ពីឡុតកំពុងត្រូវប៉ាន់ ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបង្ខំចិត្តកាត់បន្ថយជើងដឹកជញ្ជូនរបស់ខ្លួន​



ការផ្ទុះឡើងនៃកំណើនអ្នកធ្វើដំណើរកម្សាន្តតាមយន្តហោះ និងចំនួនអ្នកធ្វើដំណើរលើកតាមផ្លូវអាកាសលើកដំបូងរាប់លាននាក់ថែមទៀតនោះ  ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តសាស្រ្តអាស៊ី ធ្វើឲ្យកង្វះខាតអ្នកបើកយន្តហោះ (ពីឡុត)កំពុងតែជាកត្តាគំរាមកំហែង ទៅដល់តម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។ ក្រុមហ៊ុន Bamboo Airways Co. ក្នុងប្រទេសវៀតណាមដែលជាក្រុមហ៊ុនដឹកអ្នកដំណើរដែលបានដំណើរការរបស់ខ្លួនក្នុងដើមឆ្នាំនេះត្រូវជួយនឹងហានិភ័យមួយនេះផងដែរ។ បើគិតតែក្នុងតំបន់អាស៊ានតែមួយ ក្រុមហ៊ុនដឹកអ្នកជញ្ជូនផ្លូវអាកាសតម្លៃទាប គិតសរុបមានយន្តហោះ ១៤០០ គ្រឿងក្នុងការកុម្មង់ បើធៀបនឹងក្រុមហ៊ុនដឹកជញ្ជូនបែប full service ដែលមានចំនួន ៤០០ នេះបើយោងតាមទិន្នន័យរបស់ CAPA Center for Aviation។ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសជាច្រើនកំពុងតែជួបបញ្ហាកង្វះពីឡុត ខណៈពេលជាមួយគ្នាក៏កំពុងជួបនឹងកង្វះអ្នកធ្វើការលើយន្តហោះដែលមានជំនាញថែមទៀតផង។ ចរាចរណ៍ផ្លូវអាកាសទូទាំងពិភពលោកនឹងមានសន្ទុះការកើនឡើងទ្វេរដងក្នុងរយៈពេល ២ទស្សវត្សខាងមុខ ដោយមានការកើនឡើងខ្លាំងបំផុតគឺក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានអ្នកដំណើរប្រហែល ៤ពាន់លាននាក់ នេះបើយោតាម សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association)។ ក្រុមហ៊ុន Boeing Co. បានធ្វើការព្យាករណ៍ថាតំបន់មួយនេះត្រូវការចំនួនយន្តហោះប្រមាណ ១៦ ៩៣០គ្រឿង និងត្រូវការពីឡុតប្រមាណ ២៦១ ០០០នាក់ ក្នុងឆ្នាំ ២០៣៧។ នេះមានន័យថាចំនួនពីឡុតនឹងមានតម្រូវការកើនឡើងទ្វេរដង។ ក្រុមហ៊ុន IndiGo ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅអាស៊ី  បានសម្រេចចិត្តបោះបង់ជើងហោះហើររបស់ខ្លួនជាច្រើនរៀងរាល់ថ្ងៃកាលពីខែមុន ដោយសារតែពីឡុតមានភាពមមាញឹកខ្លាំងពេកលើតារាងពេលវេលាហោះហើររបស់ពួកគេ។ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសរបស់តៃវ៉ាន់ China Airlines