សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ​នាំមកនូវផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះ?​



បច្ចុប្បន្នអាមេរិកនិងប្រទេសចិនដែលសុទ្ធតែជាប្រទេសមហាសេដ្ឋកិច្ចលំដាប់ពិភពលោក កំពុងតែបន្តឹងសរសៃកដាក់គ្នាដោយសារតែរឿងជម្លោះពាណិជ្ជកម្ម។ ហើយភាគីទាំងសងខាងសុទ្ធតែចង់យកឈ្នះលើសង្គ្រាមពាណិជ្ជកម្មដ៏ក្ដៅគគុកនេះ។ ប៉ុន្តែការចរចារនៃវិបត្តិពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះគឺមិនទាន់ឈានដល់ការស្វែងរកដំណោះស្រាយជាផ្លូវការទេ។ តែអ្វីដែលអ្នកគ្រប់គ្នាគួរតែយកចិត្តទុកដាក់ក្នុងប្រធានបទបញ្ហានេះគឺថា តើសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះបាននាំមកនូវផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះដល់ប្រទេសទាំងពីរ រួមទាំងប្រទេសដ៍ទៃផងដែរ? ផលវិជ្ជមាន៖ ចំពោះសហរដ្ឋអាមេរិក៖ បើសិនជាប្រទេសអាមេរិកសម្រេចចិត្តតម្លើងពន្ធនាំចូលជាង ២៥ ភាគរយនៃផលិតផលនាំចូលរបស់ប្រទេសចិនដែលសរុបជាទឹកប្រាក់គឺជាង ២៦៧ ពាន់លានដុល្លារនោះ នឹងអាចនាំឲ្យមានការប្រែប្រួលក្នុងសេដ្ឋកិច្ចរបស់គេ។ ការតម្លើងពន្ធនេះគឺនឹងធ្វើឲ្យផលិតផលក្នុងស្រុករបស់សហរដ្ឋអាមេរិកមានតម្លៃថោកជាងផលិតផលនាំចូលរបស់ប្រទេសចិន។ ដូចនេះការដែលធ្វើបែបនេះគឺនឹងជម្រុញអោយប្រជាជនអាមេរិកឲ្យទិញនិងប្រើប្រាស់ផលិតផលរបស់ខ្លួនច្រើនជាងផលិតផលប្រទេសចិន។ ចំពោះប្រទេសចិន៖ មិនខុសគ្នាទៅនឹងប្រទេសអាមេរិកទេ បើសិនជាប្រទេសចិនសម្រេចចិត្តតម្លើងពន្ធលើផលិតផលនាំចូលរបស់អាមេរិកនោះ គឺផផលិតផលរបស់អាមេរិកនឹងមានតម្លៃខ្ពស់ជាងមុន។ ហេតុនេះហើយប្រជាជនចិននឹងប្រើប្រាស់ហើយទិញផលិតផលក្នុងស្រុករបស់ខ្លួនច្រើនជាងផលិតផលអាមេរិក។ ចំពោះប្រទេសដ៏ទៃ៖ ដោយសារតែប្រទេសចិនជាដៃគូនាំចេញដ៍ធំរបស់អាមេរិកហើយក៍ពឹងផ្អែកយ៉ាងខ្លាំងលើធនធាននាំចូលរបស់អាមេរិកផងដែរ នោះប្រទេសចិននឹងអាចស្វែងរកប្រទេសមួយចំនួនផ្សេងដែលអាចផ្គត់ផ្គង់ធនធានមួយចំនួនធំដល់សេដ្ឋកិច្ចរបស់ខ្លួន។ ដូចនេះហើយប្រទេសអាស៊ីមួយចំនួន ជាពិសេសប្រទេសអាស៊ានគឺនឹងមានឱកាសធំក្នុងការចាប់យកដៃគូអាជីវកម្មខ្នាតធំជាមួយប្រទេសចិនក្នុងពេលខាងមុខ។ ផលអវិជ្ជមាន៖ ចំពោះសហរដ្ឋអាមេរិក៖ ក្រុមហ៊ុនមួយចំនួនធំដែលពឹងផ្អែកលើកម្លាំងពលករនៅក្នុងប្រទេសចិន ជាពិសេសក្រុមហ៊ុនអេឡិចត្រូនិចយក្យ Apple នឹងត្រូវសម្រេចចិត្តស្វះស្វែងរកទ្រនំថ្មីដែលអាចជួយអោយក្រុមហ៊ុនរបស់គេបន្តដំណើរការបានប្រក្រតី។ ហើយជាពិសេសនោះគឺប្រទេសអាមេរិកនឹងបាត់បង់អតិថិជនមួយភាគធំដែលជាប្រជាជនចិនព្រោះក្រុមហ៊ុនមួយចំនួនទៀតដូចជា Starbuck និង Caterpillar និងក្រុមហ៊ុនផលិតគ្រឿងចក្រយាន្តយន្តដូចក្រុមហ៊ុន Ford និងត្រូវបាត់បង់ទីផ្សារ។ កត្តានេះនឹងធ្វើអោយ GDP របស់អាមេរិកធ្លាក់មួយទំហឹងតែម្ដង។ ចំពោះចិន៖ វាសនារបស់ប្រទេសចិនក៍ដើរមិនខុសពីសហរដ្ឋអាមេរិកទេ។ GDP របស់ប្រទេសនេះគឺនឹងត្រូវរលំចុះមកក្រោមផងដែរ ដោយសារតែគេបាត់បង់ដៃគូអាជីវកម្មយ៉់ាងធំរបស់ខ្លួនគឺអាមេរិក។ ការតម្លើងពន្ធនាំចូលរវាងប្រទេសទាំងពីរនេះគឺនឹងប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ ដូចនេះប្រទេសចិនមានតែស្វែងរកដៃគូថ្មីនៅតាមតំបន់អាស៊ីនិងប៉ែកអ៊ឺរ៉ុប។ ចំពោះប្រទេសដទៃ៖ ប្រទេសមួយចំនួនដែលធ្លាប់តែជាដៃគូរបស់ប្រទេសចិនក្នុងការផ្គត់ផ្គង់សម្ភារៈនិងធនធានមួយចំនួនដល់ការនាំចេញរបស់ប្រទេសចិនទៅប្រទេសអាមេរិកគឺអាចនឹងរងផលប៉ះពាល់ដល់ GDP របស់់ពួកគេផងដែរមានដូចជាប្រទេសតៃវ៉ាន់ ថៃ សិង្ហបុរី និងកូរ៉េខាងត្បូង។ ជាពិសេសនោះ ក្នុងពេលខាងមុខគឺអាចនឹងមានការចែកបក្សពួករវាងប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់អាមេរិកនិងដៃគូពាណិជ្ជកម្មរបស់ប្រទេសចិនដោយសារតែសង្គ្រាមពាណិជ្ជកម្មនេះ៕ ដោយ៖ នឿន វណ្ណៈ
X
5s