៨ផ្ទះ ក្នុងគម្រោងអភិវឌ្ឍនេះ ក៏មានរៀបចំអោយមានជាសួនច្បារ ហេដ្ឋាចនាសម្ព័ន្ធល្អ និងការការពារសុវត្ថិខ្ពស់ សម្រាប់ការស្នាក់នៅ។ លោកបន្តថា យើងមានផ្ទះចំនួន២ប្រភេទ គឺផ្ទះដែលមានកម្ពស់៣ជាន់ និងផ្ទះដែលមានកម្ពស់៤ជាន់ ដោយផ្នែកខាងក្នុងផ្ទះ បានបែងចែកអោយមានជាជាន់ឡៅតឿ មានលក្ខណៈធំទូលាយ ជាមួយនឹងការបែងចែកបន្ទប់ អោយមានភាពស្រឡះ និងខ្ពស់ៗ ងាយស្រួលក្នុងការស្នាក់នៅ និងធ្វើពាណិជ្ជកម្មផងដែរ។ គួរបញ្ជាក់ថា គម្រោងបុរី Soleil 88នេះ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសាងសង់ និងវិនិយោគដោយក្រុមហ៊ុនហុងកុង ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕ អត្ថបទ៖ YaYa
X
5s