Ltd. បានព្យាយាមបញ្ចៀសបញ្ហាមួយនេះតាមរយៈការបង្កើនស្ថានភាពការងារឲ្យល្អប្រសើរជាងមុន ដោយចំណាយប្រមាណ ៤ លានដុល្លារអាមេរិកប្រចាំឆ្នាំបន្ទាប់មានការប្រឆាំងពីអ្នកបើកបរយន្តហោះរយៈពេល៧ថ្ងៃជាប់គ្នា។ មិនត្រឹមតែក្រុមហ៊ុនក្នុងអាស៊ីប៉ុណ្ណោះទេដែលកំពុងជួបបញ្ហានេះ ក្រុមហ៊ុនជាច្រើនមានដូចជា Emirates ដែលជាក្រុមហ៊ុអាកាសចរណ៍ធំ បានប្រកាសកាលពីខែមេសាថា បញ្ហាកង្វះពីឡុត ធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនបង្ខំចិត្តកាត់បន្ថយជើងហោះហើររបស់ខ្លួនមិនតិចទេ។ លោក Dang Tat Thang នាយកប្រតិបត្តិក្រុមហ៊ុន Bamboo Airways បានមានប្រសាសន៍ថា ដោយសារតែដំណាក់កាលបណ្ដុះបណ្ដាលពីឡុតទាមទារពេលវេលាយូរ ទើបធ្វើឲ្យមិនអាចបំពេញតម្រូវការផ្គត់ផ្គង់ដែលមានការកើនឡើងយ៉ាងលឿននេះបាន។ ដើម្បីបញ្ជៀសបញ្ហាកង្វះខាតមមួយនេះ ក្រុមហ៊ុនមួយចំនួនបានបង្កើតសាលាដោយខ្លួនឯងដើម្បីបណ្ដុះបណ្ដាលពីឡុតរបស់ខ្លួន។ ក្រុមហ៊ុន Jeju Air Co., ដែលជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសរបស់កូរ៉េខាងត្បូង ក្រុមហ៊ុន AirAsia Group Bhd, ក្រុមហ៊ុន IndoGo និង ក្រុមហ៊ុន Lion Air របស់ប្រទេសឥណ្ឌូនេស៊ី ជាឧទាហរណ៍។ ក្នុងពេលជាមួយគ្នានេះ ជើងហោះហើរជាច្រើននឹងត្រូវពង្រីកបន្ថែមយ៉ាងឆាប់រហ័ស។ ជាឧទាហរណ៍ ក្រុមហ៊ុន IndiGo គ្រោងនឹងបន្ថែមយន្តហោះចំនួន ៤០គ្រឿងបន្ថែមទៀតនៅចុងខែមិនា ឆ្នាំ ២០២០ បន្ទាប់ពីបានបន្ថែម ៦២គ្រឿងក្នុងឆ្នាំនេះ បើយោងតាម CAPA។ ក្រុមហ៊ុន AirAsia មានយន្តហោះ single-aisle planes ចំនួន ៣៧៥ គ្រឿង និងក្រុមហ៊ុន VietJet មានប្រមាណ ២១៦គ្រឿង នេះបើយោងតាមទិន្នន័យពី គេហទំព័រ Airbus SE and Boeing។ លោក Peter Harbison បានលើកជាដំណោះស្រាយមួយថា យន្តហោះដែលដឹនជញ្ចូនអ្នកដំណើរក្នុងចម្ងាយជិតៗអាចប្រើប្រាស់ពីឡុតតែម្នាក់ក៏បានដោយមិនចាំបាច់ប្រើប្រាស់ពីឡុតពីរនាក់ ប៉ុន្តែការលើកឡើងរបស់លោក ត្រូវបានសមាគមពីឡុតធ្វើការជំទាស់យ៉ាងខ្លាំង។ ជាការមើលឃើញ បញ្ហាកង្វះពីឡុតនេះគឺជាអាចជាឱកាសម្រាប់អ្នកដែលមានបំណងចង់រៀនធ្វើជាអ្នកបើកបរយន្តហោះផងដែរ ពីព្រោះមុខជំនាញមួយនេះកំពុងត្រូវប៉ាន់ខ្លាំង និងអាចត្រូវប៉ាន់ច្រើនក្នុងថ្ងៃអនាគត៕ ដោយ៖ លង់ វណ្ណៈ ប្រភព៖ www.bloomberg.com
X
5s