ការដា្ឋនសាងសង់ព្រលានយន្តហោះសៀមរាបតម្លៃជាង ៩០០លានដុល្លារនឹងត្រូវដាក់សម្ពោធដោយសម្តេចតេជោនាពេលឆាប់ៗខាងមុខ​



កំណើននៃការអភិវឌ្ឍ ការវិនិយោគ និងភ្ញៀវទេសចរណ៍ដែលចូលមកកាន់ប្រទេសកម្ពុជាពោលគឺតំបន់ប្រវិត្តិសាស្ត្រអង្គរកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលការនេះបានតម្រូវឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីបម្រើឱ្យប្រជាជន អ្នកវិនិយោគក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកក្នុងខេត្តសៀមរាប។

ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលកំពុងតែទទួលអ្នកដំណើរមកពីគ្រប់ទិសទីក៏ត្រូវការការអភិវឌ្ឍ និងពង្រីកបន្ថែមផងដែរដើម្បីបង្កើននូវគុណភាព សេវាកម្មក៏ដូចជាវិសាលភាព ក្នុងការទទួលយកអ្នកដំណើរឱ្យបានកាន់តែច្រើន។

តួយ៉ាងនាពេលឆាប់ៗព្រលានយន្តហោះខេត្តសៀមរាបនឹងត្រូវដាក់សម្ពោធឱ្យបើកការដ្ឋានសាងសង់ជាផ្លូវការដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន (នេះបើតាមការបង្ហើបពីលោក ជា អូន អ្នកនាំពាក្យ និង​ជារដ្ឋាលេខាធិការនៃរដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​)។​

បច្ចុប្បន្ននេះគម្រោងសាងសង់ព្រលានយន្តហោះនៅឯទឹកដីអង្គរកំពុងតែស្ថិតក្រោមការរៀបចំផែនការ និងរៀបចំការដ្ឋាននៅឡើយខណៈដែលគម្រោងមួយនឹងត្រូវធ្វើឡើងក្រោមទឹកប្រាក់ប្រមាណ$៩០០លានដុល្លារអាមេរិក។

ព្រលានយន្តហោះនេះជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះខ្នាតធំៗចុះចតបាន។ ដូច្នេះ ការសាងសង់ព្រលានយន្តហោះនេះនឹងជួយបង្កើនលំហូរចូលនៃភ្ញៀវទេសចរណ៍ និងវិនិយោគមកពីក្រៅប្រទេសបានកាន់តែច្រើនជាងមុនទៀតពោលគឺអាចហោះមកកាន់ខេត្តសៀមរាបបានតែម្តង ដោយមិនចាំបាច់ចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសិននោះទេ។

នេះជាដំណឹងវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋដែលនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ព្រោះព្រលានយន្តហោះថ្មីនេះនឹងបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន និងឱ្យបង្កើនការងារ និងប្រាក់ចំនូលជាតិ និងប្រជាជនឱ្យកាន់តែច្រើនជាងមុនបន្ថែមទៀត៕

ដៃគូសហការ៖ realestate.com.kh

X
5s