ហេតុផលអ្វីធ្វើឲ្យប្រជាជនអាមេរិកជាច្រើននាក់កំពុងវិចបង្វិចសម្រុកចូលមកតំបន់អាស៊ី?​



វាជាការគួរឲ្យស្ញើចសរសើរណាស់ ដែលខ្សែភាពយន្ត បទចម្រៀង និងម្ហូបដ៍ឈ្ងុយឆ្ងាញ់របស់អាស៊ីបានទាក់ទាញចំណាប់អារម្មណ៍ជនជាតិអាមេរិកជាច្រើននាក់។ ប៉ុន្តែអ្វីដែលអស្ចារ្យលើសពីនេះទៅទៀតនោះ គឺប្រជាជនអាមេរិករាប់លាននាក់នាំគ្នាវិចបង្វិចសម្រុកចូលមកក្នុងតំបន់អាស៊ី។ អ្នកខ្លះមករៀនសូត្រ អ្នកខ្លះទៀតមកលំហែរកាយនៅតាមតំបន់អាស៊ី ហើយមួយចំនួនទៀតមកធ្វើការ ឯមួយភាគទៀតមកធ្វើការស្នាក់នៅជាអចិន្ត្រៃយ៍តែម្ដង។ នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ភ្នែកតែម្ដងថាបច្ចុប្បន្ននេះ គឺកំពុងតែមានសន្ទុះអាស៊ីនីយកម្មយ៉ាងខ្លាំងដែលជាតិសាសន៍ក្រៅអាស៊ីជាច្រើននាក់នាំគ្នាសម្រុកចូលមករស់នៅនិងសម្របតាមវប្បធម៌និងអរិយធម៌របស់អាស៊ី។ ផ្ទុយពីមុនដែលធ្លាប់តែឃើញប្រជាជនអាស៊ីរាប់លាននាក់នាំគ្នាសម្របខ្លួនតាមរបៀបរបបរស់នៅរបស់អាមេរិក គឺឥឡូវប្រជាជនអាមរិករាប់លាននាក់នាំគ្នាសម្របខ្លួនតាមរបៀបរបបរស់នៅរបស់អាស៊ីវិញម្ដង។ តែអ្នកមានឆ្ងល់ទេថា តើឥទ្ធិពលអ្វីទៅដែលជំរុញឲ្យប្រជាជនអាមេរិករាប់លាននាក់នាំគ្នាសម្រុកចូលមកតំបន់អាស៊ីយ៉ាងកុះករបែបនេះ? ហេតុផលទីមួយ៖ តំបន់អាស៊ីមានពន្ធដារទាប គ្មានអ្វីដែលគួរឲ្យភា្ញក់ផ្អើលទេ គឺតំបន់អាស៊ីជាតំបន់ដែលមានពន្ធដារទាបបំផុតជាងតំបន់ផ្សេងៗទៀតលើពិភពលោក។ ទោះបីជាមានប្រទេសមួយចំនួនមានសេដ្ធកិច្ចខ្ពស់ក៍ដោយរួមមាន ប្រទេសចិន ជប៉ុន និងឥណ្ឌា ប៉ុន្តែអាត្រាបង់ពន្ធគឺត្រឹមតែមួយភាគប្រាំនៃទន្នន័យផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែលទាបមែនទែនបើប្រៀបធៀបជាមួយអាត្រាពន្ធមួយភាគពីរ GDP នៅក្នុងតំបន់អ៊ឺរ៉ុប។ ហេតុនេះហើយបានជាមានអ្នកវិនិយោគិនជោគជ័យជាច្រើនរូបរួមមានលោក Jim Rogers និងដៃគូស្ថាបនិកក្រុមហ៊ុន Facebook លោក Eduardo Saverin និងអ្នកវិនិយោគិនជាច្រើនរូបទៀតនាំគ្នាមិនវិនិយោគនៅសហរដ្ធអាមេរិក តែបែជានាំគ្នាលើកទ័ពមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចលូតលាស់ក្នុងអាស៊ីដូចជាប្រទេសសិង្ហបុរីជាដើម។ ហេតុផលទីពីរ៖ សន្ទុះនៃការកើនឡើងចំនួនអ្នកនិយាយភាសាចិន ក្នុងទសវត្សនេះគឺមានការសង្កេតឃើញថា កំណើននៃការរៀនភាសាចិនក្នុងសហរដ្ធអាមេរិកមានសន្ទុះយ៉ាងខ្ពស់។ ជាពិសេសនោះមានសាលាបង្រៀនភាសាចិន Mandarin ជាច្រើននៅសហរដ្ឋអាមេរិកដែលបង្រៀននិស្សិតអាមេរិកជាង ៤០០ ០០០ នាក់ជាង។ ហើយប្រជាជនអាមេរិកមួយចំនួនធំនៅក្នុងប្រទេសចិនគឺមានការងារធ្វើជាអ្នកសម្ដែងរឿង ម៉ូដែល និងមួយចំនួនធំទៀតធ្វើជាគ្រូបង្រៀនអង់គ្លេសទៅនិស្សិតចិនជាង ៤០០ លាននាក់។ ហេតុផលទីបី៖ នៅអាស៊ីមានសកលវិទ្យាល័យស្តង់ដារអាមេរិកនិងអង់គ្លេសជាច្រើនដែលមានតម្លៃសិក្សាទាប ការសិក្សានៅតាមសកលវិទ្យាល័យនៅអាមេរិកគឺមានតម្លៃខ្ពស់កប់ពពកហើយនិស្សិតអាមេរិកមួយចំនួនធំតែងតែបញ្ចប់ការសិក្សាដោយជាប់បំណុលដែលគេបានខ្ចីសាលាឬលុយរបស់រដ្ឋាភិបាលមកសិក្សា។ ម្យ៉ាងវិញទៀត ពួកគេមិនអាចរកលុយបានគ្រប់គ្រាន់មកជួយសម្រួលដល់ការបង់ថ្លៃការសិក្សារបស់ពួកគេបានទេ ដោយសារតែការងារនៅទីនោះនៅតែផ្ដល់ប្រាក់បៀរវត្សទាបដល់ពួកគេ។ ប៉ុន្តែដោយសារតែនៅតំបន់អាស៊ីមានសកលវិទ្យាល័យអាមេរិកនិងអង់គ្លេសមួយចំនួនដែលមានស្តង់ដារដូចអាមេរិកនិងអង់គ្លេស និងមានតម្លៃសមរម្យមិនថ្លៃ ទើបបានជានិស្សិតអាមេរិកមួយចំនួនធំសម្រេចចិត្តមកធ្វើការសិក្សានៅសកលវិទ្យាល័យទាំងអស់នោះនៅក្នុងបណ្ដាប្រទេសអាស៊ី មានដូចជា សកលវិទ្យាល័យ NYU នៅ Abu Dhabi និងសកលវិទ្យាល័យ Yale នៅប្រទេសសិង្ហបុរី និងសកលវិទ្យាល័យ Georgetown នៅទីក្រុងប៉េកាំង ជាដើម។ ហេតុផលទីបួន៖ អាស៊ីគឺសម្បូរទៅដោយកន្លែងទេសចរណ៍ តំបន់អាស៊ីគឺជាតំបន់ប្រជុំទៅដោយកន្លែងទេសចរណ៍ស្រស់ត្រកាលប្រកបទៅដោយសុវត្ថិភាព។ ជាមួយនឹងអាកាសធាតុដ៍គួរអោយទាក់ទាញ តម្លៃម្ហូបអាហារសមរម្យ និងបរិយាកាសដ៍ល្អប្រពៃ គឺកន្លែងទេសចរណ៍មួយចំនួននៅក្នុងបណ្ដាទីក្រុងល្បីមួយចំនួនដូចជា តូក្យូ  សិង្ហបុរី និងស៊ីដនី គឺកំពុងតែប្រជុំជើងដោយភ្ញៀវទេសចរជាច្រើនមកពីអាមេរិក។ ហើយទីក្រុងមួយចំនួនទៀតដែលជាគោលដៅទេសចរណ៍របស់ពួកគេគឺមានដូចជា ទីក្រុងហូជីមីញ យ៉ាងកូន បាងកក និងចាកាតា។ មិនត្រឹមតែប៉ុណ្ណោះទេ មួយភាគធំនៃតំបន់អាស៊ីគឺមិនចាំបាច់ត្រូវការទិដ្ឋាការក្នុងការធ្វើដំណើរឆ្លងប្រទេសហើយប្រទេសមួយចំនួនមានសេវាកម្មយ៉ាងល្អក្នុងការទទួលស្វាគមន៍ភ្ញៀវបរទេសរួមជាមួយនឹងកន្លែងស្នាក់នៅដែលមានបរិយាកាសគួរឲ្យទាក់ទាញ។ ហើយពួកគេអាចធ្វើការផ្លាស់ប្ដូរទិសដៅដំណើរកំសាន្តពីប្រទេសមួយទៅប្រទេសមួយបានតាមសេរី។ ហេតុផលទីប្រាំ៖ គ្មានវត្តមានរបស់លោកដូណលត្រាំនិងកិច្ចព្រមព្រៀង Brexit អាស៊ីគឺជាតំបន់ជាតិនិយមនិងមានភាពមុះមុតយ៉ាងខ្លាំងក្នុងការប្រកួតប្រជែង។ ជាពិសេសនោះគឺគ្មានវត្តមានរបស់លោកដូណលត្រាំនិងកិច្ចព្រមព្រៀង Brexit ដែលបានយាយីដល់សន្តិភាពនិងសេដ្ឋកិច្ចរបស់ពួកគេ។ ប៉ុន្តែចំពោះតំបន់អាស៊ីគឺកំពុងតែមានកំណើនសេដ្ឋកិច្ចដែលមានការវាយលុកទីផ្សារពិភពលោកជាខ្លាំង។ ម្យ៉ាងទៀតគឺតំបន់នេះមានពាណិជ្ជកម្មសេរីនិងពោពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធដែលមានអំណោយផលដល់អាជីវកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ៕ ដោយ៖ នឿន វណ្ណៈ
X
5s